បុគ្គលិក​ធនាគារ​អេស៊ីលីដាជាង ២០០​នាក់ ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ជួយ​ដល់​អ្នក​ដែល​ត្រូវការ​ឈាម​

ភ្នំពេញ​: មិន​ត្រឹមតែ​ផ្តល់នូវ​សេវា​ឥណទាន​ប៉ុណ្ណោះ​ទេ តែ​ធនាគារ​អេស៊ីលីដា ក៏បានផ្តល់​ឈាម​ជូន​ដល់​ប្រជាពលរដ្ឋ និង​ជនរងគ្រោះ​ផងដែរ​។ បុគ្គលិក​របស់​ធនាគា​រ អេស៊ីលីដា ភីអិលស៊ី ជាង ២០០​នាក់ បាន​ស្ម័គ្រចិត្ត ផ្តល់​ឈាម​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ កន្លងមកនេះ នៅ​ទីស្នាក់ការ​ធនាគារ អេស៊ីលីដា ភីអិលស៊ី​។​

​លោកស្រី សូ ផន​ណា​រី ប្រធាន​នាយក​ប្រតិបត្តិ​ស្តីទី​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា ថ្ងៃនេះ ថ្នាក់ដឹកនាំ និង​កម្មករនិយោជិត​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់​ថ្នាក់ នៅ​ការិយាល័យ​កណ្តាល និង នៅ​សាខា​ជុំវិញ​រាជធានី​ភ្នំពេញ សរុប​ជាង ២០០​នាក់ បាន​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​និង​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ពី​គ្រប់​មជ្ឈដ្ឋាន​។​

​លោកស្រី​បាន​បន្តថា មូលហេតុ​ដែលមាន​ការ​ផ្តល់​ឈាម​ដោយសារ​ធនាគារ​យល់ឃើញ​ថា នៅ​ជ​ម្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាម នៅមាន​កង្វះខាត ឈាម ដើម្បី​ផ្តល់​ទៅតាម​តម្រូវការ​នៅតាម​មន្ទីរពេទ្យ​នានា ដែល​អ្នកជំងឺ​តម្រូវការ​ឈាម​ដូច្នេះហើយ បានជា​ធនាគារ អេស៊ីលីដា ចង់​រួមចំណែក ជាមួយ​សកម្មភាព​សង្គម ក៏ដូចជា​ទឹកចិត្ត​មនុស្សធម៌​ក្នុងការ​ផ្តល់​ឈាម​ទៅដល់​ជនរងគ្រោះ ក៏ដូចជា​អ្នកជំងឺ​។​

​លោកស្រី បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ​នៃ​ការផ្តល់​ឈាម​ជូន​ទៅដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។ លើក​ទី​១​នៅ​ឆ្នាំ​២០១២ ដែលមាន​បុគ្គលិក សរុប​ទាំងអស់​ជាង​៥០០​នាក់​មកពី​ទូទាំងប្រទេស​ឆ្នាំនេះ សរុប​ជាង​២០០​នាក់ នៅ​ការិយាល័យ​កណ្តាល និង​សាខា​នៅ​ជុំវិញ រាជធានី​ភ្នំពេញ​។​

​លោកស្រី សូ ផន​ណា​រី បានបញ្ជាក់​បន្ថែមថា សកម្មភាព​នេះ​ជាការ​ចូលរួមចំណែក​នៅ​ក្នុងសង្គម​ជួយ​ដល់​ប្រទេសជាតិ​យើង ជនរងគ្រោះ​ឬក៏​អ្ន​ជំងឺ​ត្រូវការ​ឈាម​ជាបន្ទាន់​ហើយ​ការរួមចំណែក​នូវ​ទឹកចិត្ត​មនុស្សធម៌​របស់​ធនាគា​រ​អេស៊ីលីដា​ដែល​តែងតែ​គិត​ទៅលើ​មនុស្ស ផែនដី គឺ​យើង​មិនមែន​គិតតែ​ប្រាក់ចំណេញ​នោះទេ​។ ថ្មី​ត្បិតតែ​ជា​សកម្មភាព​ជំនួញ​ប៉ុន្តែ​យើង​ត្រូវ​គិតពី​ប្រជាជន​នៅលើ​ផែនដី​ក៏ដូចជា​នៅក្នុង​ប្រទេស​យើង​, បរិស្ថាន​ដែល​យើង​រស់នៅ អីចឹង​ការចូលរួម​ក្នុង​សកម្មភាព​សង្គម​ជាការ​តាំងចិត្ត​របស់​យើងទាំងអស់គ្នា​មិនមែន​សម្រាប់តែ​រាជរដ្ឋាភិបាល​ទេ ចំពោះ​ប្រជាជន​យើងទាំងអស់គ្នា​ក៏មាន​កាតព្វកិច្ច​ក្នុងការ​ចូលរួម​ជួយ​ដល់​សង្គមជាតិ​យើង​ក្នុង​សកម្មភាព​មនុស្សធម៌ ការបរិច្ចាក ។ ពុទ្ធ​ឪ​វាទ ក៏បាន​លើក​ដែរ​ថា កាលដែល​យើង​សាង​អំពើ​ល្អ , សេចក្តី​ល្អ នោះ​អំពើ​ល្អ​និង​សេចក្តី​ល្អ​នឹង​ផ្តល់​ឲ្យ​យើង​វិញ​មិន​ខាន​។​

​លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​បាន​មានប្រសាសន៍ថា សព្វថ្ងៃនេះ យើង​មិនទាន់មាន​ឈាម​ដែលមាន​ប្រភពពី​អ្នកស្ម័គ្រចិត្ត គ្រប់គ្រាន់​សម្រាប់​ជួយសង្គ្រោះ​ជីវិត​មនុស្ស ដែល​ត្រូវការ​ឈាម​បន្ទាន់​នៅឡើយ​ទេ​។ ក្នុង​មួយថ្ងៃ​គ្រាន់តែ​នៅ​រាជធានី​ភ្នំពេញ ត្រូវការ​ឈាម​ចន្លោះ​ពី ៨០ ទៅ ១០០ ប្លោក សម្រាប់​ជួយសង្គ្រោះ​ជនរងគ្រោះ និង​អ្នក​ជម្ងឺ ហើយ​នៅ​ទូទាំងប្រទេស​ត្រូវការ​ឈាម​ប្រមាណ​១៥០ ប្លោក ជា​រៀងរាល់ថ្ងៃ​។ ដូចនេះ យើង​ត្រូវការ​ឈាម​បន្ថែមទៀត ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​បន្ទាន់​។​

​លោក​វេជ្ជបណ្ឌិត  បាន​ជំរុញ និង​អំពាវ​ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ជាពិសេស​ក្រុមយុវជន​មេត្តា​ចូលរួម​បរិច្ចាគ​ឈាម ដើម្បី​យកទៅជួយ ជនរងគ្រោះ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ហើយ សកម្មភាព​ទាំងនេះ ពិតជា​បាន​ចូលរួមចំណែក​យ៉ាងខ្លាំង​លើ​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​។​
 
​លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់ថា បើសិនជា​គ្មាន​ការចូលរួមចំណែក​ពី​សប្បុរសជន​ទាំងឡាយ​នោះ មជ្ឈមណ្ឌល​ក៏​មិនអាច​ទ្រទ្រង់ និង​ផលិត​ឈាម​ដោយ​ខ្លួនឯងបាន​នោះឡើយ ដូច្នេះ​ការចូលរួមរ​បស់បង​ប្អូន​ពិតជា​មាន​សារសំខាន់​យ៉ាងខ្លាំង​ណាស់​។  

​ជាមួយគ្នា​នោះ​លោក​វេជ្ជបណ្ឌិត ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ថ្នាក់ដឹកនាំ​និង​កម្មករនិយោជិត​ធនាគារ​អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់​ថ្នាក់ ដែល​បាន​បរិច្ចាគ​ឈាម​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដើម្បី​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​នោះ​។​

​គួររំលឹកថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ​ធនាគារ អេស៊ីលីដា ឡាវ លី​មី​ធី​ត​, អេស៊ីលីដា ស៊ី​ឃ្យួ​រឹ​ធី ភីអិលស៊ី​, អេស៊ីលីដា ត្រេ​ន​នី​ង សេន​ធ័​រ​, ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មី​យ៉ាន់​ម៉ា​, និង អេស៊ីលីដា ប្រូ​ភើ​ធី អិ​ល​ធី​ឌី​។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទ្រព្យសកម្ម​សរុប​ចំនួន​ជាង ៣.៨៤៤ លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ២.៤៥៤ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ២.៦១៦ លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៥ កន្លងមកនេះ​៕​