របរ​ចម្លាក់​ស្ពាន់ ប្រាក់ របស់​អ្នក​កំពង់ហ្លួង​ប្រឈម​នឹង​ការបាត់បង់​

Doliprane TVC

​មុខរបរ​ចម្លាក់​ស្ពាន់ ថ្វីដ្បិតតែ​ជា​របរ​មួយ​ដែលមាន​ភាពស្មុគស្មាញ និង មិន​ប្រើ​ដើមទុន​ច្រើនក៏ពិតមែន ប៉ុន្តែ​អ្នក​ប្រកប​របរ​នេះ​ទាមទារ​ឱ្យមាន​ការអត់ធ្មត់​ច្រើន​ទើប​អាច​រកប្រាក់​ចំណូល​មក​ទ្រទ្រង់​ជីវភាព ។ កាលពី​ដើមឡើយ​របរ​ចម្លាក់​ស្ពាន់ ឬ ប្រាក់​នេះ​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ចម្លាក់​នេះ​មាន​ជីវភាព​ធូរធារ ប៉ុន្តែ​បច្ចុប្បន្ននេះ​មុខរបរ​ជាជាង​ចម្លាក់រ​បស់​ពួកគេ​កំពុងតែ​ជួប​បញ្ហា​ប្រឈម​ដោយសារ តែ​ទីផ្សារ​ពុំ​សូវ​ពេញនិយម​ប្រើប្រាស់​របស់របរ​ចម្លាក់​ទាំងនោះ រហូតមកដល់​ពេលនេះ​មានគ្រួសារ​ដែលប្រកប​របរ​ចម្លាក់​នេះ​មួយចំនួន​បាន​បោះបង់​មុខរបរ​នេះ​ចោល​ហើយ​ទៅ​ចាប់យក​មុខរបរ​ថ្មី​ជំនួស​វិញ ។​

​មុខរបរ​ជាជាង​ចម្លាក់​ស្ពាន់ ឬ ប្រាក់​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​មត៌ក​វប្បធម៌​ខ្មែរ បន្សល់ទុក​តាំងពី​សម័យ​លង្វែក​មក​ម៉្លេះ តាមរយៈ​ការអភិរក្ស​របស់​ស្ថាបត្យករ​ខ្មែរ​គ្រប់​ជំនាន់ ។ ជាក់ស្តែង​នៅភូមិ​ពោធិ៍​តូច ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ជា​កន្លែង​អភិរក្ស​ចម្លាក់​ស្ពាន់ ឬ ប្រាក់​បន្តវេន​ជាច្រើន​ជំនាន់​មកហើយ ប៉ុន្តែ​មកដល់ពេលនេះ ផ្ទះ ឬ គ្រួសារដែល​បាន​ប្រកប​របរ​ចម្លាក់​នេះ​ត្រូវបាន​បិទ​អាជីវកម្ម​ស្ទើរតែ​ទាំងអស់​ទៅហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ។

របរ​ចម្លាក់​ស្ពាន់ ប្រាក់ របស់​អ្នក​កំពង់ហ្លួង​ប្រឈម​នឹង​ការបាត់បង់​

​កាលពីមុន​ភូមិ​ពោធិ៍​តូច ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ជា​កន្លែង​សូន​រូប ឬ ចម្លាក់​ស្ពាន់ មាស ប្រាក់ ដ៏​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ ដែល​របស់របរ​ចម្លាក់​ទាំងអស់នោះ​សុទ្ធតែ​ច្នៃ​ដោយ​ដៃ ដូចជា ចម្លាក់​រូប​សត្វ គ្រឿងអលង្ការ និង ឧបករណ៍ប្រើប្រាស់​គ្រប់​ប្រភេទ​តាម​តម្រូវការ​របស់​អ្នក​កុម្ម៉ង់ ។ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ទីផ្សារ​ចម្លាក់ស្ពាន់​របស់​អ្នកស្រុក​ពញាឮ​ហាក់ដូចជា​ថយចុះ​ច្រើន ហើយអ្នក​ប្រក​បរបរ​នេះ​មួយចំនួន​ស្ទើរតែ​ស្រែកយំ​គ្រប់ៗ​គ្នា ដោយសារតែ​ការចំណាយ​ថ្លៃដើម និង ទូទាត់​ការចំណាយ​ផ្សេងៗ​ស្ទើរតែ​ពុំរួច ។​

