ប្រធាន​តុលាការ រាជធានី​៖ បញ្ហា​មនុស្ស​ជាប់ឃុំ​ដែល​នៅ​កកស្ទះ​នៅក្នុង​ពន្ធនាគារ គឺជា​រឿង​ដែល​ត្រូវ​ដោះស្រាយ​

ភ្នំពេញ: លោក តាន់ ស៊ុន​ឡាយ ប្រធាន​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ថ្លែង​បញ្ជាក់​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ពង្រឹងសមត្ថភាព​មន្ត្រី​តុលាការ និង​នគរបាល​យុត្តិធម៌ ក្នុងការ​អនុវត្ត​ច្បាប់ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ថា ចំពោះ​បញ្ហា​មនុស្ស​ជាប់ឃុំ​ដែល​នៅ​កកស្ទះ​នៅក្នុង​ពន្ធនាគារ គឺជា​រឿង​ដែល​ត្រូវ​ដោះស្រាយ ហើយ​ចំនួន​អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ មានការ​កើនឡើង​។​

​លោក​បាន​បន្តថា ទាក់ទង​ទៅនឹង​ការលើកឡើង​របស់​មន្ត្រី​ពន្ធនាគារ គឺ​ឃើញ​មានការ​កើនឡើង​នៅ​ចំនួន​អ្នក​ជាប់ឃុំ ដែលជា​បញ្ហា​កកស្ទះ​ជន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ ហើយ​ព័ត៌មាន​នេះ ក៏​ខាង​សាលាដំបូង បានទទួល​ព័ត៌មាន​យូរហើយ​ដែរ​។ ក៏ប៉ុន្តែ​ជាការ​កត់សម្គាល់ ជារួម ទៅក្នុង​ឆ្នាំ​២០១៥ បញ្ហា​បទល្មើស​ព្រហ្មទណ្ឌ គឺមាន​បទល្មើស​ជួញដូរ​គ្រឿងញៀន ឬក៏​ប្រើប្រាស់​គ្រឿងញៀន និង​បទល្មើស​លួច​ប្លន់​ឆក់ គឺមាន​ការ​កើន​ចំនួន​ឡើងដល់ ២២% ដែល​លើសពី​ឆ្នាំ​២០១៤​។ ដូច្នេះ​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​ឃើញ​លើស គឺមាន​ជិត ២.០០០ សំណុំរឿង (​ទាំង​ស៊ើប ទាំង​ជំនុំជម្រះ​) ហើយ​ចំនួន​មនុស្ស​ជាប់ឃុំ​ក៏មាន​ការកើនឡើង​ដែរ​។​

​លោក​បាន​បញ្ជាក់ថា សំណុំរឿង ដែល​សាលាដំបូង រាជធានី​ភ្នំពេញ បាន​ចាត់ការ​រួច មាន​ជាង ៩​ពាន់​រឿង ហើយ​ការងារ​នេះ គឺ​បានធ្វើ​ច្រើន​ហើយ ក៏ប៉ុន្តែ​ធ្វើ​មិនទាន់​ដោយសារ​សមត្ថភាព​តុលាការ​មាន​កម្រិត ដោយសារតែ​សវនាការ​មានតែ ៤​បន្ទប់ ដំណើរការ​ប្រក្រតី ហើយ​បានដាក់​សំណុំរឿង​ជំនុំជម្រះ រាល់ថ្ងៃ ក៏ប៉ុន្តែ​ធ្វើ​មិនទាន់​ដោយសារ​សំណុំរឿង​ច្រើន មនុស្ស​ច្រើន​ដែរ ហើយ​ការងារ​នេះ ខាង​តុលាការ​បាន​ខិតខំ​ប្រឹងប្រែង​ព្យាយាម​បន្ថែម​តទៅទៀត​។ ចំពោះ​បញ្ហា​មនុស្ស​ជាប់ឃុំ ដែល​នៅ​កកស្ទះ​នៅក្នុង​ពន្ធនាគារ គឺជា​រឿង​ដែល​ត្រូវ​ដោះស្រាយ​ជា​បន្តទៀត​។​

