មន្ត្រី​ជំនាញ​នៅ​ស្រុក​វ៉ារិន ខេត្តសៀមរាប មិន​បង្ក្រាប​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​២​នាក់​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ស្រុក​វ៉ារិន ខេត្តសៀមរាប បាន​រាយការណ៍​មក​ថា​មេ​ឈ្មួញ​ឈើ​មាន​ឥទ្ធិពល​នៅ​ស្រុក​វ៉ារិន ២ នាក់ បាននិងកំពុង​ធ្វើ​ជំនួញ​ឈើ​មាន​ទ្រង់ទ្រាយ​កាន់តែ​ធំ​ឡើងៗ តែ​សមត្ថកិច្ច​ជំនាញ​នៅក្នុង​ស្រុក​វ៉ារិន គ្មាន​វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ឈ្មួញ​ឈើ​កំពុងតែ​ធ្វើ​សកម្មភាព​កាប់​ព្រៃឈើ​ធ្វើ​ធ្វើ​អាជីវកម្ម និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ​យកទៅលក់​តាម​បណ្តា​ស្រុក​ផ្សេងៗ​នៅក្នុង​ខេត្តសៀមរាប  ខណៈ​សមត្ថកិច្ច​ជំនាញ​នៅតែ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ បើទោះជា​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ក៏ដោយ​។

​ប្រជាពលរដ្ឋ​ស្រុក​វ៉ារិន ខេត្តសៀមរាប បាន​បញ្ជាក់ថា មេ​ឈ្មួញ​ដុះ​ស្លែ​២​នាក់ ប្រចាំ​ស្រុក​វ៉ារិន​នោះ មានឈ្មោះ ចិត្ត និង ឈ្មោះ ឆាយ ហើយ​ពួកគេ​ក៏​ជា​ម្ចាស់​ដេប៉ូ​ឈើ​ខុសច្បាប់​នៅ​ឃុំ​ស្រែ​ណូយ​ផងដែរ​។ ប្រភព​ដដែល​បាន​រិះគន់ថា នៅ​តំបន់​គ្រប់គ្រង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​ក្រឡាញ់ ដែលមាន​លោក សេង វឿ​ត ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​ទប់ស្កាត់​នោះ កំពុងតែ​ទទួលរង​នូវ​ការកាប់​ឈើ​ពី​សំណាក់​ឈ្មួញ​ទុច្ចរិត​យ៉ាង​ចាស់ដៃ ចំណែក​លោក នាក់ ណេ​រុន អភិបាលស្រុក​វ៉ារិន ក៏​គ្មាន​ឆន្ទៈ​ក្នុងការ​ទប់ស្កាត់​សោះឡើយ ហើយ​បញ្ហា​នេះ​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​អន់ចិត្ត​យ៉ាងខ្លាំង​។​ពួក​ឈ្មួញ​បានធ្វើ​សកម្មភាព​ដឹកឈើ​តាម​គោយន្ត​កែឆ្នៃ ចាប់ពី ៥ គ្រឿង​ទៅ ១០ គ្រឿងក្នុង​មួយថ្ងៃ  ដោយ​មិន​ខ្លាច​សមត្ថកិច្ច​បង្ក្រាប ជាពិសេស​ជំនាញ​មេព្រៃ ដែល​នៅតាម​ដងផ្លូវ​នោះ ត្រូវគេ​សង្ស័យថា​លោក​អភិបាលស្រុក​វ៉ារិន  នាក់ ណេ​រុន និង​លោក​មេព្រៃ សេង វឿ​ត នៅ​ពីក្រោយ​បទល្មើស​។​

​សកម្មជន​ព្រៃឈើ​ព្រៃឈើ​បាន​និយាយថា ព្រៃឈើ​នៅ​តំបន់​ផ្នែក​ក្រឡាញ់ បច្ចុប្បន្ននេះ​ស្ទើរ​ក្លាយ​ជាទី​រហោស្ថាន ដោយសា​តែ​រង​ការកាប់​ធ្វើ​អាជីវកម្ម​ពី​ក្រុម​ឈ្មួញ​ឈ្មោះ ឆាយ និង​ឈ្មោះ ចិត្ត ចំណែកឯ​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​មិនបាន​ធ្វើការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​ស្របតាម​យុទ្ធសាស្ត្រ កំណែទម្រង់​ស្ដារឡើងវិញ​នូវ​វិស័យ​ព្រៃឈើ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា​នោះឡើយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​បទបញ្ជារ​បស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព​ទេ ព្រោះ​បទល្មើស​ព្រៃឈើ​ក៏មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ដែលមាន​កាតព្វកិច្ច​បង្ក្រាប​បទល្មើស​ព្រៃឈើ​៕

index