អតីត​មេ​ដឹកនាំ​ប្រទេស​កូតឌីវ័រ​ឡើង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

អតីត​មេ​ដឹកនាំ​ប្រទេស​កូតឌីវ័រ​ឡើង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

លោក ឡូរិន បេកបូ (Laurent Gbagbo) ដែល​ជា​អតីត​ប្រធានាធិតបី​​ប្រទេស​កូតឌីវ័រ (Ivory Coast) រង់ចាំ​ការ​ចាប់ផ្តើម​នៃ​សវនការ​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ នៅ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។

ការ​កាត់​ទោស​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​នឹង​អតីត​ប្រធានាធិតបីប្រទេស​កូតឌីវ័រ (Ivory Coast) ​គឺ​លោក ឡូរិន បេកបូ (Laurent Gbagbo) ​បាន​ចាប់​ផ្តើម​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

លោក បេកបូ​ ដែល​ជា​អតីត​ប្រមុខ​រដ្ឋ​ដំបូង​គេ​ដែល​ត្រូវ​បាន​ជំនុំ​ជម្រះ​ទោស​នៅ​ឯ​តុលការ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់​នោះ កំពុង​ប្រឈម​មុខ​នឹង​ការចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ផ្សេងៗ​ រួម​ទាំង​ការ​រំលោភ​សេពសន្ថវៈ​ និង​អំពើ​មនុស្ស​ឃាត​ផង​ដែរ។

បទ​ឧក្រិដ្ឋ​ទាំង​នេះ​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​ប្រព្រឹត្ត​នៅ​ក្នុង​ពេល​មាន​ជម្លោះ​រយៈពេល​៤ខែ ក្នុង​ឆ្នាំ២០១០ ក្នុង​ប្រទេស​កូតឌីវ័រ​នោះ ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​៣ពាន់​នាក់​ស្លាប់។ ក្រុម​រដ្ឋ​អាជ្ញា​និយាយ​ថា លោក បេកបូ​ ដែល​មាន​អាយុ​៧០​ឆ្នាំ​រូប​នេះ បាន​ធ្វើ​សង្គ្រាម ដើម្បី​នៅ​ក្រាញ​អំណាច ទោះ​បី​ជា​លោក​បាន​ចាញ់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ទៅ​ហើយ។ ​គូ​ប្រជែង​ដ៏​ស្វិតស្វាញ​របស់​លោក​គឺ លោក អាឡាសាន អូតារ៉ា​ (Alassane Ouattara) បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នោះ។

ទីបំផុត ជម្លោះ​ក៏​បាន​បញ្ចប់ ក្រោយ​ពី​ប្រទេស​បារាំង ដែល​ធ្លាប់​ធ្វើ​អាណានិគម​លើ​ប្រទេស​កូតឌីវ័រ​នេះ បាន​បញ្ជូន​កងទ័ព​ចូល​ក្នុង​ប្រទេស​នេះ ដើម្បី​ស្តារ​សណ្តាប់ធ្នាប់​ឡើង​វិញ ហើយ​ចាប់​ខ្លួន លោក បេកបូ ដែល​បាន​ជាប់​នៅ​ក្នុង​វិមាន​ប្រធានាធិបតី​ក្នុង​អំឡុង​ពេល​ធ្វើ​សង្គ្រាម​៤ខែ៕