​អ្នកស្រី ជិន បុ​បា្ផ អាយុ ៣៦ ឆ្នាំ ដែល​ប្រកប​មុខ របរ​ចម្លាក់​នេះ​តាំងពី​អាយុ ១៥ ឆ្នាំ​មក​នោះបាន​រៀបរាប់ ថា កាលពីមុន​នៅក្នុង​ភូមិ​ពោធិ៍​តូច​នេះ​មាន​ជាង​ច្រើនណាស់ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ពេល​ទំនិញ​ឡើងថ្លៃ អ្នក​ផលិត​ធ្វើ​យកទៅលក់​ឱ្យគេ​មិន​រួច​ថ្លៃដើម​នោះទេ ហើយ​អ្នកខ្លះ​បោះបង់​ការងារ​នេះ​ចោល​ទៅធ្វើ​ការងារ​ផ្សេង​វិញ ។ ការធ្វើ​ចម្លាក់​នេះ​លំបាក​ណាស់ ពួកគេ​ចេះ​ឆ្លាក់​នេះ​ដោយ​រៀន​តៗ​ពីគ្នា បើ​ចង់​ចេះ​អាជីព​ចម្លាក់​នេះលុះត្រាតែ​ស្រឡាញ់​ចម្លាក់​ខ្មែរ​យើង​ដែរ​ទើប​ទៅរួច ព្រោះ​ពុំមែន​ធ្វើ​លេងៗ​នោះ​ទេវា​ទាមទារ​ឱ្យ​អត់ធ្មត់​យ៉ាងខ្លាំងបំផុត ។​

របរ​ចម្លាក់​ស្ពាន់ ប្រាក់ របស់​អ្នក​កំពង់ហ្លួង​ប្រឈម​នឹង​ការបាត់បង់​

​ទោះជា​យ៉ាងណា​អ្នកស្រី ជិន បុ​បា្ផ មានប្រសាសន៍ថា​«​របរ​ចម្លាក់​នេះ​ត​មកពី​ដូនតា​ខ្ញុំ​មកម៉្លេះ ហើយ​ស្រុកកំណើត​យាយ​តា​របស់ខ្ញុំ​ក៏​នៅទីនេះ​ទៀត ដូច្នេះ​ខ្ញុំ​មិន​ចង់ ឱ្យ​បាត់បង់​របរ​នេះ​ទេ ។ មុខរបរ​នេះ​ធ្វើ​ដោយ​ដៃ​សុទ្ធសាធ បើសិនជា​គេបោះបង់​វា​ចោល​អស់នោះ​គឺ​វា​ដូចជាបាត់បង់​កេរដំណែល​ពី​ដូនតា​របស់​យើង​មក​ដែរ ដូច្នេះ​ចេះតែ​ខំប្រឹង​ទាំង​ត្រដាបត្រដួសរហូតមកដល់​សព្វថ្ងៃ​នេះ ។ ម្យ៉ាងវិញទៀត​បើ​ខ្ញុំ​លះបង់​របរ​នេះ​ចោល​វា​បាត់បង់​សិល្បៈខ្មែរ​យើង​ដែរ ។ ដោយសារ​តែមាន​ទឹកចិត្ត​បែបនេះហើយ​ទើប​ខ្ញុំ​ព្យាយាម​បណ្តុះបណ្តាល​កូនខ្មែរ​ក្នុងភូមិ បើសិនជា​យើង​ស្លាប់ទៅ​មាន​ពួកគាត់​ជា​អ្នក​បន្តវេន​ដែរ ។ កាលពី​ឆ្នាំ ២០០៦ របស់របរ​ចម្លាក់​ទាំ​ង​អស់នេះ​មាន​ទីផ្សារ​ល្អ​មែនទែន ហើយ​ពេលនោះ​ភ្ញៀវទេសចរ​ចាប់ផ្តើម​ស្គាល់​ភូមិ​នេះ និង បានមក​ទិញ​ចម្លាក់​ជា​ហូរហែ ។

