ពលរដ្ឋ​ស្រុក​សង្កែ​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​ពី​បញ្ហា​រថយន្ត​ដឹក​ដី​ធ្វើ​ឲ្យ​ខូច​ផ្លូវ​និង​ដី​ហុយ

ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​អន្លង់វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង រិះគន់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ដី​លក់ ថា​បើកបរ​ដឹក​ធ្ងន់ ធ្វើ​ឲ្យ​ខូច​ផ្លូវ និង​បើក​លឿន បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ស្រុក ជាពិសេស ក្មេងៗ​ទៅ​សាលា​រៀន ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ទាក់ទិន​នឹង​បញ្ហា​នេះ មេ​ឃុំ​អន្លង់វិល បញ្ជាក់​ថា អាជ្ញាធរ​ឃុំ នឹង​ចាត់​វិធានការ​លើ​ការងារ​នេះ ប្រសិន​បើ​រថយន្ត​ដឹក​ដី​នោះ​ពិត​ជា​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។

នៅ​វាលស្រែ​ក្បែរ​ផ្ទះ​អ្នក​ស្រុក ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ នៃ​ភូមិ​ស្ពង់ ឃុំ​អន្លង់វិល មាន​អេស្កវាទ័រ​ចំនួន ២​គ្រឿង ចូក​ដី​ក្នុង​ស្រះ​តែ​មួយ​ដាក់​រថយន្ត​យ៉ាង​មមាញឹក។ នៅ​ក្នុង​ស្រះ​នោះ កន្លែង​ខ្លះ​មាន​ជម្រៅ ១០​ម៉ែត្រ និង​ទំហំ​ទទឹង​ប្រមាណ ១០០​ម៉ែត្រ និង​បណ្ដោយ ២៥០​ម៉ែត្រ។

នៅ​ទី​វាល​នោះ ប្រមាណ​ជា ១០​នាទី មាន​រថយន្ត​ធំ​ចំណុះ​ប្រហែល ២០​តោន ចូល​ដឹក​ដី​បន្ត​កន្ទុយ​គ្នា​រដឹក យក​ទៅ​លក់​ឲ្យ​ពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង និង​នៅ​ឃុំ​អន្លង់វិល។

ពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិ​ស្ពង់ ក្បែរ​អាជីវកម្ម​លក់​អាចម៍​ដី​នោះ លើក​ឡើង​ស្រដៀង​គ្នា​ថា រថយន្ត​ដឹក​ដី​នេះ បាន​បង្ក​ការ​លំបាក​ដល់​ការ​រស់នៅ​របស់​ពួក​គាត់​ជា​ខ្លាំង ប៉ុន្តែ​ពុំ​ដឹង​ធ្វើ​យ៉ាង​ណា ដើម្បី​បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ដឹក​ដី​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​បាន​នោះ​ឡើយ។ អ្នក​ភូមិ​បញ្ជាក់​ថា ទុក្ខ​លំបាក​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ គឺ​រថយន្ត​ដឹក​ដី​ធ្ងន់ ធ្វើ​ឲ្យ​ខូច​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ ដោយសារ​ផ្លូវ​តូច​ចង្អៀត រថយន្ត​បើក​លឿន និង​ដី​ហុយ ជាដើម៖ «ឡាន​ដឹក​ដី​ធំៗ​នោះ បើកបរ​លឿន ហើយ​អត់​មាន​ស៊ីផ្លេ​ទេ។ នៅ​ពេល​បើក​មក​ដល់​ម្ដង​ដី​ហុយ ហើយ​គេ​ចាក់​ទឹក​ទៅ​រអិល​ដួល ពិបាក​ធ្វើ​ដំណើរ​ណាស់»

