ក្រសួងទេសចរណ៍ ពិភាក្សា​និង​អនុម័ត​លើ​សេចក្ដីព្រាង ស្ដង់ដារ​សណ្ឋាគារ​បៃតង​កម្ពុជា​

ភ្នំពេញ: កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ នៅ​ក្រសួងទេសចរណ៍ បានរៀបចំ​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍​ដើម្បី ពិភាក្សា និង​អនុម័ត​លើ​សេចក្ដីព្រាង “​ស្ដង់ដារ​សណ្ឋាគារ​បៃតង កម្ពុជា​” ។​

​របាយការណ៍​របស់​ក្រសួងទេសចរណ៍ បានលើកឡើង​ពាក់ព័ន្ធ​នឹង​សេចក្ដីព្រាង “​ស្ដង់ដារ​សណ្ឋាគារ​បៃតង​កម្ពុជា​” នាយកដ្ឋាន​ឧស្សាហកម្ម​ទេសចរណ៍ បាន​គោរព​រាយការណ៍​ជូន​អង្គប្រជុំ​នូវ​សារបាន​នៃ​ការរៀបចំ​ដោយ​ផ្អែកលើ​គោលការណ៍​គ្រឹះ​ចំនួន ៤ គឺ​ការយកចិត្តទុកដាក់​ថែរក្សា បរិស្ថាន ការប្រើប្រាស់​ផលិតផល​បៃតង ការគ្រប់គ្រង​សំណល់ ការគ្រប់គ្រង​គុណភាព​ខ្យល់ និង​សារ​ធាតុគីមី​។​

​ប្រភព​ដដែល​ល​បាន​បន្តថា សេចក្ដីព្រាង​ស្ដង់ដារ​សណ្ឋាគារ​បៃតង​កម្ពុជា​នេះ រួមមាន ១១ សូចនាករ​គោល (២៧ សូចនាករ​លម្អិត ៧៣ លក្ខណវិនិច្ឆ័យ និង ៤៤ លក្ខណវិនិច្ឆ័យ​តម្រូវ​ចាំបាច់​) ដែល​រួមមាន​៖
    
