ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​គូសបញ្ជាក់​ថា ប៉ូលិស​៧​នាក់​ស្លាប់ និង​៦​នាក់​ទៀត​រង​របួស ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម​មួយ​របស់​ពួក​ឧទ្ទាម​ឆ្វេងនិយម​នៅ​ស្រុក​ប៉ា​ឡា​មូ រដ្ឋ JHARKHAND ភាគ​កណ្តាល​ឥណ្ឌា កាលពី​យប់​ថ្ងៃ​ទី​២៧ មក​រា ។

ប៉ូលិស​ទាំងនេះ​ជាប់​ក្នុង​ការ​ពួនស្ទាក់​វាយប្រហារ​របស់​ពួក​ឧទ្ទាម​ឆ្វេងនិយម NAXALITE ដែល​ប្រើ​គ្រឿងផ្ទុះ​កែ​ច្នៃ​ពេល​ធ្វើ​ប្រតិបត្តិការ​ល្បាត​ក្នុង​តំបន់​ព្រៃ​នៃ​ស្រុក​នេះ ។ រថយន្ត​មួយ​គ្រឿងក្នុង​ក្បួន​រថយន្ត​ប៉ូលិស ត្រូវ​គ្រឿងផ្ទុះ​ពេល​មានការ​វាយប្រហារ​ក្នុង​តំបន់​មួយ​ដែល​មាន​សកម្មភាព​របស់​ពួក​ឧទ្ទាម ។ ប៉ូលិស​ជា​ច្រើន​នាក់​ទៀត​បាន​បាត់​ខ្លួន​ក្រោយ​ការ​វាយប្រហារ ។

ការ​វាយប្រហារ​កើត​មាន​ក្នុងភូមិ​កា​ស៊ី​យ៉ា ស្រុក​ប៉ា​ឡា​មូ ។ បណ្តា​អ្នក​របួស​ត្រូវ​បញ្ជូន​មក​កាន់​ទីក្រុង RANCHI រដ្ឋធានី​របស់​រដ្ឋ​នេះ ។ កងកម្លាំង​បន្ថែម​ត្រូវ​បាន​បញ្ជូន​ទៅ ។

យោង​តាម​ការ​វាយតម្លៃ​នានា​ថា ពួក​ឧទ្ទាម NAXALITE មាន​យុទ្ធ​ជន​ប្រមាណ​ជា​១០.០០០​នាក់ ហើយ​មាន​សកម្មភាព​ក្នុង​រដ្ឋ​ប្រមាណ​ជា​១០ នៅ​ភាគ​កណ្តាល និង​ភាគ​ខាងកើត​ឥណ្ឌា ពិសេស​ក្នុង​តំបន់​ជនបទ ដែល​ក្រីក្រ​បំផុត ៕