អង្គភាព គាំពារជនរងគ្រោះ នៃតុលាការ ខ្មែរក្រហម ទទួលបានការគាំទ្រ ហិរញ្ញវត្ថុពី UNTF

ភ្នំពេញ៖ អង្គភាព គាំពារជនរងគ្រោះ នៃអង្គជំនុះជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ឬតុលាការខ្មែរក្រហម ទទួលបានជំនួយផ្នែក ហិរញ្ញវត្ថុពីមូលនិធិអង្គការសហប្រជាជាតិ ដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តី (UNTF) សម្រាប់អនុវត្តគម្រោង ដែលជាដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះពីអំពើហិង្សាលើស្រ្តី ក្នុងសម័យខ្មែរក្រហម។

យោងតាម សេចក្ដីប្រកាសព័ត៌មាន របស់តុលាការខ្មែរក្រហមបានឲ្យដឹងថា “មូលនិធិអង្គការសហប្រជាជាតិ ដើម្បីលុបបំបាត់អំពើហិង្សាលើស្រ្តី (UNTF) បានផ្តល់មូលនិធិចំនួន ១លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងដើមបណ្តឹងរដ្ឋប្បវេណី និងជនរងគ្រោះពីអំពើហិង្សា លើស្រ្តីក្នុងសម័យខ្មែរក្រហម។ រយៈពេល៣ឆ្នាំ ដោយចាប់ពីខែមករា ឆ្នាំ២០១៦នេះតទៅ ក្រោមកម្មវិធីវិធានការនានា ក្រៅបច្ចេកទេស តុលាការនៃ តុលាការខ្មែរក្រហ”។

សេចក្ដីប្រកាសបន្តថា ទិសដៅនៃជំនួយហិរញ្ញវត្ថុនេះ គឺដើម្បីឲ្យប្រាកដថា ស្រ្តីដែលជាដើមបណ្តឹងរដ្ឋប្បវេណី ពិសេសជនរងគ្រោះអំពើ ហិង្សាយេនឌ័រ ក្នុងសម័យខ្មែរក្រហមមានលទ្ធភាពទទួលបាន និងសប្បាយរីករាយជាមួយ និងកិច្ចដំណើការស្វែងរកយុត្តិធម៌ និងសំណង នៅចុងឆ្នាំ២០១៨។

សូមបញ្ជាក់ថា គម្រោងនេះនឹងចូលរួមចំណែក ក្នុងការសម្រេចគោលបំណងចម្បងនៃអង្គការស្រ្តី ក្នុងការការពារ និងបញ្ឈប់អំពើហិង្សាលើស្រ្តី និងកុមារក្នុងសង្គមបច្ចប្បន្នផងដែរ៕