លោក ស៊ី ជីនពីង អបអរលោក ង្វៀង ផូត្រុង ជាប់ឆ្នោតជាប្រធាន បក្សកុម្មុយនីស្ត វៀតណាមជាថ្មី

ប៉េកាំង ៖ ប្រធានគណៈកម្មាធិការ កណ្ដាលបក្សកុម្មុយនីស្តចិន លោក ស៊ី ជីនពីង នៅរសៀល ថ្ងៃព្រហស្បតិ៍នេះ បានផ្ញើសារអបអរសាទរ ចំពោះលោក ង្វៀង ផូត្រុង ដែលទើបនឹងឈ្នះ ការបោះឆ្នោតជាថ្មីលើតំណែង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា ក្នុងនាមជាប្រធាន បក្សកុម្មុយនីស្តចិនលោក ស៊ី បានថ្លែងការសាទរ ចំពោះភាពជោគជ័យ ដ៏ធំធេងនេះ ហើយនេះសមិទ្ធិផល របស់វៀតណាមដ៏គួរឲ្យកត់សម្គាល់មួយ ចាប់តាំងពីដើម សតវត្សរ៍ ដើម្បីកសាងសង្គមនិយម និងការបង្កើត ថ្មីរបស់ខ្លួន។

ជាមួយគ្នានេះដែរ ប្រធានាធិបតីចិន បានបញ្ជាក់ថា ចិន និងវៀតណាម គឺជាប្រទេសជិតខាង ផ្សារភ្ជាប់ដោយ ភ្នំ និងទន្លេ ហើយចែករំលែក ប្រព័ន្ធនយោបាយ និងគោលការណ៍ អភិវឌ្ឍលើទស្សនវិស័យរួម ក៏ដូចជាគោលដៅ បង្កើន ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាជោគវាសនា នៃយុទ្ធសាស្រ្តដ៏មានសារៈសំខាន់។

លើសពីនេះលោក ស៊ី បានបន្ថែមទៀតថា ខ្លួនឲ្យតម្លៃខ្ពស់ចំពោះទំនាក់ទំនងចិន និង វៀតណាម ដែលប្រកាន់ ភ្ជាប់គោលការណ៍ស្ថេរ ភាពយូរអង្វែង ហើយសម្លឹងមើល ទស្សនៈ វិស័យវែងឆ្ងាយនាពេលអនាគត ជាប្រទេស ជិតខាងដែលមានទំនាក់ទំនងល្អ និង កិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាស្មារតីនៃប្រទេសជិតខាងល្អ មិត្តល្អ និងជាដៃគូល្អ៕

លោក ស៊ី ជីនពីង អបអរលោក ង្វៀង ផូត្រុង ជាប់ឆ្នោតជាប្រធាន បក្សកុម្មុយនីស្ត វៀតណាមជាថ្មី