ចាប់ពី​ថ្ងៃទី​១​ឧសភា ដល់​ថ្ងៃទី​៣០​កក្កដា ឆ្នាំ​២០១៦ គជប នឹង​ចុះឈ្មោះ​អ្នកបោះឆ្នោត

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ​.​ជ​.​ប គ្រោង​នឹង​បើក​យុទ្ធនា​ការចុះឈ្មោះ​អ្នកបោះឆ្នោត នៅ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៦​។ ការចុះឈ្មោះ​អ្នកបោះឆ្នោត តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ ជា​លើកដំបូង នៅក្នុង​ប្រទេស​កម្ពុជា គឺ​ដើម្បី​ត្រៀម​រៀបចំ​ការបោះឆ្នោត​ឃុំ​សង្កាត់ នៅ​ឆ្នាំ​២០១៧​។ នេះ​បើតាម​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន​គជប ប្រកាស​នៅក្នុង​ពិធី​ពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦​។​

​សេចក្ដីព្រាង​បទបញ្ជា និង​នីតិវិធី សម្រាប់​ការចុះឈ្មោះ​អ្នកបោះឆ្នោត ដែល​គជប យក​មក​ពិគ្រោះ​យោបល់ រយៈពេល​ពេញ​មួយថ្ងៃ កាលពី​ថ្ងៃទី​២៨​មករា ឆ្នាំ​២០១៦ ត្រូវបាន​ធ្វើ​ឡើង ក្រោយពី​គជប បាន​អនុវត្ត​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ កាលពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៥៕​