ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

តាម​ទីភ្នាក់ងារ​ព័ត៌មាន​វៀតណាម VNA ថា បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​ជ្រើសតាំង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម ត្រូវ​បាន​ចេញផ្សាយ​ជា​សាធារណៈ​កាលពី​រសៀល​ថ្ងៃ​ទី​២៦ មក​រា នា​ឱកាស​សម័យប្រជុំ​ពេញអង្គ​នៃ​សមាជជាតិ​លើក​ទី​១២​របស់​បក្ស ។

យោង​តាម​លទ្ធផល​ដែល​អនុម័ត​ដោយ​សមាជ​បក្ស គណៈកម្មាធិការ​កណ្តាល​ថ្មី​របស់​បក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម​មាន​សមាជិក​២០០​រូប ក្នុង​នោះ​១៨០​រូប​ជា​សមាជិក​ពេញ​សិទ្ធិ និង​២០​រូប​ជា​សមាជិក​បម្រុង ។

លោក​ង្វៀ​ង ភូ​ជុង អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​វៀតណាម អាណត្តិ​ទី​១១ ស្ថិត​ក្នុង​ចំណោម​សមាជិក​ពេញ​សិទ្ធិ​ទាំង​១៨០​រូប ហើយ​លោក​ត្រូវ​ជ្រើសតាំង​ជា​ថ្មី​សម្រាប់​អាណត្តិ​ទី​១២ ។

ក្នុង​ចំណោម​សមាជិក​គណៈកម្មាធិការ​កណ្តាល​បក្ស​ថ្មី មាន​នារី​២០​រូប និង​បុរស​១៧​រូប មាន​ប្រភព​មក​ពី​បណ្តា​ជនជាតិភាគតិច ។ អាយុ​គិត​ជា​មធ្យម​របស់​សមាជិក​គណៈ​កម្មាធិការ​កណ្តាល​ថ្មី​របស់​បក្ស​គឺ​៥៣​ឆ្នាំ ។

ក្នុង​ចំណោម​អ្នក​ត្រូវ​ជ្រើសតាំង​ជា​ថ្មី​មាន​សមាជិក​ការិយាល័យ​នយោបាយ​អាណត្តិ​ទី​១១ ចំនួន​៧​រូប គឺ​អគ្គលេខាបក្ស​លោក​ង្វៀ​ន ភូ​ជុង ឧបនាយករដ្ឋមន្ត្រី លោក NGUYEN XUAN PHUC អនុប្រធាន​សភា​២​រូប លោកស្រី TONG THI PHONG និង​លោកស្រី NGUYEN THI KIM NGAN រដ្ឋមន្ត្រី​សន្តិសុខ​សាធារណៈ លោក TRAN DAI QUANG ប្រធាន​គណៈ​ឃោសនា និង​អប់រំ​របស់​បក្ស​លោក DINH THE HUYNH និង​ប្រធាន​គណៈកម្មាធិការ​កណ្តាល រណសិរ្ស មាតុភូមិ​វៀតណាម លោក NGUYEN THIEN NHAN ។

បើ​គិត​ពី​អាយុ​ក្នុង​ចំណោម​សមាជិក​ពេញ​សិទ្ធិ​ទាំង​១៨០​រូប ២៦​រូប​មាន​អាយុ​ក្រោម​៥០​ឆ្នាំ ១៤២​រូប មាន​អាយុ​រវាង​ពី​៥១ ទៅ​៦០​ឆ្នាំ ហើយ​១២​រូប​មាន​អាយុ​លើស​ពី​៦១​ឆ្នាំ ។ សមាជិក​ពេញ​សិទ្ធិ​២​រូប​ដែល​មាន​វ័យក្មេង​ជាងគេ​គឺ​លេខា​គណៈកម្មាធិការ​បក្ស​ទីក្រុង​ដា​ណា​ង លោក NGUYEN XUAN ANH និង​លេខា​គណៈកម្មាធិការ​បក្ស​ខេត្ត​គៀន​យ៉ាង លោក NGUYEN THANG NGHI ដែល​អ្នក​ទាំង​២ មាន​អាយុ​៤០​ឆ្នាំ ហើយ​មាន​សញ្ញាបត្រ​បណ្ឌិត ។

សមាជិក​បម្រុង​មាន​វ័យក្មេង​ជាងគេ​គឺ​លេខា​គណៈកម្មាធិការ​កណ្តាល​សម្ព័ន្ធ​យុវជន​កុំ​មុ​យ​នី​ស្ត​ក្រុង​ហូ​ជី​មិ​ញ លោក LE QUOC PHONG អាយុ​៣៨​ឆ្នាំ ។

ទាក់ទិន​នឹង​រដ្ឋាភិបាល​ក្នុង​ចំណោម​សមាជិក​ពេញ​សិទ្ធិ​ទាំង​១៨០​រូប មាន​ឧបនាយករដ្ឋមន្ត្រី​៤​រូប រដ្ឋមន្ត្រី ឬ​ប្រមុខ​អង្គការ​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​៨​រូប ព្រមទាំង​អនុរដ្ឋមន្ត្រី​២៤​រូប ។ ឈ្មោះ​របស់​នាយក​រដ្ឋមន្ត្រី​លោក​ង្វៀ​ន តាន់​យ៉ុ​ង ពុំ​ឃើញ​មាន​ក្នុង​បញ្ជី​នោះ​ទេ ៕