ប្រាក់បៀវត្សរ៍​ចៅក្រម​-​ព្រះរាជអាជ្ញា​ដែល​តិចតួច​ស្រាប់​ អាច​ត្រូវ​បាន​ដំឡើង​ប្រមាណ​ពី​៤០​ភាគរយ​ទៅ​៥០​ភាគរយ​

​ប្រាក់បៀវត្សរ៍​របស់​ចៅក្រម​-​ព្រះរាជអាជ្ញា​បម្រើ​ការងារ​នៅ​តាម​សាលា​ជម្រះក្តី​ទូ​ទាំង​ប្រទេស​ អាច​នឹង​ត្រូវ​បាន​ដំឡើង​ប្រមាណ​ពី​៤០​ភាគរយ​ទៅ​៥០​ភាគរយ​លើ​ប្រាក់បៀវត្សរ៍​ចាស់​ ដែល​មាន​កម្រិត​តិចតួច​ស្រាប់​ ចាប់ពី​ឆ្នាំ​២០១៦​ ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​ ។​

​លោក​ ជិន​ ម៉ា​លី​ន​ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ បាន​ថ្លែងប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ក្រោយ​កិច្ចប្រជុំ​ស្តី​ពី​កំណែទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ នៅ​ទីស្តីការក្រសួង​យុត្តិធម៌​ នា​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​នេះ​ឲ្យ​ដឹង​ថា​ ក្រសួងយុត្តិធម៌​បាន​រៀបចំ​ព្រាង​ព្រះរាជក្រឹត្យ​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ ដើម្បី​ដំឡើង​ប្រាក់បៀវត្សរ៍​ដល់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ ពីលើ​ប្រាក់បៀវត្សរ៍​ចាស់​ប្រមាណ​ពី​៤០​ភាគរយ​ទៅ​៥០​ភាគរយ​ ។​

​អនុលោម​តាម​មាត្រា​១៤,​ មាត្រា​១៥​ និង​មាត្រា​៨១​ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ បាន​តម្រូវ​ឲ្យ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ត្រូវ​ទទួល​ប្រាក់បៀវត្សរ៍​ដែល​មាន​កម្រិត​តាម​ឋានន្តរស័ក្តិ​ និង​ថ្នាក់​របស់​ខ្លួន​ ប្រាក់​បំណាច់​មុខងារ​ និង​ប្រាក់​បំណាច់​ផ្សេងៗ​ទៀត​ ព្រមទាំង​ប្រាក់​បំណាច់​រង្វាន់​ដទៃ​ទៀត​ ស្រប​តាម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ ។​ ប្រាក់បៀវត្សរ៍​ ប្រាក់​បំណាច់​មុខងារ​ និង​ប្រាក់​បំណាច់​ផ្សេងៗ​ទៀត​ ដូច​ជា​ប្រាក់​បំណាច់​ក្នុង​កិច្ចការ​បំពេញបេសកកម្ម​ ប្រាក់​បំណាច់​ឈ្នួល​ផ្ទះ​ ប្រាក់​បំណាច់​អធិមូល​ជីវភាព​ ប្រាក់​បំណាច់​សម្រាប់​ផ្លាស់​ប្តូរ​ទីតាំង​ការងារ​ ប្រាក់​ថ្លៃ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ និង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​រយៈពេល​យូរ​របស់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ ត្រូវ​កំណត់​ដោយ​អនុក្រឹត្យ​ ។​

​មន្ត្រី​តុលាការ​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​រៀបរាប់​ឲ្យ​ដឹង​ថា​ ក្រៅពី​ថ្នាក់​ប្រធាន​ អនុប្រធាន​ អគ្គ​ព្រះរាជអាជ្ញា​ អគ្គ​ព្រះរាជអាជ្ញា​រង​នៃ​តុលាការ​កំពូល​ និង​សាលាឧទ្ធរណ៍​មួយ​ចំនួន​ គឺ​បច្ចុប្បន្ន​ចៅក្រម​-​ព្រះរាជអាជ្ញា​បម្រើ​ការងារ​នៅ​តាម​សាលា​ជម្រះក្តី​ទូ​ទាំង​ប្រទេស​ ទទួល​បាន​ប្រាក់បៀវត្សរ៍​ រួម​ជាមួយ​ប្រាក់​បំណាច់​ផ្សេងៗ​សរុប​បញ្ចូល​គ្នា​ប្រមាណ​តិច​ជាង​២​លាន​រៀល​ (​ក្រោម​៥០០​ដុល្លារ​អា​មេ​រិ​ក​)​ក្នុង​១​ខែ​ ខណៈ​ប្រាក់បៀវត្សរ៍​សុទ្ធសាធ​សឹង​មិន​ដល់​៤០​ម៉ឺន​រៀល​ផង​ (​ប្រាក់​បំណាច់​ផ្សេងៗ​ ជា​ពិសេស​ប្រាក់​បំណាច់​មុខងារ​មាន​ចំនួន​ច្រើន​ជាង​ប្រាក់បៀវត្សរ៍​)​ ។​ ដូច្នេះ​ បើ​ប្រាក់​សរុប​ដែល​ចៅក្រម​-​ព្រះរាជអាជ្ញា​ទទួល​បាន​សព្វថ្ងៃ​ ត្រូវ​បាន​ដំឡើង​ពី​៤០​ភាគរយ​ទៅ​៥០​ភាគរយ​ គឺ​ចៅក្រម​-​ព្រះរាជអាជ្ញា​ទូ​ទាំង​ប្រទេស​ “​អាច​មាន​ទឹកមាត់​លេប​ខ្លះ​”​ ប៉ុន្តែ​បើ​ដំឡើង​ក្នុង​កម្រិត​ពី​៤០​ភាគរយ​ទៅ​៥០​ភាគរយ​លើ​ប្រាក់បៀវត្សរ៍​សុទ្ធសាធ​នោះ​ “​ទំនងជា​មិន​បាន​ប៉ុន្មាន​មាសមេ​ឡើយ​”​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​កិច្ច​កំណែទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ភាព​មិន​ឯករាជ្យ​នៃ​ស្ថាប័ន​តុលាការ​ និង​បច្ច័យ​នៃ​ការ​កាត់ក្តី​លម្អៀង​ ពុក​រលួយ​ លុះ​ក្នុង​អំពើ​អគតិ​របស់​ចៅក្រម​-​ព្រះរាជអាជ្ញា​បម្រើ​ការងារ​នៅ​តាម​សាលា​ជម្រះក្តី​មួយ​ចំនួន​ ជា​មុខសញ្ញា​ក្តៅ​គគុក​ពោរពេញ​ទៅ​ដោយ​ការ​រិះគន់​ចំពោះ​ស្ថាប័ន​តុលាការ​នៅ​កម្ពុជា​ រហូត​ធ្វើ​ឲ្យ​បាត់​ជំនឿ​ទុកចិត្ត​សម្រាប់​ស្រទាប់​ប្រជាពលរដ្ឋ​ ដែល​ទាមទារ​ឲ្យ​មានការ​កែទម្រង់​ជា​ប្រព័ន្ធ​ ទាំង​ស្ថានភាព​សត្យា​នុ​ម័ត​ ទាំង​ស្ថានភាព​អត្ត​នោ​ម័ត​ ៕​

Related