អាមេរិក​រិះគន់​មេដឹកនាំ​តៃវ៉ាន់​ដែល​ទៅ​កោះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

​គម្រោង​ទៅ​ទស្សនកិច្ច​ទៅកាន់​កោះ Itu Aba នៃ​ប្រជុំ​កោះ​ស្ព្រា​ត់​លី (Spratly) នៅ​សមុទ្រ​ចិន​ខាងត្បូង​របស់​ប្រធានាធិបតី​ជិត​ផុត​តៃវ៉ាន់​បានធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ជាខ្លាំង​។ អាមេរិក​ជា​សម្ព័ន្ធមិត្ត​របស់​តៃវ៉ាន់ និង​ជា​ខ្នងបង្អែក​តែង​ផ្គត់ផ្គង់​អាវុធ​ឲ្យ​តៃវ៉ាន់​មែន តែ​សកម្មភាព​របស់​មេដឹកនាំ​តៃវ៉ាន់​អាច​បង្ក​ឲ្យ​មាន​ភាព​តានតឹង​កើនឡើង​ខ្លាំង​ផង​។

សូមស្ដាប់ព័ត៌មានលម្អិតដោយលោក មុំ ពិទូរ្យ៖​

​ក្រោយ​ការិយាល័យ​ប្រធានាធិបតី​តៃវ៉ាន់ ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក Ma Ying-jeou  ទៅ​ទស្សនកិច្ច​នៅ​កោះ Itu Aba ឬ Taiping នៅ​ប្រជុំ​កោះ​ស្ព្រា​ត់​លី​នៅ​សមុទ្រ​ចិន​ខាងត្បូង សហរដ្ឋអាមេរិក​បាន​បង្ហាញ​ប្រតិកម្ម​និង​រិះគន់​សកម្មភាព​នេះដែរ​។ ដំណើរ​ទស្សនកិច្ច​រប​ស់មេ​ដឹកនាំ​តៃវ៉ាន់​នេះ រៀបចំឡើង​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​កងទ័ព​តៃវ៉ាន់​បាញ់​ពន្លិច​ទូក​នេសាទ​របស់​វៀតណាម​នៅក្បែរ​កោះ Taiping  នេះដែរ​។​

​នៅ​ថ្ងៃ​ពុធ ទី ២៧ មករា​ម្សិលមិញ មន្ត្រី​អាមេរិក​បាន​ហៅ​ដំណើរ​ទស្ស​និច្ច​របស់លោក Ma Ying –jeou ថា​ជា​ទង្វើ​អត់​ប្រយោជន៍​ក្នុងការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​។ អ្នកនាំពាក្យ​ប្រចាំ​វិទ្យាស្ថាន​អាមេរិក (​ស្ថានទូត​អាមេរិក​នៅ​តៃវ៉ាន់​) លោកស្រី Sonia Urbom បាន​ថ្លែងថា​៖«​យើង​ពិតជា​ខកចិត្ត​ណាស់​ដែល​ប្រធានាធិបតី​តៃវ៉ាន់​គ្រោង​ទៅ​ទស្សនកិច្ច​កោះ Taiping  ។ ដំណើរ​ទស្សនកិច្ច​នេះ​ពិតជា​មិនអាច​ជួយ​ឲ្យ​មានការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិវិធី​នោះឡើយ​»​។

​សហរដ្ឋអាមេរិក​តាម​ពិត​ទៅជា​សម្ព័ន្ធមិត្ត​និង​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ធំ​បំផុត​ឲ្យ​កោះ​តៃវ៉ាន់​ដើម្បី​ការពារ​ខ្លួន ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​ជម្លោះ​របស់​មេដឹកនាំ​ក្រុង​តៃប៉ិ​ក​នេះ ក្លាយជា​រឿងចម្រូងចម្រាស និង​អាច​បង្ក​ឲ្យ​មាន​ភាព​តានតឹង​ផង​។ នេះ​ក៏ដោយ​សារ​កោះ​ដែល​តៃវ៉ាន់​ទាមទារ​នោះ ក៏​ជា​អ្វីដែល​វៀតណាម ចិន ប្រ៊ុយណេ ហ្វីលីពីន និង​ម៉ាឡេស៊ី ទាមទារ​ដូចគ្នា​។

