ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ លោក បូ​ន ហ៊ីង​សុធី​យ៉ា អគ្គលេខាធិការ​ខេមរៈ​សហព័ន្ធ​កីឡា​តេ​ក្វា​ន់​ដូ​ទទួល​បន្ទុក​កីឡា​តេ​ក្វា​ន់​ដូ​ស្ទីល​ITF បានឱ្យ​ដឹង​ថា កីឡា​តេ​ក្វា​ន់​ដូ​ស្ទីល​ITF​នឹង​ធ្វើ​មហាសន្និបាត​ជ្រើសរើស​សមាជិក​ប្រតិបត្តិ​អាណត្តិ​ថ្មី​ឆ្នាំ​២០១៦-២០២០​ នៅ​ថ្ងៃ​សុក្រ​ទី​២៩ មក​រា នេះ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។

ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ទាំង​តេ​ក្វា​ន់​ដូ​ស្ទីល​WTF និង​តេ​ក្វា​ន់​ដូ​ស្ទីល​ITF បាន​ជ្រក​ក្រោម​ដំបូល​តែ​មួយ​ដែល​មាន​លោក​ឧត្ដមសេនីយ៍ នួន ភា ជា​ប្រធាន និង​មាន​អគ្គ​លេខាធិ​ការ​រៀង​ៗ​ខ្លួន ។ ប៉ុន្តែ​ពេល​នេះ តេ​ក្វា​ន់​ដូ​ទាំង​២​ស្ទីល​បាន​បំបែក​ខ្លួន​ពី​គ្នា​ហើយ តាម​រយៈ​ការ​ធ្វើ​មហាសន្និបាត​ជ្រើសរើស​សមាជិក​ប្រតិបត្តិ​រៀងខ្លួន ។ តាម​ការ​ឱ្យ​ដឹង សន្និបាត​នេះ​ត្រៀម​អញ្ជើញលោក កែវ រ៉េ​មី រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី​មក​ធ្វើ​ជា​ប្រធានកិត្តិយស ។ កីឡា​តេ​ក្វា​ន់​ដូ​ស្ទីល​ITF​នៅ​មិន​ទាន់​ចូល​ជា​ប្រភេទ​កីឡា​អូ​ឡាំ​ពិ​ក​នៅឡើយ​នោះ​ទេ មាន​តែ​តេ​ក្វា​ន់​ដូ​ស្ទីល​WTF​ប៉ុណ្ណោះ​ដែល​ចាត់​ចូល​ជា​ប្រភេទ​កីឡា​អូ​ឡាំពិ​ក ។ ដូច្នេះ​ហើយ​បានជា​កីឡា​តេ​ក្វា​ន់​ដូ​ទាំង​២​ប្រភេទ​នេះ មិន​អាច​នៅ​ជាមួយ​គ្នា​បាន ។ តេ​ក្វា​ន់​ដូ​ស្ទីល​WTF​ទើបតែ​ធ្វើ​មហាសន្និបាត​បញ្ចប់​អាណត្តិ​របស់​ខ្លួន​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ដោយ​បាន​ជ្រើសតាំង​លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ង ធ្វើ​ជា​ប្រធាន​អាណត្តិ​ថ្មី​ឆ្នាំ​២០១៦-២០២០​។

ថ្វី​ដ្បិតតែ​កីឡា​ទាំង​២​ប្រភេទ​នេះ​បាន​បំបែក​ខ្លួន​ជា​២​មែន​ក៏​នៅ​តែ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​កីឡា​ដ៏​មាន​សក្ដានុពល​សម្រាប់​កម្ពុជា​ដែរ ជា​ពិសេស​កីឡា​តេ​ក្វា​ន់​ដូ​ស្ទីល​WTF​តែ​ម្ដង​ដែល​ធ្លាប់​ដណ្ដើម​បាន​មេដាយមាស​មក​ជូន​ជាតិ​ជា​បន្តបន្ទាប់ ។ ម្យ៉ាងវិញទៀត កីឡា​តេ​ក្វា​ន់​ដូ​គឺជា​ប្រភេទ​កីឡា​ដែល​កម្ពុជា​មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ស្វែងរក​មេដាយ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ៕