ក្រៅ​អំពី​បញ្ហា​នេះ​ហើយ នៅ​មាន​បញ្ហា​ប្រឈម​មួយ​ទៀត​របស់​អ្នក​ភូមិ គឺ​ដោយសារ​ស្រះ​ខ្លះ​ជីក​ជម្រៅ ១០​ម៉ែត្រ និង​មាន​ទំហំ​ធំ ធ្វើ​ស្រូវ​ពុំ​បាន​ផល​ល្អ​ដូច​ពេល​មិន​ទាន់​ជីក​ស្រះ ពីព្រោះ​បាក់​ដី​ស្រែ​ចូល​ស្រះ និង​ដី​ស្រែ​គ្មាន​ទឹក​គ្រប់គ្រាន់ ដោយសារ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ស្រះ​អស់។ ជាង​នេះ​ទៀត ការ​ធ្វើ​ដំណើរ​របស់​សិស្ស​សាលា ក៏​ជា​បញ្ហា​សំខាន់​ដែរ។ ពួក​គេ​ភាគ​ច្រើន​លើក​ឡើង​ថា នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​សាលា​រៀន​ម្ដងៗ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត​ខ្ពស់ បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​រថយន្ត​កៀរ​ទម្លាក់​អូរ​ជា​ពុំ​ខាន ព្រោះ​ផ្លូវ​តូច​ចង្អៀត។ ម្យ៉ាង រថយន្ត​បើក​លឿន​ដោយ​មិន​គិត​ដល់​អ្នក​ធ្វើ​ដំណើរ​ឡើយ។ អ្នក​ភូមិ​ព្រួយ​បារម្ភ​ពី​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​របស់​សិស្ស​សាលា​ជា​រៀង​រាល់​ថ្ងៃ៖ «បើ​គាត់​ក្រាល​ក្រួស​ក្រហម​ឲ្យ មិន​សូវ​ជា​បញ្ហា​ប៉ុន្មាន​ទេ។ តែ​នេះ​គាត់​ចាក់​ដី​ស្រែ​ធ្វើ​ឲ្យ​រអិល និង​ស្អិត​ជាប់​កង់​ម៉ូតូ​រាល់​ថ្ងៃ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ម្ចាស់​អាជីវកម្ម​រថយន្ត​ដឹក​ដី លោក វង់ រស្មី មាន​ប្រសាសន៍​ថា ដី​ស្រះ​នោះ​លោក​ទិញ​ពី​ប្រជាពលរដ្ឋ ដើម្បី​ជីក​យក​អាចម៍​ដី​លក់​ឲ្យ​អតិថិជន​នៅ​ជិតៗ ដូចជា​ឃុំ​អន្លង់វិល និង​នៅ​ក្រុង​បាត់ដំបង ជាដើម។ លោក​បញ្ជាក់​ថា តម្លៃ​ដី​ដឹក​លក់​រាល់​ថ្ងៃ បើ​ដឹក​ដល់​ក្រុង​បាត់ដំបង ពី ២០​ដុល្លារ​ទៅ ២៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឡាន។ ចំណែក​ឯ​នៅ​ជិតៗ ពី ៧​ដុល្លារ​ទៅ ១០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឡាន។ លោក​អះអាង​ថា អាជីវកម្ម​របស់​លោក ដំណើរ​ការ​ជាង ១​ឆ្នាំ​ហើយ គឺ​លោក​តែង​តែ​ទទួល​ខុស​ត្រូវ​នូវ​ផល​ប៉ះពាល់​ទាំងអស់​របស់​ប្រជាពលរដ្ឋ ទាំង​ការ​ជួសជុល​ផ្លូវ និង​ការ​ប៉ះពាល់​ដី​ស្រែ ជាដើម៖ «នៅ​ពេល​មាន​បញ្ហា​អី ខ្ញុំ​បាន​ដោះស្រាយ​ឲ្យ​ពួក​គាត់​ដែរ​តើ។ បើ​ខ្ញុំ​អត់​ដោះស្រាយ​ឲ្យ​ពួក​គាត់​ទេ ខ្ញុំ​ក៏​មិន​អាច​រត់​តាម​ផ្លូវ​នេះ​បាន​ដែរ»

