ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ត្បូងឃ្មុំ ៖ យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចេញ​ប្រតិបត្តិការ​ដូច​ផ្លេកបន្ទោរ ដោយ​បាន​ធ្វើ​ឡើង​ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​១៥ ខែមក​រា បន្ត​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៨​ ខែមក​រា ឆ្នាំ២០១៦នេះ ដោយ​បាន​ចុះ​ទប់ស្កាត់​ការ​រត់ពន្ធ​ឈើ​ប្រណីត​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​សំខាន់​ៗ​នៅ​ក្នុងស្រុក​មេមត់​ ហើយ​ក៏​បាន​ចុះ​ឆែកឆេរ​ឃ្លាំង​ស្តុក​ឈើ​បាន​បន្តបន្ទាប់​ចំនួន​៣​កន្លែង នៅ​ស្រុក​មេមត់​២​កន្លែង និង​នៅ​ស្រុក​អូរ​រាំង​ឪ​១​កន្លែង ដោយ​រក​ឃើញ​ឈើ​ជាង​៣​ពាន់​ម៉ែត្រគូប ។

លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៦​នេះ​ថា នៅ​ក្នុង​ប្រតិបត្តិការ​ក្តៅ​នេះ រូប​លោកនិង​លោក​ឧត្តមសេនីយ៍ត្រី វ៉ា សា​រិ​ទ្ធ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​ចុះ​ឆែក​ឃ្លាំង​ស្តុក​ឈើ​ប្រណីត​របស់​លោក​ឧកញ៉ា អុល នៅ​ឃុំ​ត្រ​មូង ស្រុក​មេមត់ រក​ឃើញ​ឈើ​ជាង​៣​ម៉ែត្រគូប ដោយ​មានច្បាប់​ដឹក​ជញ្ជូន​ពី​រដ្ឋបាល​ព្រៃឈើ ។ ហើយ​ក៏​បាន​បន្ត​មក​ឆែកឆេរ​នៅ​ឃ្លាំង​ស្តុក​ឈើ​មួយ​កន្លែង​ទៀត​នៅ​បុស​តា​កុក ឃុំ​ដារ ស្រុក​មេមត់ របស់​ឧកញ៉ា ខ្នា បាន​រក​ឃើញ​បរិមាណ​ឈើ​ជាង​២០០០​ម៉ែត្រគូប មានច្បាប់​មួយ​ផ្នែក​ធំ ។

លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​បន្ទាប់​មក​ក៏​បាន​ចុះ​ទៅ​ឆែក​ឃ្លាំង​របស់​ឧកញ៉ា ថៃ នៅ​ស្រុក​អូរ​រាំង​ឪ ក៏​បានឃើញ​ឈើ​ជា​ច្រើន​ដែរ ដោយ​មាន​មន្ត្រី​សមត្ថកិច្ច និង​អាវុធហត្ថ​យាម​ប្រចាំការ​មើល​ទីនោះ រក្សា​ឈើ​នៅ​នឹង​កន្លែង ​ដើម្បី​រង់ចាំ​សេចក្តីសម្រេច​ពី​ថ្នាក់​ជាតិ ។ លោក​ថា ប្រតិបត្តិការ​ទប់ស្កាត់​កា​រត់ពន្ធ​ឈើ​ចេញ​ទៅ​វៀតណាម​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​នោះ​ទេ ប្រសិនបើ​មាន​សេចក្តីរាយការណ៍​ពី​មូលដ្ឋាន​ណាមួយ​មាន​បង្កប់​ឈើ​ប្រណីត រូប​លោក​នឹង​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​បន្ត​ទៀត ។ ដោយ​ច្រក​សំខាន់​ៗ​ក្នុង​នោះ​មាន​ដូច​ជា ច្រក​ទន្លេ​ចាម ច្រក​ចាន់​មូល ច្រក​ដូនរ័ត្ន ច្រក​ដូង​៧​ដើម ត្រូវ​បាន​ដាក់​កម្លាំង​នគរបាល និង​អាវុធហត្ថ យាម​ប្រចាំការ​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ក៏​មិនឃើញ​មាន​រថយន្ត​ដឹកឈើ​ប្រណីត​របស់​ឈ្មួញ​ណា​ម្នាក់​ចេញ​ដែរ ។

សមត្ថកិច្ច​មួយ​រូប​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា​ ចំពោះ​ឃ្លាំង​ស្តុក​ឈើ​នៅ​ភូមិ​បេង ឃុំ​ដារ​ ស្រុក​មេមត់ មាន​ប្រភេទ​ឈើ​ជ្រុង​ប្រភេទ​លេខ​១ ឈើមូល​ប្រភេទ​លេខ​១ និង​ឈើ​ប្រណីត (​ធ្នង់​និង​នាងនួន​)​មាន​បរិមាណ​សរុប​៧.៣២០​ដុំ ស្មើនឹង​ជាង​២០០០​ម៉ែត្រគូប ​មាន​លិខិតអនុញ្ញាត​ដឹក​ជញ្ជូន​អនុ​ផល​ព្រៃឈើ​ចំនួន​១០៤​ប៉េសេ ស្មើនឹង​១៨២៦​ម៉ែត្រគូប ។ ​ចំណែក​ឃ្លាំង​នៅ​ភូមិ​សុ​ក្រំ​ជ្រុំ ឃុំ​គង់​ជ័យ ស្រុក​អូរ​រាំង​ឪ​វិញ​របស់​លោក​ឧកញ៉ា​ម្នាក់​ ​រក​ឃើញ​មាន​បរិមាណ​ឈើ​៣០៩០៦​សន្លឹក​និង​ដុំ ស្មើនឹង​១០៣៨​ម៉ែត្រគូប​ជាង ក្នុង​នោះ​មាន​លិខិត​ដឹក​ជញ្ជូន​ពី​អនុ​ផល​ព្រៃឈើ​៧៣​ប៉េសេ ​ស្មើនឹង​ជាង​៩៥១​ម៉ែត្រគូប ឈើ​ទាំងនេះ​ត្រូវ​បាន​ស្ថិត​នៅ​​ក្រោម​ការ​យាម​របស់​សមត្ថកិច្ច ៕