ព័ត៌​មានកីឡា &raquo កីឡាជាតិ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ​ទី​៣០ មក​រា ខាន​ស្អែក​នេះ ការ​ប្រកួត​ប្រដាល់​ដណ្ដើម​ពាន​ជើងឯក​របស់​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ នឹង​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ហើយ ដោយ​កីឡាករ​ដែល​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ​ក្នុង​ពូ​ល​A និង​ពូ​ល​B ៤​រូប នឹង​ឡើង​ប៉ះ​គ្នា​ដណ្ដើម​កៅអី​ទៅ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ។ ការ​ប្រកួត​ដែល​អ្នក​ស្នេហា​ការ​ប្រដាល់​ភាគច្រើន​កំពុង​តែ​រង់ចាំ​មើល​នេះ នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ​នៅ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥(TV5) ជ្រោយចង្វា​ត្រើយ​ខាងកើត ។

កីឡាករ​ដែល​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ដ៏​សំខាន់​នោះ មាន​កីឡាករ​សេក គឹ​ម​រួន ដែល​ឈរ​ក្នុង​ចំណាត់​ថា្ន​ក់​លេខ​១​ក្នុង​ពូ​ល​A នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ម៉​ន ចាន់​ដា​រ៉ា ដែល​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ពូ​ល​B ។ កីឡាករ​ទាំង​ពីរ​មិន​ធ្លាប់​ប៉ះ​គ្នា​ពី​មុន​មក​ឡើយ ប៉ុន្តែ​អ្វី​ដែល​គេ​ព្យាករ​ដឹង គឺ​អ្នក​ទាំង​ពីរ​ពិតជា​ឡើង​ប្រកួត​ដោយ​អស់ដៃ ដោយសារ​តែ​ម្នាក់​ៗ​សុទ្ធតែ​ចង់​ឈាន​ឡើង​ទៅ​យក​តំណែង​ជើងឯក​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដូច​គ្នា ។ កីឡាករ​សេក គឹ​ម​រួន គឺជា​ជើង​ខ្លាំង​មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប ហើយ​គូប្រកួត​របស់​គេ គឺជា​ជើង​ខ្លាំង​មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ។

រវាង​កីឡាករ​ទាំង​ពីរ​មើលទៅ​មិន​មាន​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​នោះ​ទេ ថ្វី​ដ្បិតតែ​ម្នាក់​បាន​ឈរ​ចំណាត់​​ថ្នាក់​លេខ​១​ក្នុង​ពូ​ល ហើយ​ម្នាក់​ទៀត​ឈរ​ត្រឹម​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ពូ​ល​ផ្សេង​គ្នា​នោះ​ក៏​ដោយ ។ កីឡាករ​ម៉​ន ចាន់​ដា​រ៉ា មាន​ដៃជើង​វែង​ៗ​ហើយ​រហ័ស​ក្នុង​ការ​វាយ​ម៉ាត់ ប៉ុន្តែ​កីឡាករ​ម្ខាង​ទៀត​ក៏​មិនណ​យ​ដូច​គ្នា​នោះ​ដែរ បើ​មិន​ដូច្នោះ​គឺ​គេ​មិន​អាច​ឈាន​ឡើង​មក​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដោយ​ឈរ​ចំណាត់​ថ្នាក់ខ្ពស់​ជាងគេ​បាន​ឡើយ​។ ក្នុង​ចំណោម​កីឡាករ​ទាំង​ពីរ​មិន​មាន​ច្រើន​ទេ​ដែល​បង្ហាញ​ការ​ជឿ​ជាក់​ថា អ្នក​ណា​នឹង​ឈ្នះ​សម្រាប់​ការ​ប្រកួត​ឱ្យ​ពិតប្រាកដ ដែល​នេះ​គឺ​មក​ពី​អ្នកគាំទ្រ​ទាំងនោះ​ហាក់​បង្ហាញ​នូវ​ភាព​ស្រពេចស្រពឹល ដែល​មាន​ន័យ​ថា បើ​ជ្រើស​យក​អ្នក​នេះ គឺ​ស្ដាយ​អ្នក​នោះ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​មាន​សមត្ថភាព​លេចធ្លោ​ម្យ៉ាង​ម្នាក់ ។

