ឡាវ​ត្រៀម​ពង្រឹង​ចំណង​ការទូត​ជាមួយ​ចិន​ឲ្យ​ស៊ីជម្រៅ ក្រោយ​ទស្សនកិច្ច​លោក ឃឺ​រី​

​ក្រោយ​មាន​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​ទៅ​ឡាវ ក្រុង​ប៉េកាំង​ក៏បាន​បញ្ជូន​បេសកជន​ពិសេស​របស់ខ្លួន​ទៅកាន់​ប្រទេស​ឡាវ​នៅ​ថ្ងៃ​ពុធ ទី ២៧ មករា​ម្សិលមិញ​នេះ ដើម្បី​ជួប​ជជែក​ជាមួយ​មេដឹកនាំ​ឡាវ​។ ក្នុងជំនួប​នេះ ប្រធានាធិបតី​ឡាវ​បាន​ប្រាប់​ភាគី​ចិន​ថា ឡាវ​ចង់​បង្កើន​ទំនាក់ទំនង​ជាមួយ​ចិន​បន្ថែមទៀត​។

​ប្រធានាធិបតី​ឡាវ លោក Choummaly Sayasone បាន​ថ្លែងប្រាប់​តំណាង​ជាន់ខ្ពស់​របស់​ប្រធានាធិបតី​ស៊ី ជិន​ពីង​នៅ​ថ្ងៃ​ពុធ​ទី ២៧​មករា​ម្សិលមិញ​ថា រដ្ឋាភិបាល​លោក​ពិត​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​លើកកម្ពស់​ទំនាក់​ទំនង​ទ្វេភាគី​ជាមួយ​ចិន​។ លោក បង្ហាញ​ការ​អរគុណ​ដល់​ប្រធានាធិបតី​ចិន​ដែល​តែងតែ​យកចិត្តទុកដាក់​លើ​ទំនាក់ទំនង​ទ្វេភាគី​និង​ចាត់ទុក​ចំណង​ការទូត​ជាមួយ​ឡាវ​ជា​រឿង​សំខាន់​សម្រាប់​ចិន​។​

​ប្រមុខរដ្ឋ​ឡាវ​រូបនេះ​បាន​ថ្លែង​ដូច្នេះ​ក្នុងពេល​លោក​ជួប​ជាមួយ​បេសកជន​ពិសេស​របស់លោក ស៊ី ជិន​ពីង លោក Song Tao  ហើយ​លោក​បច្ចុប្បន្ន​ជា​ប្រធាន​នាយកដ្ឋាន​អន្តរជាតិ​នៃ​គណកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ផង​។  ចំណែក​មន្ត្រ​ជាន់ខ្ពស់​របស់​ចិន​ខាងលើ​ក៏បាន​ពាំនាំ​សារ​ជូនពរ​របស់លោក ស៊ី ជិន​ពីង ប្រាប់​ប្រធានាធិបតី​ឡាវ​ដែរ ដោយ​ប្រមុខរដ្ឋ​ចិន​បាន​កោតសរសើរ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់លោក Choummaly Sayasone ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ឡាវ​និង​ចិន​។

​លោក Song បាន​បញ្ជាក់ថា ភាគី​ចិន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​សហការ​ជាមួយ​ឡាវ​ដើម្បី​លើកស្ទួយ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដែលមាន​ស្រាប​ផងដែរ​។ ចំណែក​ភាគ​ឡាវ​ក៏​ត្រៀមខ្លួន​ដើម្បី​សហការ​ជាមួយ​ចិន​ដូចគ្នា​។