សម្រាប់​ខ្ញុំ​ធ្វើ​ស្តុក​ទុក​ហើយ​បើ ទិញ​មក​លក់​បន្ត​វា​មិន​ចំណេញ​ទេ ដូច្នេះ​ចំពោះ​ការងារ​នេះ​បើសិនជា​បាត់បង់​យើង​សោក ស្តាយ​ណាស់ ព្រោះ​ខ្ញុំ​ចាប់យក​អាជីព​នេះ​មកពី​មិន​ចង់ឱ្យ​វប្បធម៌​ខ្មែរ​បាត់បង់ ហើយ​គ្រឿង ចម្លាក់​ស្ពាន់​ទាំងនេះ​គឺ​ធ្វើ​ដោយ​ដៃ​ទៀត ដូច្នេះ​ទេសចរ​គេ​ឱ្យ​តម្លៃ​ណាស់​របស់របរ​ដែល ធ្វើ​ដោយ​ដៃ ។ អ្នក​បោះបង់​ការងារ​នេះ​ច្រើន​ដោយសារតែ​រោងចក្រ​កើត​ច្រើន ហើយម្យ៉ាងវិញទៀត​របរ​នេះ​គ្មាន​ថ្ងៃ​សៅរ៍ អាទិត្យ​ឡើយ ។ ក្នុង​មួយខែៗ​ខ្ញុំ​អាច​លក់​របស់របរចម្លាក់​នេះ​បាន​ចន្លោះ​ពី ៨០០ ដុល្លារ​ទៅ ១.០០០ ដុល្លារ តែ​ចំណាយ​ទៅវិញ​ក៏​អស់ច្រើន​ដែរ តែ​គ្រាន់​ថា​វា​មិន​ជំពាក់​គេ ។

របរ​ចម្លាក់​ស្ពាន់ ប្រាក់ របស់​អ្នក​កំពង់ហ្លួង​ប្រឈម​នឹង​ការបាត់បង់​

ក្នុងនាម​ជា​អ្នក​ផលិត​យើង​ចង់​ស្នើ​សុំឱ្យ​ក្រសួងទេសចរណ៍ ឬ ក្រសួង​វប្បធម៌​មេត្តាជួយ​លើកតម្កើង​ស្នាដៃ​ខ្មែរ​ដែល​ធ្វើ​ដោយ​ដៃ​ផង​ហើយ សុំ​ជួយ​ផ្សព្វផ្សាយ​ឱ្យ​ភ្ញៀវ​ទាំង​ក្នុងស្រុក និង ក្រៅ​ស្រុក​ឱ្យបាន​ស្គាល់​ចម្លាក់​ប្រាក់ ស្ពាន់ ​របរ​ចម្លាក់​ស្ពាន់​ដែល​ធ្វើ​ដោយ​ដៃ​ពិតៗ​មិនមែន​ធ្វើ​ដោយ​ពុម្ព​នោះទេ​» ។​សិប្បកម្ម​ចម្លាក់​ធ្វើ​ពី​ស្ពាន់ និង ប្រាក់ ជាស្នាដៃ​របស់​ខ្មែរ​ដែល​កំពុងតែ​ពេញនិយម​ពី​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​​ទិញយកទៅ​ដាក់តាំង​តាម​ផ្ទះ ឬ តាំង​លក់​ក្នុង​ហាង​វត្ថុ​អនុស្សាវរីយ៍​ជាដើម ។

អ្នកស្រី ផាន់ ស៊ី​ណាត អាយុ ៤៣ ឆ្នាំ ដែលជា​អ្នក​ប្រកប​របរ​នេះដែរ មានប្រសាសន៍ថា​«​កាលពី​ជាង ១០ ឆ្នាំមុន​របរ នេះ​លក់ដាច់​ច្រើន ហើយ​អ្នក​ផលិត​មានការ សប្បាយចិត្ត​ក្នុង​អាជីវកម្ម​មួយ​នេះ ប៉ុន្តែ​រយៈ ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះអាជីវកម្ម​ចម្លាក់ស្ពាន់​របស់​អ្នកស្រុក​នៅទីនេះ​ស្ទើ​តែ​បិទទ្វារ​គ្រប់គ្នា​ទៅហើយ ។ ចំពោះ​ខ្ញុំ​គិតថាទោះបីជាទីផ្សារ​ធ្លាក់ចុះ​ក៏ពិតមែន តែ​កន្លែង​ខ្ញុំ​មិនសូវ​បារម្ភ​ឡើយ ព្រោះ​មិនបាន​យកប្រាក់​ពី​ធនាគារដូច​អ្នកផ្សេង​នោះទេ ។ របរ​នេះ​អ្នកធ្វើ​បាន​គឺ​បាន ហើយ​អ្នកធ្វើ​មិនបាន​គឺ​លក់​ដីធ្លី​រត់ចោល ស្រុក​ដោយសារ​មុខរបរ​នេះ​ក៏មានដែរ ដូច្នេះ​ទាល់​តែមាន​មុខរបរ​ផ្សេង​បន្ថែមទៀត​ទើប​អាចទៅរួច ។​

