ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តក្រចេះ ៖ នគរបាល​អន្ត​ប្រវេសន៍​ខេត្ត​បានឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​កំពុង​តែ​ធ្វើ​នីតិវិធី ទៅ​លើ​ជនជាតិ​វៀតណាម​ស្រី​-​ប្រុស​ទាំង​ចំនួន​៣៧​នាក់ ដែល​បាន​លួច​ចូល​មក​រស់នៅ​ធ្វើ​ជា​កម្មករ​ខុសច្បាប់ នៅ​ក្នុង​ក្រុមហ៊ុន​ចម្ការ​អំពៅ​មួយ​របស់​ក្រុមហ៊ុន​ឥណ្ឌា ក្នុង ស្រុក​សំបូរ​។

ជនជាតិ​វៀតណាម​ប្រុស​-​ស្រី​-​ក្មេង​-​ចាស់​ចំនួន​៣៧​នាក់ ស្រី​១១​នាក់ ដែល​នគរបាល​បាន​កំណត់​ថា បាន​លួច​ចូល​មក​រស់នៅ​ដោយ​ខុសច្បាប់ គឺ​ត្រូវ​កម្លាំង​នគរបាល​អន្តោប្រវេសន៍ ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក​វរសេនីយ៍ឯក ព្រហ្ម ផានិត ស្នងការ​រង​អន្តោប្រវេសន៍​ចុះ​ឃាត់ខ្លួន នៅ​ក្នុង​ក្រុមហ៊ុន​ចម្ការ​អំពៅ​របស់​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​២៧ មក​រា ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​កក់ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ។

ក្រោយ​ការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ទាំង​ចំនួន​៣៧​នាក់ ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​ស្នងការដ្ឋាន ដើម្បី​រៀបចំ​បំពេញ​ឯកសារ​តាម​នីតិវិធី ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​នគរបាល​អន្តោប្រវេសន៍​ខេត្ត ។ ស្នងការ​រង​អន្តោប្រវេសន៍​លោក​វរសេនីយ៍ឯក ព្រហ្ម ផានិត បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ មក​រា នេះ​ថា ជនជាតិ​វៀតណាម​ទាំង​អស់នេះ បាន​លួច​ចូល​មក​ស្នាក់​នៅ​ក្នុង​ខេត្តក្រចេះ តាម​ច្រករបៀង​មួយ​ចំនួន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​បាន​បន្ត​មក​ធ្វើ​ជា​កម្មករ​ស៊ីឈ្នួល​កាប់​អំពៅ​ឱ្យទៅ​ក្រុមហ៊ុន​ឥណ្ឌា ក្នុងអំឡុងពេល​មួយ​ខែ​មុន​នេះ ។

ការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ដែល​បាន​មក​ស្នាក់​នៅ​ដោយ​ខុសច្បាប់​នៅ​ខេត្តក្រចេះ​នេះ ត្រូវ​គេ​មើលឃើញ​ថា ជា​ការ​ចុះ​ចាប់​ឃាត់​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ​របស់​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ខេត្ត​នៅ​ដើមឆ្នាំ​២០១៦ នេះ ។