លោក​សេង ក​ដិ​កា ជា​អ្នក​រៀបចំ​កម្មវិធី​បាន​អះអាង​ថា ជំនួប​នៅ​ក្នុង​វគ្គ​នេះ នឹង​ខុស​ប្លែក​ពី​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ដោយ​លោក​ចាត់​ទុក​ថា​អ្នក​ខ្សោយ​ក៏​ទៅ​ជា​ខ្លាំង​បាន​ដែរ ដោយសារ​តែ​គេ​ម្នាក់​ៗ​សុទ្ធតែ​ទាមទារ​យកឈ្នះ​ដើម្បី​ឈាន​ឡើង​ដូច​គ្នា ។ លោក​ថា ផ្អែក​តាម​កម្រិត​ប្រកួត​រវាង​សេក គឹ​ម​រួន និង​ម៉​ន ចាន់​ដា​រ៉ា សុទ្ធតែ​ល្អ​មិន​ខុស​គ្នា ហើយ​​លោក​មាន​ជំនឿ​ដោយ​មុតមាំ​ថា ការ​ប៉ះ​គ្នា​របស់​គូ​នេះ នឹង​ជក់ចិត្ត​ខ្លាំង​ជាង​កីឡាករ​ល្បីឈ្មោះ​ប៉ះ​គ្នា​ដាច់​ឆ្ងាយ​ដោយសារ​តែ​ពេល​កន្លង​មក ចរិត​របស់​កីឡាករ​ទាំង​ពីរ​សុទ្ធតែ​បាន​ប្រកួត​មិន​ខ្លាច​គ្រោះថ្នាក់ ដែល​មាន​ន័យ​ថា ពួក​គេ​ស្ថិត​ក្នុង​ដំណាក់កាល​ចង់បាន​ភាព​ល្បី និង​ស្រឡាញ់​ការ​ប្រដាល់​ដើម្បី​ធ្វើ​ជា​អាជីព​ដែល​ខុស​ពី​កីឡាករ​មួយ​ចំនួន​កាន់តែ​ល្បី​កាន់តែ​ប្រកួត​មិនសូវ​លះ​នោះ ។ លោក​ថា រវាង​កីឡាករ​ទាំង​ពីរ​លោក​ក៏​មិន​ហ៊ាន​ភ្នាល់​ថា​អ្នក​ណា​បន្ត​ឈាន​ឡើង​នោះ​ដែរ ប៉ុន្តែ​អ្វី​ដែល​លោក​បញ្ជាក់​បាន​ទុក​មុន គឺ​អ្នក​ឈ្នះ​សម្រាប់​គូ​នេះ ពិតជា​ត្រូវ​ទក់​សាច់​ហើយ​ក៏​វេទនា​មិនធម្មតា​ដែរ ។

ចំពោះ​កីឡាករ​២​រូប​ដែល​ត្រូវ​ប្រកួត​គ្នា​ដណ្ដើម​ជំហាន​ឆ្ពោះទៅ​រក​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែរ​នោះ គឺ​កីឡាករ​សុខ សុវណ្ណ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ដែល​អ្នក​ណា​ក៏​ស្គាល់​រួច​មក​ហើយ​ថា ធ្លាប់​គ្រង​តំណែង​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នោះ នឹង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ឌុ​ម កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ ។ អ្នក​ទាំង​ពីរ​ក៏​មិន​ធ្លាប់​ជួប​គ្នា​នោះ​ដែរ ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់អារម្មណ៍​គឺ​ម្នាក់​ជា​ជើង​ខ្លាំង​មុន​មួយ​ជំហាន ហើយ​ម្នាក់​ទៀត​គឺជា​កីឡាករ​ដែល​ទើប​ឡើង​កូដ ដែល​មាន​សមត្ថភាព​ក៏​មិន​ធម្មតា ។ សុខ សុវណ្ណ ស្ថិត​ក្នុង​តំណែង​លេខ​១​ពូ​ល​B ហើយ​គូប្រកួត​របស់​គេ​ស្ថិត​ក្នុង​តំណែង​លេខ​២​ក្នុង​ពូ​ល​A ។ ប៉ុន្តែ​រវាង​ពួក​គេ​មិន​អាច​កំណត់​យក​ចំណាត់ថ្នាក់​នេះ មក​កាត់សេចក្ដី​បាន​ទេ គឺ​មាន​តែ​ការ​ប្រកួត​នៅ​ល្ងាច​ស្អែក​ប៉ុណ្ណោះ​ដែល​អាច​អារកាត់​បាន ជា​ពិសេស​ក្នុង​ពេល​កីឡាករ​ម្នាក់​ៗ​សុទ្ធតែ​ចង់​ឈាន​ឡើង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ ។