​ទាក់ទិន​ដំណើរ​ទស្សនកិច្ច​នេះ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​លោក Ma ធ្លាប់​ប្រកាស​កាលពី​ឆ្នាំមុន​ថា​លោក អាច​ទៅ​ទស្សនកិច្ច​នៅ​កោះ Itu Aba ចុងឆ្នាំ​២០១៥ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​ផ្លាស់ប្តូរ​ពេលវេលា​ដោយសារ​លោក​ត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង​។ ទាក់ទិន​ការទាមទារ​កោះ​នេះដែរ ប្រធានាធិបតី​តៃវ៉ាន់​បានចេញ​គំនិត​ផ្តួចផ្តើម​សន្តិភាព​មួយ​ដោយ​ស្នើ​ឲ្យ​បណ្តា​ភាគី​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ចូលរួម​អភិវឌ្ឍ​ធនធាន​ដែលមាន​ក្នុង​តំបន់​ជម្លោះ​ជាមួយគ្នា និង​ទុក​ការទាមទារ​ផ្សេងៗ​គ្នា​នេះ​នៅ​ដោយឡែក​។​

​មួយវិញទៀត មុន​មាន​ទស្សនកិច្ច​នេះ ការិយាល័យ​ប្រធានាធិបតី​ក៏បាន​អញ្ជើញ​ប្រធានាធិបតី​ថ្មី​មកពី​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​ឲ្យ​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ​។ ប៉ុន្តែ​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោកស្រី Tsai Ing-wen បានប្រកាស​ហើយ​ថា លោកស្រី​នឹងមិន​បញ្ជូន​អ្នកតំណាង​របស់ខ្លួន​ទៅ​ចូលរួម​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ទេ​។ នេះ​ក៏​ដោយសារ​លោកស្រី​មិន​ចង់​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​អាក្រក់ ហើយ​វា​អាច​បង្ក​ផលប៉ះពាល់​ដល់​ទំនាក់ទំនង​តៃវ៉ាន់​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ផ្សេងទៀត​។

​សូមបញ្ជាក់ថា តៃវ៉ាន់​នៅ​បន្ត​ចាត់ទុក​កោះ Itu Aba  ជា​ផ្នែក​មួយ​របស់ខ្លួន ហើយ​កងទ័ព​តៃវ៉ាន់​បាន​កាន់កាប់​កោះ​នេះ​តាំងពី​ឆ្នាំ ១៩៥៦​មកម្ល៉េះ នៅពេល​កងទ័ព​ចិន​ចាប់ផ្តើម​សកម្មភាព​យោធា​នៅលើ​ប្រជុំ​កោះ​ស្ព្រា​ត់​លី​។ ប៉ុន្តែ​នៅក្នុង​ឆ្នាំ ១៩៩៩ តៃវ៉ាន់​ចាប់ផ្តើម​ប្តូរ​កងទ័ព​ដែល​បញ្ឈរជើង​នៅលើ​កោះ​ដោយ​ប្រើប្រាស់​ឆ្មាំ​ការពារ​សមុទ្រ​ឲ្យ​ល្បាត​នៅ​កោះ​ជំនួស​វិញ​។ នៅក្នុង​ឆ្នាំ ២០១២ រដ្ឋាភិបាល​តៃវ៉ាន់​បាន​ដាក់ចេញ​គម្រោង​អភិវឌ្ឍន៍​មួយ​នៅលើ​កោះ​ដែលមាន​ទំហំ​ទឹកប្រាក់​ប្រហែល ១១០​លាន​ដុល្លារ​អាមេរិក​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​