​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្តថា “​តាម​តួលេខ ដែល​ខ​ខាង​អនុរក្ស​ពន្ធនាគារ បានបង្ហាញ​មក គឺ​យើង​ព្យាយាម​ណាស់ មិន​ឲ្យ​មានការ​ឃុំ​លើស​ទេ អីចឹង​នេះ​ជា​បញ្ហា​មួយ​ដែល​យើង​បានធ្វើ គឺថា​ជា​លទ្ធផល ដែល​យើង​បាន​ប្រឹងប្រែង​ទាំងអស់គ្នា​។ ទាក់ទង​ការ​លើកឡើងថា ខ្វះ​សាលក្រម និង​សាលក្រម​ស្ថាពរ គឺ​បញ្ហា​ជាទូទៅ​ហើយ ដែល​យើង​បាន​ព្យាយាម​ខំ​ទារ ឬក៏​ស្នើសុំ​ទៅ​លោក​ចៅក្រម ដែល​គាត់​បានធ្វើ​ការប្រកាស​សាលក្រម ហើយនឹង​ខិតខំ​ជំរុញ​យ៉ាងណា​រឿង​ព្រហ្មទណ្ឌ ឲ្យ​បាន​មុន​រដ្ឋប្បវេណី បញ្ជូន​ទៅខាង​ពន្ធនាគារ នៅមាន​ការយឺតយ៉ាវ​មួយចំនួន​”​។​

​សូមជម្រាបថា លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​កោះប្រជុំ​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី ខេត្ត កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​។ កិច្ចប្រជុំ​បន្ទាន់​នោះ ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លើកឡើងថា ដោយ​យោងតាម​សំណូមពរ​ចាំបាច់​ចំពោះមុខ ដើម្បី​ការប្រមូល​ទិន្នន័យ​អំពី​ចំនួន​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​លួច ឆក់ និង​ប្លន់​។​
 
កិច្ចប្រជុំ ក៏​ដើម្បី​ពិនិត្យ និង​ពិភាក្សា​អំពី​ការងារ​របស់​ស្ថាប័ន​អយ្យការ ជាពិសេស​លើ​គោលការណ៍​ក្នុងការ​ដឹកនាំ និង​សម្របសម្រួល​នយោបាយ​ព្រហ្មទណ្ឌ​។ លោក​បាន​ឲ្យ​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ទាំងអស់ ធ្វើការ​ប្រមូល​ទិន្នន័យ និង​រាយការណ៍​ជូន​អង្គប្រជុំ​អំពី​ចំនួន​សំណុំរឿង ពាក់ព័ន្ធ​នឹង​អំពើ​លួច ឆក់ និង​ប្លន់ ដែល​កំពុង​ស្ថិតក្នុង​ចំណាត់ការ​អយ្យការ និង​តុលាការ ដែល​បាន​ចាត់ការ​រួច និង​ដែល​ទណ្ឌិត ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​”​។​

​ការបើក​កិច្ចប្រជុំ​បន្ទាន់​រវាង​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​ព្រះរាជអាជ្ញា​តុលាការ​សាលាដំបូង​រាជធានី​ខេត្ត កាល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ បានធ្វើ​ឡើង ភ្លាមៗ ក្រោយពី​សម្តេច​តេ​ជោ នាយក​រដ្ឋ​មន្ត្រ ហ៊ុនសែន បានប្រកាស​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ណែនាំ​ដល់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការដាក់​ឈ្មោះ​ទណ្ឌិត ជា​ឧក្រិដ្ឋជន​ចោរលួច​ប្លន់ ដើម្បី​លើកលែងទោស​។ តាម​សម្តេច​ហ៊ុនសែន ក្រុមចោរប្លន់​ថ្មីៗ ទើបតែ​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ តាមរយៈ​ការលើកលែងទោស​៕​