​មន្ត្រីជាន់ខ្ពស់​និង​ជា​តំណាង​ប្រធានាធិបតី​ចិន​នេះ​បាន​អញ្ជើញ​មកដល់​ប្រទេស​ឡាវ​នៅ​ថ្ងៃ​អង្គារ ហើយ​ពេលមកដល់​ឡាវ​ភ្លាម​លោក Song Tao  បាន​ជួបប្រជុំ​ជាមួយ​លោក Chansy Phosikham សមាជិក​ការិយាល័យ​នយោបាយ​នៃ​គណកម្មាធិការ​មជ្ឈិម​នៃ​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវ​ផងដែរ​។ វត្តមាន​របស់​មន្ត្រីជាន់ខ្ពស់​ចិន កើតឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយពេល​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃេ​រី មក​ទស្សនកិច្ច​នៅ​ឡាវ​ដែល​នោះ​។ ប្រមុខ​ការទូត​ក្រុង​វ៉ាស៊ីនតោន​នេះ​មក​ទស្សនកិច្ច​នៅ​ឡាវ​ដើម្បី​ជជែក​រឿង​មរតក​គ្រាប់បែក​ដែល​អាមេរិក​ទម្លាក់​សម័យ​ស​ង្គ្រា​ម​វៀតណាម ត្រួសត្រាយ​ផ្លូវ​ដើម្បី​ស្តារ​ចំណង​ការទូត​ទ្វេភាគី និង​បញ្ចុះបញ្ចូល​ឲ្យ​ឡាវ​រក្សា​ជំហរ​អព្យាក្រឹត​របស់ខ្លួន​ដើម្បី​ជំរុញ​ការដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំនេះ​ផង​។ 

​កាលពី​ប៉ុន្មាន​ថ្ងៃមុន លោក ស៊ី ជិន​ពីង ដែលជា​ប្រធាន​គណកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​នោះបាន​ផ្ញើរ​សារ​សាទរ លោក Bounnhang Vorachit  អនុ​ប្រធានាធិបតី​ឡាវ​ត្រូវបាន​គេ​បោះឆ្នោត​ជ្រើសរើស​ឲ្យ​កាន់កាប់​តំណែង​អគ្គលេខាធិការ​បក្ស​បដិវត្តន៍​ប្រជាជន​ឡាវ​ក្នុង​សមាជ​លើក​ទី​១០​កាលពី​សប្តាហ៍​មុន​។ លោក ស៊ី ជិន​ពីង សង្ឃឹមថា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​ឡាវ​ថ្មី​នឹង​ត្រៀមខ្លួន​ពង្រឹង​កិច្ចសហការ​ជាមួយ​ចិន​ដែរ​។

​សូមបញ្ជាក់ថា​ទំនាក់ទំនង​រវាង​ឡាវ​និង​ចិន​បាន​វិ​វត្ត​យ៉ាង​រហ័ស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ហើយ​ឡាវ​ដែល​ធ្លាប់តែ​រណប​វៀតណាម​ខ្លាំង​ក្រោយ​ចលនា​កុម្មុយនីស្ត​ផ្តួលរំលំ​របបរាជានិយម​ក្នុង​ឆ្នាំ ១៩៧៥ នោះ បែរជា​មាន​ទំនោរ​មករក​ចិន​ខ្លាំង​ទៅវិញ​។ បើ​មើល​ចំណង​សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ជិតខាង​ទាំងពីរ កាន់តែ​ល្អប្រសើរ​ទៀត ដែល​នេះ​មិន​និយាយ​ដល់​ទំនាក់ទំនង​នយោបាយ​រវាង​បក្ស​និង​បក្ស​ផង​។ ក្រុមហ៊ុន​ចិន​ច្រើន​នាក់​ដែល​កំពុង​និង​បន្ត​ចូល​ដាក់ទុន​រកស៊ី​នៅ​ឡាវ ជាពិសេស​ផ្តោតលើ​ការរុករក​ធនធាន​រ៉ែ ហើយ​រដ្ឋាភិបាល​ចិន​បាន​បន្ត​ផ្តល់ជំនួយ​ផង និង​កម្ចី​ផង​ដល់​រដ្ឋាភិបាល​ឡាវ​ដើម្បី​អភិវឌ្ឍ​ប្រទេស​។ កន្លងមក​ចិន​ទាក់ទាញ​ឡាវ​ឲ្យ​ចូលរួម​គាំទ្រ​គម្រោង​សេដ្ឋកិច្ច​« ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​» និង​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​ថែមទៀត​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​