ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អង្គរក្ស និង​ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​ថៅកែ​ភោជនីយដ្ឋាន​ផែ​ថ្ម​បាន​រាល​កែ​កាំភ្លើង​ចំ​មេការ​ភោជនីយដ្ឋាន​ផែ​ថ្ម​បណ្ដាល​ឲ្យ​រង​របួស​កំភួនជើង​ឆ្វេង​ធ្ងន់ធ្ងរ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភោជនីយដ្ឋាន​ផែ​ថ្ម នៅ​ផ្លូវ​លេខ​៨២​កែង​ផ្លូវ​លេខ​៣៩ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មេការ​ភោជនីយដ្ឋាន​ផែ​ថ្ម​ដែល​រង​គ្រោះ​ឈ្មោះ ឈួ​ង សុខ​ហៀ​ង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ក្នុង​ភោជនីយដ្ឋាន​ផែ​ថ្ម បាន​រង​របួស​១​គ្រាប់​ចំ​កំភួនជើង​ខាងឆ្វេង ពេល​នេះ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ចំណែក​ជន​បង្ក​ឈ្មោះ ហោ ត្រាយ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អង្គរក្ស និង​ជា​អ្នកបើកបរ​រថយន្ត​ឲ្យឈ្មោះ ចេ​ង ហុង ជា​ថៅកែ​ភោជនីយដ្ឋាន​ផែ​ថ្ម ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​បុគ្គលិក​ក្នុង​ហាង​មានការ​ឈ្លោះប្រកែក​គ្នា ថៅកែ​ហាង​ឈ្មោះ ចេ​ង ហុង បាន​ឲ្យ​អង្គរក្ស និង​ជា​អ្នកបើកបរ​បើករថយន្ត​ជូន​មក​ហាង ពេល​មក​ដល់​ហាង​អង្គរក្ស​រូប​នេះ​បាន​ដក​កាំភ្លើងខ្លី​ម៉ាក GLOCK មក​កាន់​នឹង​ដៃ ហើយ​អា​ម៉េ​ដោះ​គ្រាប់ ស្រាប់តែ​រាលកៃ​ផ្ទុះ​បណ្ដាល​ឲ្យ​ត្រូវ​ជន​រង​គ្រោះ​តែ​ម្តង ភ្លាម​ៗ​នោះ​អង្គរក្ស​រូប​នោះ​ក៏​បាន​រត់គេច​ខ្លួន​បាត់​តែ​ម្តង ៕