​ឥឡូវនេះ​ការចំណាយ​ទៅលើ​ទំនិញ​នៅលើ​ទីផ្សារ​វា​ថ្លៃ​ពេក ហើយ​បាន​ចំណូល​មក​ថាចំណេញ​ដែរ តែ​ពេល​មក​ចាយវាយ​មិន​គ្រប់​នឹង​ការចំណាយ​នោះ​ទ្បើ​យ ។ ខ្ញុំ​មានកូន​ពីរ​នាក់នៅក្នុង​បន្ទុក ហើយ​នៅ​ខែ​ខ្លះ​មិនមាន​ចំណូល​ពីរ​បរ​នោះទេ ។ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ២០០០ មាន​ថៅកែ​ហាង​ខ្លះ​បាន​ចុះមក​ទិញ​ដល់​កន្លែង​តែម្តង តែ​ឥឡូវ​ធ្វើបាន​ហើយ ត្រូវយក​ទៅដល់​កន្លែង និង ពេលខ្លះ​ដើរ​លក់ខ្លួនឯង​រហូតដល់​ភ្នំពេញ​ក៏មានដែរ​» ។​

របរ​ចម្លាក់​ស្ពាន់ ប្រាក់ របស់​អ្នក​កំពង់ហ្លួង​ប្រឈម​នឹង​ការបាត់បង់​

ថ្វីបើ​របរ​សិប្បកម្ម​ចម្លាក់​សព្វថ្ងៃ​មិន​រីកចម្រើន​ដូច​ទសវត្សរ៍​ឆ្នាំ ១៩៩០ ក៏ដោយ តែជាមួយគ្នានេះ​អ្នកស្រី ផាន់ ស៊ី​ណាត បាន​មាន ប្រសាសន៍​បន្តទៀតថា​«​មូលហេតុ​ដែល​គ្មាន​អ្នក​មក​ទិញ​ដល់​កន្លែង​ដូច​កាលពី​ពេលមុន​នោះ ដោយសារតែ​របស់​ដែល​ធ្វើបាន​សល់​ច្រើន ហើយ​ឥឡូវ​ពិបាក​លក់​ណាស់ និង ពុំ​សូវ​ទទួលបាន​ផលចំណេញ​ច្រើន​ដូច​កាលពីមុន​ទេ ។ កន្លងមក​ភ្ញៀវ​ដែល​មក​ទិញ​ដល់​កន្លែង​ដើរ​មើល​តាម​ផ្ទះ តែ​ឥឡូវ​ចូល​ផ្ទះ​អ្នកណា​គឺ​មិន​ទៅណា​នោះទេ ដោយសារតែ​អ្នក​នាំ​ភ្ញៀវ​គេ​ទិញ​ផ្តាច់មុខ ហើយ​ពួក​ជាង​សព្វថ្ងៃ​បាក់​ទឹកចិត្ត​លែង​ចង់​ធ្វើចម្លាក់​នេះ​អស់ហើយ ។

សព្វថ្ងៃ​ពួក​អ្នក​ផលិត​ចម្លាក់​ស្ពាន់​ចង់ឱ្យមាន​ទីផ្សារ​ដើម្បី​កុំឱ្យ​អ្នកធ្វើ បាក់​ទឹកចិត្ត ហើយ​ចំពោះ​ខ្ញុំ​មាន​ឧបសគ្គ​ដែរ ហើយ​អ្នក​ឈប់​ពីរ​បរ​ចម្លាក់​នេះ​អ្នក​ខ្លះទៅ​រត់ ម៉ូ់តូឌុប ហើយ​ស្រីៗ​ទៅធ្វើ​ការងារ​រោងចក្រ ហើយ​មួយចំនួនទៀត​ធ្វើ​ចំណាកស្រុក​ផងដែរ ។ ឥឡូវ នេះ​អ្នកធ្វើ​ចម្លាក់​នៅ​ស្រុក​ពញ្ញាឮ ៥០ ភាគរយ ​ឈប់​ប្រកប​របរ​នេះ ហើយ​អ្នកស្រុក​ភាគច្រើននៅទីនេះ​បាន​ជំពាក់​ប្រាក់​ធនាគារ​ដោយសារតែ​រកស៊ី​ចម្លាក់​នេះ ។ បញ្ហា​ប្រឈម​រាល់ថ្ងៃនេះ​គឺកង្វះ​ទីផ្សារ​សម្រាប់​អ្នក​ផលិត​យើង​បារម្ភ​ថា របរចម្លាក់​អាច​នឹង​បាត់បង់​នៅពេល​ខាងមុខ បើសិនជា​អ្នកធ្វើ​ចម្លាក់​នេះ​បោះបង់​វា​ចោល​ទាំង ស្រុង​»​។​