- ការលើកកម្ពស់​គុណភាព​បរិស្ថាន និង​អនុវត្ត​សកម្មភាព​ជាក់ស្ដែង​សម្រាប់​ប្រតិបត្តិការ​អាជីវកម្ម សណ្ឋាគារ រួមមាន ការផ្សព្វផ្សាយ​គោលការណ៍​លើកកម្ពស់​គុណភាព​បរិស្ថាន ការរៀបចំ​កម្មវិធី និង កម្មវិធី​តាមដាន និង​ត្រួតពិនិត្យ​ក្នុងការ​គ្រប់គ្រង​បរិស្ថាន សម្រាប់​ដំណើរការ​អាជីវ​កម្មស​ណ្ឋា​គារ​។​
- ការប្រើប្រាស់​ផលិតផល​បៃតង រួមមាន ការ​ជម្រុញ និង​លើកទឹកចិត្ត​ឱ្យប្រើ​ប្រាស់​ផលិតផល​ក្នុងស្រុក សម្រាប់​ប្រតិបត្តិការ​អាជីវ​កម្មស​ណ្ឋា​គារ​។​
- ការចូលរួម​ការអភិវឌ្ឍ​សហគមន៍ រួមមាន កម្មវិធី​លើកកម្ពស់​ការយល់ដឹង​អំពី​បរិស្ថាន​ដល់​ប្រជា​ពល រដ្ឋ​ក្នុង​សហគមន៍ ការចូលរួម​លើកកម្ពស់​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​របស់​ប្រជាពលរដ្ឋ​ក្នុង​សហ គម​ន៍​។​
- កម្មវិធី​អភិវឌ្ឍន៍​ធនធានមនុស្ស រួមមាន ការរៀបចំ​កម្មវិធី​ប​ណ្ដុះ​បណ្ដាល​បុគ្គលិក និង​កម្មវិធី​ផ្សព្វផ្សាយ បណ្ដុះបណ្ដាល​បន្ត​អំពី​សង្គម​។​
- ការគ្រប់គ្រង​សំណល់​រឹង រួមមាន ការណែនាំ​ពន្យល់​បង្ហាញ​អំពី​បច្ចេកទេស​ក្នុងការ​គ្រប់គ្រង​កាកសំណល់ ការលើកទឹកចិត្ត​ឱ្យ​បុគ្គលិក​សណ្ឋាគារ និង​ភ្ញៀវ​ឱ្យ​ចូលរួម​គាំទ្រ​យុទ្ធសាស្ត្រ​គ្រប់គ្រង​សំណល់​។​
 - ការប្រើប្រាស់​ថាមពល​ប្រកបដោយ​ប្រសិទ្ធភាព រួមមាន ការណែនាំ​បុគ្គលិក និង​ភ្ញៀវ​អំពី​បច្ចេកទេស និង​ឧបករណ៍​ដែល​ជួយ​សន្សំសំចៃ​ថាមពល ព្រមទាំង​របាយការណ៍​វឌ្ឍនភាព​នៃ​ការប្រើប្រាស់​ថាមពល​។​
 - ប្រសិទ្ធភាព​ក្នុងការ​ប្រើប្រាស់​ទឹក និង​គុណភាព​ទឹក រួមមាន ការណែនាំ​បុគ្គលិក និង​ភ្ញៀវ​អំពី​បច្ចេកទេស ដែល​ជួយ​សន្សំសំចៃ​ទឹក​
 - ការគ្រប់គ្រង​គុណភាព​ខ្យល់ រួមមាន ការបែងចែក​កន្លែង​ដែល​ភ្ញៀវ​អាច​ពិសា​បារី​បាន និង​មិន​អនុញ្ញាត ឱ្យ​ពិសា​បារី​។​
 - ការគ្រប់គ្រង​ការបំពុល​បរិស្ថាន​សម្លេង រួមមាន ផែនការ​ត្រួតពិនិត្យ និង​តាមដាន​ការបំពុល​បរិស្ថាន ដោយ​សម្លេង​។​
 - ការគ្រប់គ្រង និង​ការធ្វើ​ប្រព្រឹត្ត​កម្ម​សំណល់​រាវ រួមមាន យន្តការ​ការពារ និង​កាត់បន្ថយ​ការបំពុល​ទឹក និង​ការធ្វើ​ប្រព្រឹត្ត​កម្ម​សំណល់​រាវ​។​
 - ការគ្រប់គ្រង​ផលិតផល និង​សំណល់ ដែលមាន​សារធាតុ​គីមី និង​ជាតិពុល រួមមាន ការគ្រប់គ្រង​ការ ប្រើប្រាស់​ផលិតផល​គីមី និង​មាន​សារធាតុពុល ការគ្រប់គ្រង​សំណល់​គីមី និង​មាន​សារធាតុពុល​។​

​គួរកត់សម្គាល់​ផងដែរ​ថា ស្តង់ដារ​សណ្ឋាគារ​បៃតង​កម្ពុជា​បាន​បាន​ប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​ជាច្រើនលើក​រួចហើយ​៖
- នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៤ បាន​ជួបប្រជុំ​ជាមួយ​ផ្នែក​ឯកជន ដើម្បី​ពិនិត្យ និង​ពិភាក្សា​នៅ​សណ្ឋាគារ អង្គរ​ស៊ិន​ជូ​រី ខេត្តសៀមរាប​
- នៅ​ខែមេសា ឆ្នាំ​២០១៤ បានរៀបចំ​ប្រជុំ និង​ធ្វើ​បទ​បង្ហាញ​ឆ្លង​ថ្នាក់​អគ្គនាយកដ្ឋាន​
- នៅ​ខែមិថុនា ឆ្នាំ​២០១៤ បានរៀបចំ​ប្រជុំ និង​ធ្វើ​បទ​បង្ហាញជូន​ភាគី​ឯកជន​
- នៅ​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៥ បានធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​ថៃ ដើម្បី​ដក​បទ ពិសោធន៍​ក្នុងការ​រៀបចំ​ស្ដង់ដារ​សណ្ឋាគារ​បៃតង​កម្ពុជា ឱ្យស្រប​ទៅ​និង​ស្ដង់ដារ​សណ្ឋាគារ​បៃតង​អាស៊ាន​៕