ខ្សែប្រយុទ្ធ​ក្រុម Shakhtar ឃ្លាន​ចង់​មកលេង​នៅ Liverpool

ខ្សែប្រយុទ្ធ​ក្លិប Shakhtar Donetsk កីឡាករ Alex Teixeira បាន​ឲ្យ​ដឹងថា រូបគេ​កំពុង​តានតឹង​ក្នុង​អារម្មណ៍​ចំពោះ ការផ្ទេរ​ទៅលេង​នៅ​ហង្ស​ក្រហម Liverpool នៅ​មិនទាន់​បានសម្រេច​នៅឡើយ។

alex-teixeiraLiverpool បានដាក់​សំណើរ​ដេញថ្លៃ ២៤.៥ លាន​សម្រាប់​ទិញយក​កីឡាករ​អន្តរជាតិ​របស់​ប្រេ​ស៊ី​ល​រូបនេះ ប៉ុន្តែ​ក្លិប​លេង​នៅ​អ៊ុយ​ក្រែ​ន​នេះ ទាមទារ​តម្លៃ​ខ្លួន​រហូតដល់ ៣៩លាន​ផោន។ គ្រូបង្វឹក លោក Jurgen Klopp ចង់​បង្កើន​សន្ទុះ​ក្នុង​តំបន់​ប្រយុទ្ធ​របស់​ក្រុម ខណៈ​កីឡាករ​សំខាន់​ដូចជា Danny Ings, Divock Origi និង Daniel Sturridge កំពុង​ញាំញី​ដោយសារ​របួស។ កីឡាករ Teixeira វ័យ ២៦ឆ្នាំ បាន​និយាយថា «Liverpool គឺជា​ក្លិប​ធំ​មួយ មាន​កីឡាករឆ្នើមៗជាច្រើន​លេង​នៅ​ទីនោះ»។

ខណៈ​កីឡាករ​តម្លៃ​ខ្លួន ៣២.៥ លាន​ផោន Christian Benteke នៅ​មិនទាន់​បង្ហាញ​ភាព​ក្លៀវខ្លា​នៅឡើយ Liverpool នៅ​រដូវ​កាល​នេះ​ទើប​តែមាន ៣០ គ្រាប់​បាល់ ក្នុង ២៣ ប្រកួត​នៅ Premier League។ ក្នុង​បទ​សម្ភាស​តាម​គេហទំព័រ​មួយ Teixeira បាន​និយាយថា រូបគេ​មិនទាន់​អស់សង្ឃឹម ផ្ទេរ​ទៅលេង​ជាមួយ​មិត្ត​រួម​ជាតិ​របស់គេ​នៅ​កីឡដ្ឋាន Anfield នៅឡើយ​ទេ ដូចជា​កីឡាករ Philippe Coutinho, Lucas និង Roberto Firmino មុនពេល​ដែល​ថ្ងៃ​ផុតកំណត់​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​បញ្ចប់​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយនេះ។ កីឡាករ​នេះ​ថ្លែងថា «ខ្ញុំ​ចង់ទៅ​លេង​ទីនោះ ប៉ុន្តែ​វា​អាស្រ័យ​លើ​ប្រធាន​ក្លិប​ប៉ុណ្ណោះ។ ខ្ញុំ​មានតែ​ក្តីសង្ឃឹម»៕