​ចំណែក​លោក ហៀ​ង គុណ មេភូមិ​ពោធិ៍ តូច ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល បាន​រៀបរាប់ថា​«​តាំងពីដើម​មក​របរ​ជាងទង ឬ ជាងចម្លាក់​នេះ​ជា​មុខរបរ​ដែល​ប្រជាពលរដ្ឋយើង​នៅទីនេះ​ធ្វើ​ច្រើនជាងគេ ។ ប៉ុន្តែ​បន្ទាប់ពី​វិបត្តិ​សេដ្ឋកិច្ច​មក​ពួកគាត់​បាន​លះបង់​ចោលការងារ​នេះ​ទៅធ្វើ​ការងារ​នៅ​រោងចក្រ​វិញ ។ តាមពិត​របរ​នេះ​បាន​បន្សល់ទុក​តាំងពី​សម័យលង្វែក​ក្នុងសម័យ​ព្រះបាទ អង្គ​ដួង មកម៉្លេះ និង ក្រោយមក​អ្នកភូមិ​នៅទីនេះ​បានចាប់ផ្តើម​យករបរ​នេះ​ធ្វើជា​អាជីព​រហូតដល់​សព្វថ្ងៃ ។ កាលពីសម័យ​ដើម​គេ​ធ្វើ​ចម្លាក់​នេះ​គ្រាន់តែ​យកទៅ​ថ្វាយ​ស្តេច ហើយ​ក្រោយ​សម័យ​រជ្ជកាល​ព្រះបាទ នរោត្តម សីហនុ ក៏​គេ​ធ្វើ​ថ្វាយ​ស្តេច​ដែរ និង ចុង​ក្រោយនេះ​ស្រាប់តែ​ប្រជាពលរដ្ឋ​ធ្វើ​អាជីវ​កម្មនេះ ដើម្បី​បាន​ផលចំណេញ​សម្រាប់​ជីវភាពរបស់​ពួកគាត់​រហូតមកដល់​សព្វថ្ងៃនេះ ។

យើង​ក្នុងនាម​ជា​អា​ជ្ញ្ញា​ធរ​បារម្ភ​ពី​របរ​ចម្លាក់​ស្ពាន់​នេះ បើសិនជា​វា​បាត់បង់​ទៅវិញ​នោះ ។ ដោយសារតែ​វា​ជា​កេរដំណែល​ពី​ដូនតា​មក ហើយប្រជាពលរដ្ឋ​យើង​បាន​យក​របរ​នេះ​ជា​អាជីព​សម្រាប់​ចិញ្ចឹម​គ្រួសារ បើ​បាត់បង់​នឹងធ្វើ​ឱ្យស្នាដៃ​នេះ​សាបសូន្យ បើ​ទាំងអស់គ្នា​មិន​ចូលរួម​នោះ ។ រាជរដ្ឋាភិបាល និង ក្រសួង​ពាក់ព័ន្ធគួរតែ​ស្វែងរក​ទីផ្សារ​ក៏ដូចជា​លើកទឹកចិត្ត​ដល់​អ្នក​ផលិត​» ។​
​បច្ចុប្បន្ន​អ្នកភូមិ​ពោធិ៍​តូច ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល មាន​ចំនួន ៣៧៧ គ្រួសារ ហើយ​មាន​ចំនួន​មនុស្ស​សរុប ១.៦៧៥ នាក់ ក្នុងនោះ​មាន​ជនជាតិ​អ៊ិ​ស្លាម ១៥០ គ្រួសារ និង ជនជាតិ​វៀតណាម ៧ គ្រួសារ ។ អ្នករក​របរ​ជាជាង​ទង​មាន​ប្រមាណ ៥២ គ្រួសារ ហើយបន្ទាប់ពី​សេដ្ឋកិច្ច​ធ្លាក់ចុះ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​មុខរបរ​ចម្លាក់​របស់​អ្នកស្រុក​នៅទីនេះស្ទើរតែ​បាត់បង់​ទាំងស្រុង​ទៅហើយ​នៅសល់​តិចតួច​ប៉ុណ្ណោះ ៕ ហៃ ស៊ីណា​