ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យ​​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​ទ្រុងទ្រាយ​ធំ​ម្នាក់​​ ត្រូវ​បាន​សមត្ថកិច្ច​​ចាប់ខ្លួន​តាម​ដីការបស់​​សាលា​ដំបូង​​ខេត្ត​កាល​​ពី​រសៀល​ថ្ងៃ​ទី​២៧​ មក​រា​២០១៦ ​នៅ​ចំណុច​ភូមិ​ស្រែ​ពោធិ៍​ សង្កាត់​ស្រះ​ឫ​ស្សី ​ក្រុង​ស្ទឹង​ត្រែង ​ខណៈ​ជនសង្ស័យ​ម្នាក់​នោះ​កំពុង​បើកបរ​រថយន្ត​ផ្ទាល់ខ្លួន ​។

​ទាក់​​ទិន​ទៅ​​​នឹង​ការ​ចាប់ខ្លួន​បុរស​ខាងលើ​ គឺ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ជនសង្ស័យ​​៣​នាក់​ ត្រូវ​បាន​ចាប់ខ្លួន​ជាមួយ​ថ្នាំ​ញៀន​ជាង​១​គីឡូក្រាម​ កាលពី​ថ្ងៃ​ទី​២៣​ មក​រា​ ២០១៥ ហើយ​ឆ្លើយ​ថា ​ថ្នាំ​ញៀន​ទាំងនោះ​ពួក​គេ​បាន​ទទួល​ពី​ឈ្មោះ លឿង រស់នៅ​ភូមិ​វ៉ើ​ន​ខាំ ស្រុក​ខូង ខេត្ត​ចម្ប៉ា​សាក់​ ។

​ជនសង្ស័យ​​រូប​នេះ​ មាន​ដីកាបង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៥៧៧​ចុះ​ថ្ងៃ​ទី​២១ ​ខែមេសា​ ឆ្នាំ​២០១៥ ​របស់​លោកស្រី បេ គឹ​ម​យាង ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តស្ទឹងត្រែង​ដោយ​ជាប់ចោទ​ពី​បទ​រក្សា​ទុក ដឹក​ជញ្ជូន​សារធាតុ​ញៀន ​ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ថ្ម​លាត សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង កាលពី​២៣ ​មក​រា ​២០១៥ ​។

មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​​​ខេត្ត​បាន​​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ លឿង ហៅខុ​ង​លឿង ហៅលឿងចៃ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ រស់នៅ​ភូមិ​វ៉ើ​ន​ខាំ ស្រុក​ខូង ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ ។

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​តាម​ដី​កា​ខាង​លើ ​​ត្រូវ​បាន​បញ្ជូន​​​​ទៅ​​សាលា​ដំបូង​ខេត្ត ​និង​​ប​ញ្ជូន​បន្ត​​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ មក​រា ​២០១៦​នេះ​ ៕