អាជ្ញាធរក្រិក៖ អ្នកស្លាប់ក្នុង ហេតុការណ៍លិចទូក នៅកោះសាម៉ូស កើនដល់ ២៤នាក់

អាថែន៖ មនុស្សចំនួន ២២នាក់ រួមទាំងក្មេង ២នាក់ទៀតត្រូវបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់លិចទូក មួយគ្រឿង ផ្ទុកជនភៀសខ្លួន មកពីប្រទេសតួកគី ឆ្ពោះមកកាន់ នៅកោះសាម៉ូស ប្រទេសក្រិក នេះបើយោងតាមតួលេខចុងក្រោយ ពីអាជ្ញាធរក្រិក បញ្ជាក់កាលពីរសៀលថ្ងៃព្រហស្បតិ៍នេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នេះបន្ដទៀតថា មនុស្សចំនួន ១០នាក់ហើយត្រូវបានជួយសង្គ្រោះ ខណៈនៅមិនទាន់ដឹងថាមានមនុស្សប៉ុន្មាននាក់បាត់ខ្លួននៅឡើយទេ ដោយឡែកឆ្មាំសមុទ្រក្រិក បានឲ្យដឹងថា ខ្លួនកំពុងដាក់កម្លាំងដើម្បីប្រតិបត្តិការជួយសង្គ្រោះបន្ដទៀត។

យោងតាមសម្ដីរបស់អ្នកដែលគេចផុតពីការស្លាប់ បានហែលទៅកាន់ច្រាំងហើយប្រាប់សមត្ថកិច្ចបន្ដទៀតថា ជនភៀសខ្លួននៅលើទូកទាំងអស់មានគ្នាប្រហែលជា ៥០នាក់។ ហេតុការណ៍ដ៏អាក្រក់មួយនេះ ត្រូវបានរាយការណ៍ឲ្យដឹងមួយថ្ងៃ បន្ទាប់ពីករណីមនុស្ស ៧នាក់ រួមទាំងក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់ និងក្មេងស្រីអាយុ ១២ខែម្នាក់ បានបាត់បង់ជីវិតក្នុងហេតុការណ៍ដូចគ្នានេះដែរ៕

អាជ្ញាធរក្រិក៖ អ្នកស្លាប់ក្នុង ហេតុការណ៍លិចទូក នៅកោះសាម៉ូស កើនដល់ ២៤នាក់