សាកសព ៧៣នាក់ ត្រូវក្រុមសង្គ្រោះ ទាញចេញ ពីគំនរដីបាក់ នៅស៊ិនជិន

ស៊ិនជិន៖ រហូតមកដល់ម៉ោង ១១ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ ២០១៦ នេះសាក សពចំនួន ៧៣នាក់ហើយ ត្រូវបានក្រុមសង្គ្រោះ ទាញចេញពីគំនរដីបាក់ នៅក្នុងតំបន់ ស៊ិនជិន នៃប្រទេសចិន ស្របពេលដែល មនុស្ស៤នាក់ ត្រូវបានគេអះអាងថា នៅបន្តបាត់ខ្លួន នៅឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។

ដោយឡែកមនុស្ស ១៧នាក់ត្រូវបានគេសង្គ្រោះទាំងជីវិត និង កំពុងសម្រាកព្យាបាលនៅ ឯមន្ទីរពេទ្យ អំឡុងពេលដែល ក្រុមសង្គ្រោះ កំពុងស្វែងរកអ្នកបាត់ខ្លួនឯទៀត។ ការបាក់ដី ដែលទំនងជាបង្កឡើងដោយកត្តាមនុស្សនេះ បាននាំឲ្យអាជ្ញាធរ ចាប់បានជនសង្ស័យចំនួន ៤២នាក់ ហើយនឹងធ្វើការសាកសួរពាក់ព័ន្ធនឹងរឿងនេះផងដែរ។

គួរបញ្ជាក់ថា គ្រោះមហន្តរាយបាក់ដីខាងលើនេះ បានកើតឡើងតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៥ មកម្ល៉េះ ស្ថិតនៅតំបន់ការដ្ឋានរុករករ៉ែមួយកន្លែង នៅក្បែរភ្នំ ក្នុងទីក្រុង ភាគខាងត្បូងរបស់ប្រទេស ចិន។ គ្រួសារជនរងគ្រោះទាំងអស់ ត្រូវបានក្រុមហ៊ុន ធានារួចមកហើយថា នឹងសងសំណង តាមច្បាប់ជូនពួកគេ៕

សាកសព ៧៣នាក់ ត្រូវក្រុមសង្គ្រោះ ទាញចេញ ពីគំនរដីបាក់ នៅស៊ិនជិន