ក្រុម​សភា​និយាយ​ភាសា​បារាំង​អំពាវនាវ​ឲ្យ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម

ក្រុម​សភា​និយាយ​ភាសា​បារាំង ដែល​មក​ពី​ប្រទេស​ចំនួន​១៥ ក្នុង​ទ្វីប​អឺរ៉ុប អាមេរិក អាហ្វ្រិក និង​អាស៊ី កំពុង​ព្រួយ​បារម្ភ​ចំពោះ​ភាព​អសន្តិសុខ​នៅ​ជុំវិញ​ពិភពលោក ដែល​បង្ក​ឡើង​ដោយ​អំពើ​ភេរវកម្ម​ជា​បន្តបន្ទាប់។

កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​មករា នៅ​មុន​ពេល​ចាប់​ផ្ដើម​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​ក្នុង​ខេត្ត​សៀមរាប ក្រុម​សភា​និយាយ​ភាសា​បារាំង ទាំង​នោះ បាន​នាំ​គ្នា​ក្រោក​ឈរ​ស្មិងស្មាធិ៍ ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ប្រជាជន​ដែល​បាន​ស្លាប់​ដោយសារ​អំពើ​ភេរវកម្ម​នៅ​ជុំវិញ​ពិភពលោក។

ប្រមុខ​សភា​ដែល​និយាយ​ភាសា​បារាំង បាន​អំពាវនាវ​ឲ្យ​ប្រទេស​ដែល​ជា​សមាជិក ត្រូវ​តែ​រួម​គ្នា​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌ ហើយ​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស ព្រម​ទាំង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ដើម្បី​ឲ្យ​ពិភពលោក​បាត់​ភ័យ​ខ្លាច និង​មាន​សន្តិភាព​ពិត​ប្រាកដ។

ការ​អំពាវនាវ​នេះ បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​គណៈប្រតិភូ​នៃ​សមាជិក​សភា​និយាយ​ភាសា​បារាំង មក​ពី ១៥​ប្រទេស បាន​ជួប​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​របស់​ខ្លួន​ក្នុង​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​មករា។

ប្រធាន​សភា​និយាយ​ភាសា​បារាំង និង​ជា​ប្រធាន​សភា​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ (Congo Republic) គឺ​លោក អូប៊ីន មីណាគូ អេនឌី ចាលេនចូកូ (Aubin Minaku NDJALANDJOKO)។ លោក​បាន​ថ្លែង​នៅ​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍ នៃ​សភា​និយាយ​ភាសា​បារាំង ថា លោក​សូម​អំពាវនាវ​ទៅ​កាន់​បណ្ដា​រដ្ឋ តាម​រយៈ​សភា​និយាយ​ភាសា​បារាំង សូម​ឲ្យ​រួម​គ្នា​ទប់ស្កាត់​អំពើ​ភេរវកម្ម ដែល​កំពុង​តែ​បង្កើត​ភាព​អសន្តិសុខ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​ជុំវិញ​ពិភពលោក។ លោក អូប៊ីន មីណាគូ បញ្ជាក់​ទៀត​ថា សភា​និយាយ​ភាសា​បារាំង ត្រូវ​តែ​ប្រឆាំង​នឹង​ភាព​អយុត្តិធម៌ ដើម្បី​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឲ្យ​បាន​ពេញលេញ៖ «ពេល​បច្ចុប្បន្ន​នេះ ក្រុម​សភា​និយាយ​ភាសា​បារាំង គាំទ្រ​នឹង​ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ ព្រម​ទាំង​ការ​គោរព​សិទ្ធិ​មនុស្ស។ អំពើ​ភេរវកម្ម គឺ​កំពុង​គំរាម​កំហែង​ដល់​សន្តិសុខ​សង្គម ព្រម​ទាំង​គំរាម​កំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដែរ»

អគ្គលេខាធិការ​របស់​សភា​និយាយ​ភាសា​បារាំង លោក ប៉ាស្កាល់ ទែរ៉ាសិ៍ (Passcal Terrasse) ក៏​បាន​ថ្លែង​ប្រហាក់​ប្រហែល​គ្នា​ថា វេទិកា​នៃ​កិច្ច​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍ នៃ​សភា​និយាយ​ភាសា​បារាំង ពេល​នេះ គឺ​ជា​កន្លែង​មួយ​ដ៏​ល្អ​សម្រាប់​ជួប​ជជែក​គ្នា​សម្រាប់​កិច្ចការ​ឆ្នាំ​២០១៦ ដោយ​មិន​ចាត់​ទុក​កិច្ចការ​នោះ​នៅ​តំបន់​អឺរ៉ុប អាមេរិក អាហ្វ្រិក ឬ​ក៏​តំបន់​អាស៊ី ទេ។ លោក ប៉ាស្កាល់ ទែរ៉ាសិ៍ បញ្ជាក់​ថា បណ្ដា​រដ្ឋ​ដែល​និយាយ​ភាសា​បារាំង ត្រូវ​តែ​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ហើយ​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​លំហ​នៃ​ប្រទេស​និយាយ​ភាសា​បារាំង។

