ស្ថានទូត​ខ្មែរ​នៅ​ចិន​ជួយ​ស្ត្រី​ខ្មែរ​ដែល​ប្ដី​ធ្វើ​បាប​២​នាក់​ឲ្យ​មក​កម្ពុជា​វិញ

ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំ​ទីក្រុង​ក្វាងចូវ នៅ​ប្រទេស​ចិន បាន​អន្តរាគមន៍​ជួយ​ស្ត្រី​ខ្មែរ​រង​គ្រោះ​ចំនួន ២​នាក់ ដែល​ត្រូវ​ប្ដី​ធ្វើ​បាប ឲ្យ​វិល​ត្រឡប់​មក​ដល់​កម្ពុជា វិញ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មករា។

​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ស្ត្រី​ខ្មែរ​ដែល​រងគ្រោះ​ទាំង ២​នាក់ មាន​វ័យ ២៨​ឆ្នាំ​ដូចគ្នា ត្រូវ​បាន​ប្ដី​ធ្វើ​បាប។ ម្នាក់​មក​ពី​ខេត្ត​កំពង់ស្ពឺ និង​ម្នាក់​ទៀត​មក​ពី​ខេត្ត​កំពង់ធំ។

​ទាក់ទង​នឹង​កម្មករ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ឯ​ណោះ​វិញ ក្រសួង​ការបរទេស​ផ្សាយ​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​២៧ មករា ដែរ​ថា តំណាង​ស្ថានទូត​ប្រទេស​កម្ពុជា បាន​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដំឡើង​ប្រាក់​ឈ្នួល​ជូន​ពលករ​ខ្មែរ​ស្រប​ច្បាប់​ចំនួន ២៦០​នាក់ ដែល​រង​នូវ​ការ​រំលោភ​បំពាន​ពី​សំណាក់​និយោជក​នៃ​ក្រុមហ៊ុន​សំណង់​ឈ្មោះ ផូធើម បៀលឌើ (POTEAM BUILDER)  នៅ​ខេត្ត​ឆាក់ឆឹងសៅ (Chachoengsao)។

បន្ទាប់ពី​មាន​ជំនួប​ប្រជុំ​រវាង​តំណាង​ស្ថានទូត តំណាង​មន្ទីរ​ការងារ​ខេត្ត​ឆាក់ឆឹងសៅ តំណាង​និយោជក និង​តំណាង​ពលករ​រួច​មក តំណាង​និយោជក​ក៏​បាន​ឯកភាព​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​ទាំង​នោះ​ដល់​ចំនួន ៣០០​បាត​ក្នុង​មួយ​ថ្ងៃ​ស្មើៗ​គ្នា​សម្រាប់​បុរស និង​ស្ត្រី និង​យល់​ព្រម​ប្រគល់​លិខិត​ឆ្លង​ដែន​ជូន​ពួកគេ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។