ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​ចំពោះ​មន្ត្រី​យុត្តិធម៌​ក្នុង​ការ​បម្រើការងារ​ឱ្យ​មាន​តម្លាភាព​​ក្នុង​តួនាទី​នោះ​ ក្រសួង​ការ​ងារ​យុត្តិ​ធម៌​​បាន​​កំពុង​ស្នើ​សុំ​ធ្វើការដំឡើង​​ប្រាក់បៀវត្ស​​ដល់​ចៅក្រម និង​ព្រះរាជអាជ្ញា​​បន្ថែម​ពី​ប្រាក់ខែ​​ដែល​មាន​បច្ចុប្បន្ន​ ។

​លោក​ជី​ន ម៉ា​លី​ន ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឱ្យដឹង​ក្រោយ​កិច្ចប្រជុំស្តី​ពី​ការ​ប្រព័ន្ធ​តុលាការ និង​យុត្តិធម៌​ដឹកនាំ​ដោយ​លោក​អង្គ វង្ស​វ​ឌ្ឍា​ នា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ភាគី​ពាក់ព័ន្ធ​នា​ព្រឹក​ថ្ងៃ​ទី​២៨ ​មករា នៅ​ទីស្តីការក្រសួង​ថា​ នៅ​ពេល​នេះ​ ក្រ​សូ​ង​យុត្តិ​ធម៌​ បាន​រៀបចំ​ព្រះរាជក្រឹត្យ​ ស្នើ​ទៅ​ព្រះមហាក្សត្រ​ក្នុង​ការ​ដំឡើង​​ប្រាក់បៀវត្ស​ដល់​ចៅក្រម និង​ព្រះរាជអាជ្ញា ។

លោក​លើក​ឡើង​ទៀត​ថា ​មន្ត្រី​ប្រព័ន្ធ​យុត្តិធម៌​នា​ពេល​កន្លង​មក តែងតែ​រក​ការ​ចោទ​ប្រកាន់​មិន​ដាច់​ចំពោះ​ការ​មិនល្អ ឬ​វិជ្ជាជីវៈ និង​ចេះ​តែ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ជាដើម ទោះបីជា​មាន​មន្ត្រី​មួយ​ចំនួន​បាន​ខិតខំ​ធ្វើការ​តាម​វិជ្ជាជីវៈ​ក្តី ប៉ុន្តែ​ដើម្បី​លុប​បំបាត់​ពាក្យ​ទាំង​នេះ ​ក្រសួងយុត្តិធម៌​បាន​ជែក​ពាក្យ​ឲ្យ​ដាច់​ពី​មន្ត្រី​ខិតខំធ្វើការ​ និង​មន្ត្រី​ខ្ជិល​និង​ធ្វើកា​ខុស ។ លោក​បញ្ជាក់​ថា​« ពេល​នេះ​ដើម្បី​កុំ​គេ​ម៉ៃ​ដល់​មន្ត្រី​ដែល​ខិតខំ​ធ្វើការ​ពេល​នេះ យើង បាន​ចែក​ឲ្យ​ដាច់​ពី​គ្នា គឺ​អ្នក​ដែល​ធ្វើ​ត្រឹមត្រូវ​ការពា​គាត់ លើកទឹកចិត្ត តាម​រយៈ​ការ​តែងតាំង​តំណែង ក៏​ដូច​ជា​ប្រាក់បៀវត្ស​ក៏​ត្រូវ​បន្ថែម ។  បន្តិចទៀត​ចៅក្រម​នឹង​ត្រូវ​កើនឡើង​ពី​៤០% ទៅ​៥០%​បន្ថែម​ពី​ប្រាក់
​បៀ​វត្ស​ចាស់ ពេល​នេះ ព្រះរាជក្រឹត្យ​កំពុង​តែ​រៀបចំ ដូច្នេះ​នៅ​ពេល​នេះ​មិន​ទាន់​ដឹង​ចំនួន​ប៉ុន្មាន​ទេ តែ​ដឹង​តែ​មានការ​កើនឡើង​ច្រើន »។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូប​នេះ​ឱ្យដឹង​ទៀត​ថា​ ចំពោះ​មន្ត្រី​យុត្តិធម៌​ណា ដែល​ធ្វើ​ខុស​នោះ​នឹង​មិន​ឲ្យ​រួចខ្លួន​ជា​ដាច់ខាត់​គឺ​អ្នក​ដែល​ធ្វើ​ខុស​ត្រូវ​ទទួលទោស​ទណ្ឌ​ពិន័យ​​ទៅ​តាម​ច្បាប់​ឱ្យបាន​ច្បាស់លាស់  ។ ​លោក​បញ្ជាក់​ថា​« អ្នក​ធ្វើ​ខុស​ត្រូវ​ទទួលទោស​ឲ្យ​បាន​ច្បាស់លាស់ បើ​មិន​អ៊ីចឹងទេ ​ទើប​យើង​ការ​ពារ​មន្ត្រី​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​បានព្រោះថា ​ទោះបីជា​អ្នក​ដែល​ខិតខំ​ធ្វើ​ការងារ និង​ត្រឹម​ត្រូវ​យ៉ាង​ក្តី បើ​គេ​ចោទប្រកាន់​ប្រព័ន្ធ​តុលាការ គេ​ចោទ​មន្ត្រី​តុលាការ​ពុករលួយ មន្ត្រី​តុលាការ​លំអៀង អ៊ីចឹង​​វា​អយុត្តិធម៌​ចំពោះ​អ្នក​ខិតខំ​​ប្រឹងប្រែង​ធ្វើការលះបង់​ទាំង​​ពេលវេលា កំលាំង​កាយ​ចិត្ត គ្រួសារ​គ្រប់​បែប​យ៉ាង ។ ​ដូច្នេះ​យើង​ត្រូវ​តែ​ការពារ​គាត់​តាម​រយៈ​ការ​លើកទឹកចិត្ត  ដំណែង តួនាទី បុណ្យស័ក្តិ ប្រាក់​ឧបត្ថម្ភ ហើយ​អ្នក​ដែល​ធ្វើ​ខុស​ត្រូវ​ទទួលទោស​ទណ្ឌ​ឲ្យ​បាន​ច្បាស់លាស់​»​។

