ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានី​ភ្នំពេញ ៖ អ្នកបើកបរ​រថយន្ត​ដឹក​ឥដ្ឋ​សង្ស័យ​ងងុយដេក​មួយ​ភាំង​​បួង​ចង្កូត​គេច​រថយន្ត​ឆ្លងផ្លូវ​ងាក​ចង្កូត​ទៅ​ខាងស្តាំ​​បោល​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ឥដ្ឋ​​នៅ​លើ​រថយន្ត​ធ្លាក់​សង្កត់​លើ​កាប៊ី​ន​រថយន្ត​ខាង​មុខ​កៀប​ជាប់​បុរស​ម្នាក់​ស្លាប់​ក្នុង​រថយន្ត ​និង​ប្រពន្ធ​របួសធ្ងន់​ ​ចំណែក​បុរស​ម្នាក់​ទៀត​អង្គុយ​លើដំបូល​រថយន្ត​ធ្លាក់​​ផ្លោង​៥​ម៉ែត្រ​កប់​ក្នុង​គំនរ​ឥដ្ឋ​រង​របួសធ្ងន់ ។ ចំណែក​អ្នកបើករថយន្ត​រង​របួសស្រាល​រត់គេច​ខ្លួន ​កាលពី​វេលា​ម៉ោង៤​និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៨ ​មករា ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ​ស្ថិត​ក្នុងភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ ​។

សាក្សី​​ឃើញ​ហេតុការណ៍​បាន​និយាយ​​ថា មុន​ពេល​កើតហេតុ​ គេ​​ឃើញ​រថយន្ត​បង្ក​មួយ​គ្រឿង​​​ប្រភេទ​រថយន្ត​៣​តោន​កន្លះ ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-0191 ដឹក​ឥដ្ឋ​ពេញ​ និង​មាន​មនុស្ស​៣​នាក់​ជិះ​ក្នុង​កាប៊ី​ន មាន ​ប្តី​ប្រពន្ធ​ជា​កម្មករ​ឡឥដ្ឋ និង​បុរស​ជា​អ្នក​បើករថយន្ត ហើយ​កម្មករ​ម្នាក់​ទៀត​ជិះ​លើដំបូល​រថយន្ត ដែល​គេ​ដឹង​ថា ​ជា​រថយន្ត​ដឹក​ឥដ្ឋ​ចេញពី​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ពេល​មក​ដល់​កន្លែង​កើតហេតុ​​ សង្ស័យ​អ្នកបើកបរ​រថយន្ត​​​ងងុយដេក​ងោក​មួយ​​ភាំង​ ​ហើយ​ផ្លូវ​មាន​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ ​ប៉ុន្តែ​មក​ដល់​ចំណុច​កើតហេតុ​ ជា​ផ្លូវ​ដាច់​អាច​ឆ្លងផ្លូវ​បាន​គាប់​ជួន​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ចាំម៉ាក​បាន​បត់​ឆ្លងផ្លូវ​ចំ​ពីមុខ​រថយន្ត​បង្ក​ ទើប​ធ្វើ​ឱ្យ​អ្នកបើកបរ​រថយន្ត​បង្ក​ខំប្រឹង​​បួង​ចង្កូត​មក​ស្តាំ​ទាំង​រថយន្ត​ដឹក​ធ្ងន់​ហើយ​ល្បឿន​លឿន​ក៏​ជ្រុល​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ពេញទំហឹង​​បាក់​​ខ្លោង​​ទ្វាររបង​ដែល​រៀប​មាន​ប្រក់​ក្បឿង​ធ្វើ​ជា​ដំបូល​ពី​ខាងលើ​ធ្វើ​ឲ្យ​​​ខ្លោង​​ទ្វារ​ធ្លាក់​ដល់​ដី ៕