សម្ដេចតេជោ អរគុណសហគមន៍អឺរ៉ុប ដែលជួយកម្ពុជា

ភ្នំពេញ៖សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះសហគមន៍អឺរ៉ុប ដែលបានជួយដល់ កម្ពុជា លើវិស័យអាទិភាពរបស់ កម្ពុជា ដូចជាវិស័យអប់រំ វិស័យកសិកម្ម ជាដើម ។

ការថ្លែងបែបនេះរបស់សម្តេចគឺត្រូវបានធ្វើឡើងក្នុងជំនួបសំដែងការគួរសមជាមួយ  រវាងសម្ដេច និង លោក ចច អេហ្ការ (George Edgar)ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ កម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨មករា ឆ្នាំ២០១៥ ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ដកស្រង់សម្តីលោកអ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លោក George Edgar បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា លោក មកកម្ពុជា នាពេលនេះ តំណាងឲ្យប្រទេសចំនួន២៨ នៅក្នុងសហគមន៍អឺរ៉ុប ។ លោក George Edgar ក៏បានលើកឡើង និងមើលឃើញផងដែរ ពីការរីកចំរើនយ៉ាងខ្លាំងរបស់កម្ពុជា និងទំនាក់ទំនងល្អ រវាងកម្ពុជា និងសហគមន៍អឺរ៉ុប ពិសេសលើវិស័យអប់រំ កសិកម្ម និងវិស័យផ្សេងៗទៀត ដែលក្នុងនោះ មានគម្រោងភាពជាដៃគូដែល សហគមន៍អឺរ៉ុបផ្ដល់ថវិកាយ៉ាងច្រើន ។

លោកអ៊ាង សុផល្លែត បន្តថា ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះសហគមន៍ អឺរ៉ុប ដែលបានជួយដល់កម្ពុជា ហើយសហគមន៍អឺរ៉ុប-កម្ពុជា មានគម្រោងយ៉ាងច្រើន ដើម្បីអនុវត្តរួមគ្នា ហើយ សម្ដេចបានស្នើឲ្យសហគមន៍អឺរ៉ុបបន្តសហការ ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យគម្រោងទាំងនោះ ទទួលបានជោគជ័យ ដែលជាកត្តាពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អឺរ៉ុបកាន់តែប្រសើរ ឡើងថែមទៀត ៕

សម្ដេចតេជោ អរគុណសហគមន៍អឺរ៉ុប ដែលជួយកម្ពុជា