យ៉ាង​ណា​ក៏ដោយ រថយន្ត​ដឹក​ដី​នោះ​ពុំ​មាន​ច្បាប់​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ​នោះ​ទេ។ ត្រង់​ចំណុច​នេះ ម្ចាស់​អាជីវកម្ម​បញ្ជាក់​ថា កំពុង​ដំណើរ​ការ​សុំ​ច្បាប់​ប្រកប​អាជីវកម្ម​របស់​ខ្លួន​ហើយ។ លោក​អះអាង​ថា ហេតុ​ដែល​មិន​បាន​សុំ​ច្បាប់ ដោយសារ​កន្លង​មក​ធ្វើ​អាជីវកម្ម​មិន​បាន​ទៀងទាត់។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បាត់ដំបង ដើម្បី​អត្ថាធិប្បាយ​ជុំ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ មករា។

មេ​ឃុំ​អន្លង់វិល លោក ទូច ស្វាង មាន​ប្រសាសន៍​ថា អាជីវកម្ម​នេះ​ទទួល​ជួសជុល​ផ្លូវ ប្រសិន​បើ​ផ្លូវ​ខូច។ ទោះ​យ៉ាង​នេះ​ក្ដី លោក​ថា ប្រសិន​បើ​ក្រុមហ៊ុន​នេះ​ដឹក​លើស​ចំណុះ និង​បើក​លឿន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ លោក​នឹង​បញ្ឈប់​អាជីវកម្ម​នេះ​តែ​ម្ដង៖ «ខ្ញុំ​ធ្វើ​អ្វី​ទាំងអស់ គឺ​ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ហើយ។ ខ្ញុំ​បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​ម្ចាស់​អាជីវកម្ម កក់​លុយ​ទុក​សម្រាប់​ធ្វើ​ផ្លូវ ហើយ​មិន​ឲ្យ​បើក​លឿន​នោះ​ទេ»

ទោះ​យ៉ាង​ណា មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ពន្យល់​ថា បើ​ទោះ​ជា​អាជីវកម្ម​នេះ​មាន​កិច្ចសន្យា​ជួសជុល​ផ្លូវ​ឡើង​វិញ​ក៏ដោយ ក៏​ពុំ​មែន​ជា​ការ​សំខាន់​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​នោះ​ឡើយ។ លោក​បញ្ជាក់​ថា បញ្ហា​សំខាន់ គឺ​ត្រូវ​ណែនាំ​ទៅ​អ្នក​បើកបរ​រថយន្ត​ដឹក​ដី ឲ្យ​ប្រុង​ប្រយ័ត្ន និង​គោរព​ច្បាប់​ចរាចរណ៍​ក្នុង​ការ​បើកបរ​ជា​ការ​ប្រសើរ៖ «អ៊ីចឹង បញ្ហា​សំខាន់​យើង​ត្រូវ​មាន​វិធានការ គឺ​អាជ្ញាធរ​មិន​គប្បី​ចាំ​តែ​ប្រជាពលរដ្ឋ​គាត់​ប្ដឹង បាន​ចាត់​វិធានការ​នោះ​ទេ»

កន្លង​ទៅ ប្រជាពលរដ្ឋ​នៅ​សង្កាត់​វត្តគរ ក្រុង​បាត់ដំបង ធ្លាប់​តវ៉ា​បិទ​ផ្លូវ​រឿង​រថយន្ត​ដឹក​ដី ធ្វើ​ឲ្យ​ខូច​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​ក្នុង​មូលដ្ឋាន​របស់​គាត់​ម្ដង​រួច​មក​ហើយ។ ក្រោយ​ពី​ការ​តវ៉ា បញ្ហា​នេះ​បាន​ស្ងប់ស្ងាត់​មួយ​រយៈ តែ​ក្រោយ​មក អាជីវកម្ម​ដឹក​ដី​បាន​ដំណើរ​ឡើង​វិញ​ជា​ធម្មតា។ អាជីវកម្ម​ដឹក​អាចម៍​ដី​លក់​នៅ​ក្រុង​បាត់ដំបង មាន​ចំនួន ៥​កន្លែង គឺ​នៅ​សង្កាត់​វត្តគរ សង្កាត់​អូរចារ សង្កាត់​ឪម៉ាល់ និង​នៅ​ឃុំ​អន្លង់វិល ស្រុក​សង្កែ ចំនួន ២​កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។