រយៈពេល ៣-៤​ខែ​ជាប់​គ្នា​មក​នេះ អំពើ​ភេរវកម្ម​ធ្លាប់​បាន​គំរាម​កំហែង​ផ្ទួនៗ​គ្នា​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង នៅ​តំបន់​មជ្ឈិម​បូព៌ា និង​នៅ​កោះ​បាលី (Bali Island) នៃ​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) បណ្ដាល​ឲ្យ​ពលរដ្ឋ​ជាច្រើន​បាន​ស្លាប់ និង​រង​របួស។

ប្រធាន​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​អញ្ជើញ​ជា​អធិបតី​បើក​កិច្ច​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍ នៃ​សភា​និយាយ​ភាសា​បារាំង លោក ហេង សំរិន មាន​ប្រសាសន៍​ថា រយៈពេល​ជាង ៤០​ឆ្នាំ​ចុង​ក្រោយ​នេះ តំបន់​អាស៊ី​អាគ្នេយ៍​បាន​ធ្វើ​សមាហរណកម្ម​យ៉ាង​ជិតស្និទ្ធ ហើយ​បាន​ក្លាយ​ទៅ​ជា​ស្ថាប័ន​នយោបាយ និង​សេដ្ឋកិច្ច​ប្រកប​ដោយ​ថាមពល​ក្នុង​តំបន់ ព្រម​ទាំង​ឈាន​ទៅ​រក​កិច្ច​សហការ​ជាមួយ​ដៃគូ​សំខាន់ៗ​នៅ​តាម​បណ្ដា​ប្រទេស​ធំៗ​ក្នុង​ពិភពលោក​ផង។ ទន្ទឹម​នឹង​ភាព​ជោគជ័យ​នេះ តំបន់​អាស៊ាន​នៅ​តែ​ប្រឈម​មុខ​នឹង​ឧបសគ្គ​ជាច្រើន ដូចជា បញ្ហា​អសន្តិសុខ​ស្បៀង បញ្ហា​ប្រែប្រួល​អាកាសធាតុ គ្រោះ​មហន្តរាយ​ធម្មជាតិ បញ្ហា​អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ការ​ជួញ​ដូរ​ផ្លូវ​ភេទ ជំងឺ​ឆ្លង​រាតត្បាត និង​បញ្ហា​សុវត្ថិភាព​តាម​ផ្លូវ​សមុទ្រ ជាដើម។

លោក ហេង សំរិន បញ្ជាក់​ថា តំបន់​អាស៊ាន​ក៏​នៅ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ពង្រឹង​សន្តិភាព និង​ស្ថិរភាព​នយោបាយ ដើម្បី​ឈាន​ទៅ​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព​នៅ​ឡើយ ស្រប​ពេល​ដែល​តំបន់​មជ្ឈិម​បូព៌ា និង​តំបន់​ជាច្រើន​ទៀត កំពុង​ទទួល​រង​ការ​គំរាម​កំហែង​ផ្នែក​សន្តិសុខ​នេះ៖ «វិបត្តិ​នយោបាយ និង​សង្គម​ដែល​កំពុង​បន្ត​នៅ​តំបន់​មជ្ឈិម​បូព៌ា អាហ្វ្រិក​ខាង​ត្បូង និង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុប គំរាម​ដល់​សន្តិសុខ​តំបន់ និង​គំរាម​ពិភពលោក​នៅ​ឡើយ»

ក្រុម​សភា​និយាយ​ភាសា​បារាំង កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​បញ្ហា​ទប់ស្កាត់​អំពើ​ភេរវកម្ម​នេះ ហើយ​គេ​នឹង​លើក​យក​មក​ពិភាក្សា​គ្នា​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​នៅ​ខេត្ត​សៀមរាប ដើម្បី​ស្វែងរក​និរន្តរភាព​នៃ​ការ​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស។

ប្រធាន​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ និង​ទេសចរណ៍ ដែល​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា កិច្ច​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​សភា​និយាយ​ភាសា​បារាំង នេះ តាម​គម្រោង នឹង​អនុម័ត​ទៅ​លើ​កំណត់​ហេតុ​របស់​កិច្ច​ប្រជុំ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥។ ទោះ​យ៉ាង​ណា តាម​រយៈ​ការ​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស លោក​ចង់​ឲ្យ​សភា​និយាយ​ភាសា​បារាំង ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ក៏ដូចជា​សិទ្ធិ​ពេញលេញ​របស់​អ្នក​តំណាង​រាស្ត្រ​នៅ​កម្ពុជា ផង​ដែរ៖ «របាយ​ការណ៍​របស់​ប្រទេស​នីមួយៗ​ដែល​និយាយ​ភាសា​បារាំង ហ្នឹង គេ​នឹង​ច្បិច​យក​ចំណុច​សំខាន់ៗ​ដែល​ទាក់ទង​នឹង​នីតិប្បញ្ញតិ។ ដូច្នេះ​យើង​នឹង​តាម​ដាន​ថ្ងៃ​នេះ ថ្ងៃ​ស្អែក​នឹង​មាន​លើក​ឡើង​អ្វី​ខ្លះ?»

តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក ក្រុម​សភា​និយាយ​ភាសា​បារាំង នឹង​ជួប​ប្រជុំ​គ្នា​រយៈពេល ៣​ថ្ងៃ​នៅ​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​២៨ រហូត​ទៅ​ដល់​ថ្ងៃ​ទី​៣០ ខែ​មករា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។