ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​លប​បាញ់​ដោយ​កាំភ្លើង​អាកា​បណ្ដាល​ឲ្យ​រង​របួស​ជិត​ដាច់​ម្រាមដៃ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៧ ខែមករា​ឆ្នាំ​២០១៦ ស្ថិត​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ជាប់​ព្រំប្រទល់​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ។

យោង​តាម​សំដី​ស្ត្រី​ឈ្មោះ ពៅ ភាព អាយុ​៣៦​ឆ្នាំ ជា​ប្រ​ព​ន្ឋ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គោ​ដែល​ចង​នៅ​ក្រោមផ្ទះ​បាន​របូត​ចំណង ប្តី​របស់​គាត់​(​ជន​រង​គ្រោះ​)​ចុះពីលើផ្ទះ​ទៅ​ចាប់​គោ​ចង ក្រោយ​ពី​ចង​គោ​ហើយ​ប្តី​គាត់​បាន​ឡើង​មក​លើ​ផ្ទះ​វិញ​រួច​បិទ​គន្លឹះទ្វា​បម្រុង​ចូល​ដេក ស្រាប់តែ​ឮ​សូ​រស​ម្រឹ​ប​ជើងមនុស្ស​ដើរ​នៅ​ពីមុខ​ផ្ទះ ពេល​នោះ​ប្តី​គាត់​ក៍បាន​កាន់​ពិល​ចុច​សំដៅ​មាត់ទ្វា​ផ្ទះ ប៉ុន្តែ​មិន​ទាន់​បើកទ្វា​ទេ គាត់​លបមើល​តាម​ប្រហោង​ទ្វា​មិន​ទាន់​ទាំង​ឃើញ​អ្វី​ផង​ស្រាប់តែ​ស្នូរ​អាវុធ​ប្រាវ​បាញ់​ពីមុខ​ផ្ទះ​មក​សំដៅ​មាត់ទ្វា​ផ្ទះ​បណ្តាល​ឲ្យ​ធ្លាយ​មាត់ទ្វា​ផ្ទះ រួច​ត្រូវ​ម្រាមដៃ​ប្តី​គាត់​ខាងឆ្វេង​បែក​ឆ្អឹង​ជិត​ដាច់​ម្រាមដៃ ។

ក្រោយ​ពី​កើតហេតុ​ជិត​កន្លះ​ម៉ោង​ទើប​ម្តាយក្មេក (​ម្តាយបង្កើត​ជន​រង​គ្រោះ​) និង​ក្មួយ​ៗ​ដែល​មានផ្ទះ​នៅ​ជិត​គ្នា​មក​សួរនាំ រួច​ហើយ​ក៏​នាំ​ជន​រង​គ្រោះ​ទៅ​កាន់​មណ្ឌល​សុខភាព​ឃុំ​ស្ទឹង​កែវ​ដើម្បី​ឲ្យ​ពេទ្យ​រុំ​របួស​ទាំង​យប់ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត​ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​នគរបាល​ស្រុក​ឈូក​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ ។

លោក​អធិការ​ង​ស្រុក​ឈូក​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ផាត់ តាប់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​បាន​រង​របួស​ម្រាមដៃ​ឆ្វេង​បន្ទាប់​ពី​កូនដៃ ដោយ​ជន​មិន​ស្គាល់​មុខ​លប​បាញ់​ដោយ​កាំភ្លើង​អាកា​ចំនួន​២-៣​គ្រាប់ ប៉ុន្តែ​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​រក​ឃើញ​តែ​សំបក​គ្រាប់កាំភ្លើង​អាកា​តែ​១​គ្រាប់​ទេ និង​ត្រូវ​ធ្លាយ​មាត់ទ្វា​ផ្ទះ​តែ​មួយ​កន្លែង​ដែរ ។

លោក​បន្ត​ទៀត​ថា ជុំវិញ​ករណី​លប​បាញ់​ជន​រង​គ្រោះ​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ​នេះ តាម​ការ​សន្និដ្ឋាន​ជាបឋម​មិនមែន​ជា​ករណី​ប្លន់​ទេ អាច​ជា​រឿង​គំនុំ​ច្រើន​ជាង ព្រោះ​ជន​រង​គ្រោះ​មាន​ជីវភាព​មធ្យម មិនមែន​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​អ្វី​ធំដុំ​នោះ​ទេ ។ លោក​បន្ត​ទៀត​ថា ករណី​ខាងលើ​នេះ​សមត្ថកិច្ច​ក៏​មិន​ទាន់​បាន​សាកសួរ និង​ស្រាវជ្រាវ​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឲ្យ​បាន​ជាក់លាក់​នៅឡើយ​ដោយពេល​នេះ​ជន​រង​គ្រោះ​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​នៅឡើយ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនល្មើស​ឲ្យ​ទាល់តែ​ឃើញ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ៕