បទពិសោធន៍​នារី​ម្នាក់ ៖ ”​បើសិន​ជា​ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់ ចំពោះ​ការ​រួមភេទ ខ្ញុំ​នឹង​ប្រាប់​សង្សារ​ខ្ញុំ ឲ្យប្រើ​ស្រោមអនាម័យ​”

បទពិសោធន៍​នារី​ម្នាក់ ៖ ”​បើសិន​ជា​ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់ ចំពោះ​ការ​រួមភេទ ខ្ញុំ​នឹង​ប្រាប់​សង្សារ​ខ្ញុំ ឲ្យប្រើ​ស្រោមអនាម័យ​”

​ពេល​ដែល​ខ្ញុំ​មាន​អាយុ ១៧ ឆ្នាំ ខ្ញុំ​កំពុង​រៀន​ថ្នាក់​ទី ១១ នៅឡើយ​ទេ ហើយ​ខ្ញុំ​បាន​ណាត់​ជួប ជាមួយនឹង​មិត្ត​ប្រុស​របស់ខ្ញុំ ដែល​ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ ហើយ​ខ្ញុំ ក៏​ចង់ឲ្យ​គេ​ស្រឡាញ់​ខ្ញុំ​វិញ​ខ្លាំង​ផងដែរ​។ គេ​មាន​អាយុ ១៩ ឆ្នាំ​។​

​ថ្ងៃ​មួយ​នោះ យើង​បាន​ណាត់​ជួប​គ្នា​នៅ​ត្រើយម្ខាង នៅ​ខ្ចុះ​ដែល​បិទបាំង​ជិត​ឈឹង​។ យើង​ចាប់ផ្តើម​ថើប​គ្នា ប៉ះពាល់​គ្នា ហើយ​ក៏​ដោះ​ខោអាវ​ចេញ មុន​នឹង​រួមភេទ​។ ពេលនោះ ខ្ញុំ​ពិតជា​មិនសូវ​ដឹង​ថា វា​ជា​អ្វី​ឲ្យ​ពិតប្រាកដ​នោះ​ទេ ហើយក៏​មិន​ចង់​ធ្វើ​វា​ដែរ ពីព្រោះ​វា​ដូចជា​ប្លែកៗ ប៉ុន្តែ ដោយសារ​ស្រឡាញ់​សង្សារ​ម្នាក់​នោះ​ពេក ខ្ញុំ​ក៏​ព្រម​តាម​គេ​។ បន្ទាប់ពីនោះ ខ្ញុំ​ក៏​យំ រុញ​គេ​ចេញ ហើយ​យំទារ​ទៅផ្ទះ​។​

១ ខែ​ក្រោយ​មក ខ្ញុំ​ក៏​មាន​ផ្ទៃពោះ ហើយ​ក៏​យក​កូន​ចេញ ពីព្រោះ​តែ​គេ មិន​ទទួលខុសត្រូវ ហើយ​យើង​ក៏​បែក​គ្នា​រហូត​មកដល់ពេលនេះ​។ ហើយ​ខ្ញុំ​លឺថា គេ​ឥឡូវនេះ កំពុង​ផ្ទុកមេរោគ​អេដស៍​ទៀតផង តែ​ខ្ញុំ មិនទាន់​ហ៊ាន​ទៅ​ពិនិត្យ​មើល​នោះ​ទេ​។​

​អ្វី​ដែល​ខ្ញុំ​ចង់​ណែនាំ ក្មេងៗ​ជំនាន់​ក្រោយ​នេះ គឺថា កុំ​ឆាប់​ប្រឡូក​ក្នុង​សេចក្តីស្នេហា ហើយ​ប្រសិនបើ​ជា​ជ្រុល​មាន​ស្នេហា ទោះយ៉ាងណា ត្រូវ​ចេះ​ការពារ​ខ្លួន និង​ចេះ​និយាយ​បដិសេធ ចំពោះ​ដៃគូ​របស់​អ្នក ប្រសិនបើ​អ្នក មិនទាន់​ត្រៀម​ខ្លួន​រួចរាល់​ទេ សម្រាប់​ការ​រួមភេទ​។​

”​បើសិន​ជា​ខ្ញុំ​ត្រៀម​ខ្លួន​រួចរាល់ ចំពោះ​ការ​រួមភេទ ខ្ញុំ​នឹង​ប្រាប់​សង្សារ​ខ្ញុំ ឲ្យប្រើ​ស្រោមអនាម័យ​ហើយ​”​។​

​ការ​រួមភេទ មិនមែន​ជា​រឿង​ងាយស្រួល ដូច​ការ​ញ៉ាំ​បាយ​នោះទេ គឺថា អ្នក​នឹង​ត្រូវ​ប្រឈម​មុខ​ច្រើន ជាមួយនឹង​បញ្ហា​នានា​រាប់មិនអស់ ពិសេស ការ​រួមភេទ មុន​ពេល​រៀបការ ជាមួយនឹង​សង្សារ​របស់​ខ្លួន​។ យ៉ាងណាក្តី បើ​អ្នក​ទ្រាំ​មិន​បាន ឬ​មិន​អាច​ប្រកែក​បាន អ្នក​ត្រូវ​ចេះ​ការពារ​ខ្លួន ពី​ជំងឺឆ្លង និង​ការ​មាន​ផ្ទៃពោះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។