ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

រដ្ឋ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ CPI នឹង​ធ្វើការ​ស៊ើបអង្កេត​ដំបូង​មួយ​របស់​ខ្លួន​នៅ​ក្រៅ​ទ្វីបអាហ្វ្រិក ដោយ​បណ្តា​ចៅក្រម​តុលាការ​នេះ​កាលពី​ថ្ងៃ​ទី​២៧ មក​រា ផ្តោត​លើ​សង្គ្រាម​ខែសីហា ឆ្នាំ​២០០៨ រវាង​ប្រទេស​ហ្ស​ក​ហ្ស៊ី និង​រុ​ស្ស៊ី​នៅ​អូ​សេ​ទី​ខាងត្បូង ។

ការ​ស៊ើបអង្កេត​នេះ​ជា​លើក​ដំបូង​របស់​តុលាការ CPI ទាក់ទិន​ដល់​ជម្លោះ​មួយ​ដែល​រុ​ស្ស៊ី​ចូលរួម​កើត​មាន​ក្នុង​ពេល​មាន​ភាព​តានតឹង​រវាង​ពួក​លោក​ខាងលិច និង​ក្រុង​មូ​ស្គូ ដែល​ទំនាក់ទំនង​ធ្លាក់​ចុះ​ដុនដាប​រួច​ហើយ ជាមួយ​ការ​ដណ្តើម​យក​តំបន់​គ្រី​មេ និង​ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន រួច​កាន់តែ​តានតឹង​ថែម​ទៀត​ជាមួយ​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី​នៅ​ស៊ី​រី ។

រដ្ឋ​អាជ្ញា​តុលាការ CPI លោកស្រី FATOU BENSOUDA ធ្លាប់​អះអាង​កាលពី​ខែតុលា ឆ្នាំ​២០១៥ ថា មាន​ភស្តុ​តាង​នានា នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​ដោយ​ភាគី​ទាំង​២ ។

បណ្តា​ចៅក្រម​តុលាការ CPI បាន​អនុញ្ញាត​ឱ្យ​មានការ​ស៊ើបអង្កេត ដោយ​វាយតម្លៃ​ថា មាន​មូលដ្ឋាន​សម​ហេតុ​សម​ផល​នានា​គួរ​ឱ្យ​ជឿ​ថា បណ្តា​ឧក្រិដ្ឋក​កម្ម​មាន​ទាំង​ការ​សម្លាប់​មនុស្ស ការ​ធ្វើទុក្ខបុកម្នេញ ការ​ចាប់បង្ខំ​ឱ្យ​ប្រជាជន​ភៀសខ្លួន​ចេញ ការ​លួច​ប្លន់​ត្រូវ​បាន​ប្រព្រឹត្ត​រវាង​ថ្ងៃ​ទី​១ កក្កដា និង​ថ្ងៃ​ទី​១០ តុលា ឆ្នាំ​២០០៨ ។

ប្រធានាធិបតី​ហ្ស​ក​ហ្ស៊ី​សម័យ​នោះ លោក​មី​ខៃ​អុ​ី​ល​សា​អា កា​វី​លី គាំទ្រ​ដោយ​លោក​ខាងលិច បាន​បើក​ធ្វើ​ពី​យប់​ថ្ងៃ​ទី​៧ ទៅ​ទី​៨ សីហា ឆ្នាំ​២០០៨ នូវ​ការ​វាយលុក​មួយ ដើម្បី​ដណ្តើម​យក​តំបន់​អូ​សេ​ទី​ខាងត្បូង ដែល​ប្រកាស​ឯករាជ្យ​តាំងពី​ចាប់ផ្តើម​ជម្លោះ​ក្នុង​ទស​វត្ស​ឆ្នាំ​៩០ ហើយ​បន្ទាប់​មក​មានការ​រលំរលាយ​អតីត​ប្លុក​សូ​វៀត ។ រុ​ស្ស៊ី​បាន​ឆ្លើយ​តប​វិញ​ចំពោះ​ការ​វាយលុក​នេះ​របស់​ហ្ស​ក​ហ្ស៊ី ដោយ​ធ្វើ​ប្រតិបត្តិការ​យោធា​ទ្រង់ទ្រាយ​ធំ​មួយ និង​ដោយ​លុកលុយ​ចូ​ូ​ល​ដែនដី​ហ្ស​ក​ហ្ស៊ី ៕