ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

បន្ទាប់​ពី​អីុតា​លី ប្រធានាធិបតី​អីុរ៉​ង់ លោក​ហា​សាន់ រ៉ូ​ហា​នី បាន​មក​កាន់​បារាំង​ទៀត ដែល​ជា​ដំណាក់កាល​ទី​២ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​អឺរ៉ុប​ផ្តោត​លើ​ការ​ខិតចូល​ជិត​គ្នា​រវាង​ក្រុង​តេ​ហេ​រ៉​ង់ និង​បណ្តា​ប្រទេស​អឺរ៉ុប ក្រោយ​ការ​លុប​ចោល​ទណ្ឌកម្ម​ទាក់ទិន​នឹង​នុយក្លេអ៊ែរ​មក ។ រួច​នា​ថ្ងៃ​ទី​២៨ មក​រា នឹង​មានការ​ចុះហត្ថលេខា​លើ​កុងត្រា​ពាណិជ្ជកម្ម​សំខាន់​ៗ​ជាមួយ​បារាំង ។

ក្រុង​តេ​ហេ​រ៉​ង់​ប្រកាស​រួច​ហើយពី​កិច្ចព្រមព្រៀង​សំខាន់​មួយ​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អឺរ៉ុប AIRBUS ដែល​ផ្តោត​លើ​ការ​ទិញ​យន្តហោះ AIRBUS ដល់​១១៤​គ្រឿង ។ កិច្ចព្រមព្រៀង​មួយទៀត ផ្តោត​លើ​ការ​វិល​ត្រឡប់​ទៅ​អីុ​រ៉​ង់​វិញ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង PSA PEUGEOT CITROEN តាម​រយៈ​ការ​រកស៊ី​ចូល​គ្នា​ជាមួយ​ក្រុមហ៊ុន​អីុរ៉ង់ KHODRO ដែល​នឹង​ផលិត​រថយន្ត​២០០.០០០​គ្រឿង ក្នុង​មួយ​ឆ្នាំ ។

នៅ​អីុ​តា​លី ដែល​លោក​រ៉ូ​ហាន់​នី ទៅ មុន​ពេល​មក​កាន់​ក្រុងប៉ារីស​នា​ថ្ងៃ​ទី​២៧ មក​រា កិច្ចព្រមព្រៀង​១៥ ទាក់ទិន​នឹង​ទឹកប្រាក់​សរុប​ពី​១៥ ទៅ​១៧​ពាន់​លាន​អឺ​រ៉ូ ត្រូវ​បាន​ចុះហត្ថលេខា​រួច​ហើយ ។

ជា​ប្រមុខ​គណៈប្រតិភូ​មួយ លោក​រ៉ូ​ហា​នី មក​កាន់​អឺរ៉ុប ផ្តោត​ជា​ពិសេស​លើ​បញ្ហា​ពាណិជ្ជកម្ម ។ យោង​តាម​អនុរដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អីុ​រ៉​ង់ លោក ASGHAR FAKHRIEH KASHAN ថា អីុ​រ៉​ង់​មាន​បំណង​ជា​ពិសេស​ទិញ​យន្តហោះ AIRBUS A320 A321 និង A330 ដែល​ត្រូវ​ផ្តល់​ឱ្យ​ក្នុងឆ្នាំនេះ និង​ក្នុង​ឆ្នាំ​២០១៧ ។ លោក​ថា ចាប់តាំងពី​ឆ្នាំ​២០២០​ទៅ យើង​នឹង​ទទួល​យន្តហោះ AIRBUS A350 និង A380 ។ យើង​ចង់​ទិញ​យន្តហោះ​យក្ស A380 ចំនួន​៨​គ្រឿង និង A350 ១៦​គ្រឿង ៕