ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់តាំងខ្លួន​ជាតា​បសផង ជា​សង្ឃផង ដើរ​រ៉ៃ​​អង្គាស​ប្រាក់​ពី​ប្រជាពលរដ្ឋ​តាម​ដងផ្លូវ ត្រូវ​បាន​សមត្ថកិច្ច ​និងអាជ្ញាធរស្រុក​បរិបូរ​ណ៏ ​ចាប់​ឃាត់ខ្លួន​សួរនាំ ទើប​ដឹង​ថា ជា​សង្ឃ​ក្លែងក្លាយ ហើយ​​ក៏​ចាប់​ដោះ​ស្បង់ចី​វរចេញ​​ធ្វើ​ការ​អប់​រំ និង​បានឱ្យ​​ត្រឡប់​ទៅ​វិញ​ ដោយ​ធ្វើ​កិច្ចសន្យា​បញ្ឈប់សកម្មភាព ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​វិស័យ​ព្រះ​ពុ​ទ្ឋ​សាស​នា​ចាប់ពី​ពេល​នេះ​តទៅ កាល​ពី​វេលា​ម៉ោង៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី២៨ ​មក​រា ​នៅ​តាម​បណ្តោយផ្លូវជាតិ​លេខ​៥​ ​ស្ថិតនៅ​ក្នុង​ភូមិ​ពន្លៃ ឃុំ​ប​ន្លៃ ស្រុក​បរិបូរ​ណ៍ ។

លោក ថោ​ង មាឃ ប្រធាន​ការិយាល័យ​ធម្មការ​ស្រុក​បរិបូរ​ណ៏ បានឱ្យ​​ដឹង​ថា មាន​ប្រជា​ពលរដ្ឋបាន​រាយ​ការ​ណ៍​ថា មាន​សង្ឃ​មួយ​អង្គគ្រងស្បង់​ចីវរ តែ​គ្មាន​កោស​ក់​​ ដើរ​បិណ្ឌបាតបច្ច័យតាម​ដង​​ផ្លូវ ​ពេល​នោះ​លោក និង​លោក ឃួ​ន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៏ រួម​​នឹង​កង​រាជ​អាវុធហត្ថ​ស្រុក បាន​ទៅ​នាំ​ខ្លួន​សង្ឃ​អង្គ​នោះ​មក​សាកសួរ​នៅ​វត្តពន្លៃ ដោយ​ឱ្យ​​ព្រះ​គ្រូ​ចៅអធិការវត្ត និង​ជា​មន្ត្រី​សង្ឃ ព្រះ​នាម កង សា​រ៉ុ​ន ធ្វើការ​សាកសួរ ។

​លោក​បាន​បន្ត​ថា ក្រោយ​ពី​សាកសួរ គឺ​សង្ឃ​អង្គ​នោះ​គ្មានលិខិត​​សម្គាល់​​អ្វី​ទាំងអស់ ​ឈ្មោះ ឈុំ សូ​រិ​យ​ព​ល្លៈ អាយុ​៣៧​ឆ្នាំ មាន​ម្តាយ​ឈ្មោះ វ​ណ្ណា នៅ​ភូមិ​អណ្តូង​ស្នាយ
ស្រុក​រលាប្អៀរ ។ សង្ឃ​ក្លែងក្លាយ​រូប​នោះ​ម្តង​ថា និមន្ត​បិណ្ឌបាត យក​បច្ច័យកសាង​វត្ត ម្តង​ថា យកបច្ច័យឱ្យ​​ម្តាយ ​​ម្តង​ថា ខ្លួន​ជាស​អ​ង្ឃ និង​ម្តងទៀត​ថា ​ខ្លួន​ជាតា​បស្ស  ហើយ​ថា ខ្លួន​ដើរ​ពេញស្រុក​ខ្មែរ គ្មាន​អ្នក​ណា​ឃាត់​ឡើយ  ។

មន្ត្រី​សង្ឃ​ស្រុក​ ​បាន​មាន​សង្ឃ​ដី​កា​បន្ត​​ថា បើជា​សង្ឃពិតប្រាកដ ​​មិន​​បិណ្ឌបាតបច្ច័យតាម​ទី​សាធារណៈបែប​នេះ​ទេ មើល​តាម​លក្ខណៈ គឺ​គ្មានត្រង់​ណា​បញ្ជាក់​ថា​ជា​សង្ឃ​ពិតប្រាកដ​សោះ​ សូ​ម្បីការ​​គ្រង​ស្បង់​ក៏​មិនមែន​ស្បង់​ចី​វររបស់​សង្ឃ​ដែរ គ្មាន​សំពត់​ងូត គ្មាន​ស្បង់​ចី​វរ​ត្រឹមត្រូវ តែ​គ្រប​ត​ណ្ត​ប់​ដោយ​ក្រណាត់​ជ្រលក់​ព​ណ៌​លឿងទៅ​វិញ ថែម​ទាំង​ទុក​សក់​វែង​ទៀត ​បើ​ហៅ​ថា តាបស ក៏​មិន​ត្រូវ ព្រោះ​តាបស ស្លៀក​ស ពាក់​ស ។ ដោយសារ​តែ​យល់​ថា ជា​មនុស្ស​ក្លែងធ្វើ​ជា​សង្ឃ​បែប​នេះ ​ទើប​ព្រះ​គ្រួ​ចៅ​អធិ​ការ​វត្ត ប្រគល់​បុរស​ក្លែង​ធ្វើ​សង្ឃ​ដើរ​បិណ្ឌបាតបច្ច័យរូប​នោះទៅឱ្យ​​សមត្ថកិច្ច​ដោះ​ស្បង់​ក្លែងក្លាយ​នោះ​ចេញ ហើយឱ្យ​​ស្លៀក​ពាក់​​ខោអាវ​ធម្មតា ដោយ​មិន​យកទោស​ពៃ​អ្វី​ឡើយ តែ​បាន​ធ្វើ​កិច្ចសន្យា​ប​ញ្ឈប់​​សកម្មភាព​​​នាំ​​ឱ្យ​​ប៉ះពាល់ដល់​វិស័យព្រះ​ពុ​ទ្ឋ​សាសនា​នេះ​តទៅ​ទៀត ​​រួច​ក៏​អនុ​ញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​វិញ ៕​