កីឡាករ​សុខ សុវណ្ណ គឺជា​ជើង​ខ្លាំង​ម្នាក់​ដែល​ល្អ​កណ្ដាប់ដៃ និង​វ័ធ​កែង ហើយ​បច្ចេកទេស​ប្រកួត​របស់​គេ​ក៏​ល្អ និង​រស់​រវើក​ផង​ដែរ ទើប​មាន​អ្នកគាំទ្រ​ភាគច្រើន​លម្អៀង​ទៅ​លើ​កីឡាករ​រូប​នេះ ។ ទោះបី​យ៉ាងណា មានការ​បញ្ជាក់​ថា កីឡាករ ឌុ​ម កែវ​ដា ឯណោះ​វិញ ក៏​បាន​ហ្វឹកហាត់​ដិត​ដល់​ណាស់​ដែរ ដើម្បី​ឱ្យ​គេ​ទទួល​បាន​ក្រេ​ឌី​ត​ពីរ​ក្នុង​ពេល​តែ​មួយ គឺ​ឈ្នះ​កីឡាករ​រៀមច្បង​ជា​អតីត​ជើងឯក​ផង និង​ដើម្បី​បាន​មានឱកាស​ទៅ​ប្រកួត​យក​ពាន​លេខ​១ និង​ប្រាក់​លាន​នោះ​ផង ។

ការ​ប្រកួត​គូ​នេះ ទំនងជា​ស្វិតស្វាញ​ចង់​ខ្លាំង​ជាង​គូ​ខាងលើ​នោះ​ទៅ​ទៀត ដោយសារ​តែ​ម្នាក់​ក្រៅពី​ត្រូវការ​ឡើង​វគ្គ​បន្ត ក៏​ត្រូវការ​រក្សា​ក្រេ​ឌី​ត​កុំឱ្យ​អ្នកគាំទ្រ​បាត់បង់​ជំនឿ ហើយ​កីឡាករ​ម្នាក់​ទៀត ក៏​ត្រូវ​ស​ម្ញ៉ែ​ង​ថា​ខ្លួន​ជា​កីឡាករ​ទើប​ឈាន​ឡើង​មែន ប៉ុន្តែ​មាន​ទាំង​ថ្វីដៃ និង​សមត្ថភាព​ខ្លាំង​ខ្ពស់ ។ មានការ​ប៉ាន់​ស្មានថា​សង្វៀន​ប៉ុស្ដិ៍​លេខ​៥ នឹង​មាន​អ្នក​ទស្សនា​ច្រើន​ជាង​មុន បើ​ធៀប​នឹង​ការ​ប្រកួត​សន្សំ​ពិន្ទុ​។ អ្វី​ដែល​សំខាន់​នោះ គឺ​អ្នកគាំទ្រ​ភាគច្រើន​ចង់​ឃើញ​ឆាកប្រយុទ្ធ​របស់​អ្នក​ទាំង​៤ ដោយសារ​តែ​គេ​ដឹង​មុន​ថា ការ​ប៉ះ​គ្នា​ដែល​នឹង​ធ្វើ​ឡើង​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពិតជា​ប្រឹង​វាយ​គ្នា​កក្រើក​រេញ និង​ចង់​ដឹង​ថា រវាង​អ្នក​ទាំង​៤ តើ​អ្នក​ណា​បាន​ឡើង​ហើយ​អ្នក​ណា​បាន​ត្រឹម​នៅ​ប្រកួត​គ្នា​យក​លេខ​៣ និង​លេខ​៤ ៕