សម្តេច ហេង សំរិន ស្នើគណៈប្រតិភូសភា និយាយភាសាបារំាង ជួយផ្សព្វផ្សាយ និងជំរុញភ្ញៀវទេសចរ មកទស្សនាកម្ពុជា

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ស្នើឲ្យគណៈប្រតិភូសភានិយាយភាសាបារំាង ជួយផ្សព្វផ្សាយពីសក្តានុពលរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ក្នុងគោលបំណងទាក់ទាញ និងជំរុញឲ្យភ្ញៀវទេសចរនៅប្រទេសទាំងនោះ មកទស្សនាកំសាន្តនៅកម្ពុជា។

កិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍សភា និយាយភាសាបារំាងនេះកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធឡើង នៅសណ្ឋាគារ Angkor Palace Resort  and Spa ក្នុងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៨-៣០ ខែមករា ឆ្នាំ២០១៦ មានប្រទេសចំនួន១៤ ក្នុងចំណោម ប្រទេសជាសមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន១៦ ចូលរួម ដែលមានគណៈប្រតិភូ ចំនួនជាង ៧០រូប។

បើតាមគេហទំព័ររបស់រដ្ឋសភា សម្តេច ហេង សំរិន បានមានប្រសាសន៍ថា “រីករាយ និងសូមស្វាគមន៍ចំពោះគណៈប្រតិភូ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប”។ សម្តេចបានស្នើគណៈប្រតិភូទំាងអស់ ជួយជំរុញលើកទឹកចិត្តដល់ ពលរដ្ឋរបស់ពួកគេមកធ្វើទេសចរណ៍ នៅកម្ពុជាបានកាន់តែច្រើន។

សម្តេចបានបន្ដថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍សភា និយាយភាសាបារាំង ដែលសភាកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះ ម្តងហើយ កាលពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ។ ដូច្នេះទើបនៅលើកនេះ សភាកម្ពុជា បានសម្រេចរៀបចំកិច្ចប្រជុំនេះ នៅលើទឹកដីអង្គរវិញម្តង ដើម្បីផ្តល់ជូននូវបរិយាកាសថ្មី រីករាយ ជូនដល់គណៈប្រតិភូឲ្យបានឃើញដោយផ្ទាល់ នូវទីក្រុងប្រវត្តិសាស្រ្តរបស់កម្ពុជា និងបានទស្សនា ប្រាង្គប្រាសាទបុរាណល្បីៗ ដែលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក មានអាយុកាលជាច្រើនសតវត្សរ៍។ សម្តេចបន្តថា ប្រតិភូសភានិយាយ ភាសាបារំាង នៅលើទឹកដីអង្គរនាពេលនេះ នឹងជួយផ្សព្វផ្សាយបន្តឲ្យពិភពលោក បានស្គាល់កម្ពុជាឲ្យកាន់តែច្បាស់៕

សម្តេច ហេង សំរិន ស្នើគណៈប្រតិភូសភា និយាយភាសាបារំាង ជួយផ្សព្វផ្សាយ និងជំរុញភ្ញៀវទេសចរ មកទស្សនាកម្ពុជា

សម្តេច ហេង សំរិន ស្នើគណៈប្រតិភូសភា និយាយភាសាបារំាង ជួយផ្សព្វផ្សាយ និងជំរុញភ្ញៀវទេសចរ មកទស្សនាកម្ពុជា