​លោក​ជិន ម៉ា​លី​ន​ឲ្យ​ដឹង​ទៀត​ថា​ក្នុង​ប្រជុំ​នោះ​ដែរ​ក៏​មានការ​លើក​ឡើង​ពី​ថា​បាន​សម្រេច បង្កើត​តុលាការ​ការងារ និង​តុលាការ​ពាណិជ្ជ​កម្ម​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​រក​ទីតាំង​ច្បាស់លាស់​នោះ​ទេ​ ។ លោក​ថា​ទោះបីជា​មាន​តុលាការ​នេះ​ក្តី​ប៉ុន្តែ​ចំនួន​មន្ត្រី​សម្រាប់​បំរើ​ការងារ​ក្នុង​តុលាការ​ទាំងនេះ ។ លោកបញ្ជាក់​ថា ​«​តាម​ច្បាប់​ស្តី​ពី​អង្ក​ការ​ចាត់តាំង​តុលាការ​យើង​មែនហើយ គឺ​យើង​បាន បង្កើត​តុលាការ ការងារ​និង​តុលាការ​ពាណិជ្ជកម្ម​រួច​ហើយ ប៉ុន្តែ​ឥលូវ​នៅ​ខ្វះ​ទីតាំង​។​យើង​ត្រូវ​តែ​រក​កន្លែង​ដាក់​ទីតាំង​តុលាការ​ទាំងនេះ  ជាង​នេះ​អ្វី​ដែល​សំខាន់​នោះ​គឺថា នីតិវិធី​ការងារ  មាន​ន័យ​ថា តើ​តុលាការ ការងារ ត្រូវធ្វើ​យ៉ាង​ដូ​ម្តេច ដោះស្រាយ​បណ្តឹង​យ៉ាង​ដូ​ម្តេច? តុលាការ​ពាណិជ្ជកម្ម​ដោះស្រាយ​បណ្តឹង​របៀប​ណា? អីចឹង​ទេ​អ្វី​ដែល​យើង​ធ្វើ​នៅ​មិន​ទាន់​បាន​ទេ គឺ​ទីតាំង  ។

យើង​នៅ​ខ្វះ​មន្ត្រី​តុលាការ​ទាំងនេះ​ទៀត ដូច្នេះ​យើងធ្វើការ​បណ្តុះបណ្តាល​មន្ត្រី​តុលាការ​របស់យើង ដើម្បី​យក​ទៅ​ធ្វើការ​នៅ​តុលា​ការ​នេះ និង​តាក់តែង​នូវ​នីតិវិធី​របៀប​រប​នៃ​នីតិវិធី​ការងារ និង​នីតិវិធី​ពាណិជ្ជកម្ម »​។​ ​ជាមួយ​គ្នា​នោះ​ដែរ​លោក​ជី​ន ម៉ា​លី​ន ឲ្យ​ដឹង​ទៀត​ថា​ ធនធាន​មន្ត្រី​យុត្តិធម៌ នៅ​មាន​ភាព​ខ្វះខាត​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី​ច្រើន ដូច្នេះ​នៅ​សាលា​បណ្ឌិតសភា វិជ្ជាជីវៈ​តុលាការ​ធ្វើការ​បណ្តុះបណ្តាល​បន្ថែម​សម្រាប់​ជ្រើសរើស​បន្ថែម​ទៀត ។

លោក​បញ្ជាក់​ថា​ « អ៊ីចឹង​ទេ​ ចៅក្រម​យើង​ជ្រើស​រើស​ពី​ឆ្នាំ​ម្តង ឥឡូវចាប់ពី​ពេល​នេះ​តទៅ ​យើង​ជ្រើសរើស​មួយ​ឆ្នាំ​ម្តង ដើម្បីឆ្លើយ​តប​​តម្រូវការ​នា​ពេល​បច្ចុប្បន្ន​។ យើង​បង្កើត​តុលាការ​តំបន់​ផង សាលា​ឧទ្ធរណ៍​​ផង ​ដូច្នេះ​យើង​ត្រូវ​ធនធានមនុស្ស ដែល​មាន​សមត្ថ​ភាព ក្នុង​វិស័យ​យុត្តិធម៌​នេះ​»​។​ គួរ​បញ្ជាក់​ថា បើ​តាម​អ្នកនាំពាក្យ​ឲ្យ​ដឹង​ថា​ សម្រាប់​ប្រាក់បៀវត្ស​ចៅក្រមព្រះរាជអាជ្ញា​ បច្ចុប្បន្ន​មាន​ចំនួន​ប្រមាណ​ពី​២០០​ ទៅ​៣០០​ដុល្លារ​​ទៅ​តាម​តួនាទី និងឋានៈ​ ។