៧ ហេតុផល​រាងចាល​ស្នេហា​

Doliprane TVC

​រឿងរ៉ាវ​ស្នេហា​មិនមែន​សុទ្ធតែ​បាន​ជោគជ័យ​សមតា​ម​បំណង​គ្រប់ៗ​គ្នា​នោះទេ ហើយ​តែង​បន្សល់​ស្នាមដំបៅ​ដួងចិត្ត​ធ្វើឱ្យ​រាងចាល​លែង​ចង់​មាន​ស្នេហា​ជាថ្មី​ទៀតផង ។ ស្នាម​ស្នេហ៍​ចាស់​ជា​បទពិសោធ​តាម​លងបន្លាច​ចិត្ត ធ្វើឱ្យ​ខ្វះ​ទំនុកចិត្ត​ថា តើ​ត្រូវ​ដាក់ចិត្ត​ស្រឡាញ់​ម្តងទៀត​ឬ​យ៉ាងណា ។ ដោយសារ​ខ្លាច​ធ្លាក់​ក្នុង​រណ្តៅ​ទុក្ខ​ម្តងទៀត អ្នក​ធ្លាប់​ជួប​ស្នេហ៍​ខកចិត្ត​ហាក់​រារាំង​ចិត្ត​ខ្លួនឯង​មិនឱ្យ​ប្រថុយ​ស្រឡាញ់​អ្នកថ្មី​ងាយៗ​នោះ ទេ ហើយ​ដែល​សំខាន់​នោះ​អារម្មណ៍​ខុសឆ្គង​បង្ខាំង​ចិត្ត​ស្រឡាញ់​មិន​ហ៊ាន​ស្និទ្ធស្នាល និង មិន​ហ៊ាន​និយាយ​ពាក្យពេចន៍​ក្នុង​ចិត្ត​តែប៉ុណ្ណោះ ។​

១)​ស្រឡាញ់​ស្មោះ​ងាយ​នឹង​ឈឺចាប់​
​គូស្នេហ៍​ដែល​ទើប​ទាក់ទង​គ្នា​ថ្មីថ្មោង​តែងមាន​អារម្មណ៍​មិន​ទុកចិត្ត​គ្នា និង ខ្លាចរអា​ច្រើន ព្រោះ​ការ ដាក់ចិត្ត​ស្រឡាញ់​នរណាម្នាក់​មិនមែន​មានតែ​ការស្រឡាញ់ និង ការផ្តល់​ទំនុកចិត្ត​ទៅ​ដៃគូ​ប៉ុណ្ណោះ​ទេ គឺ​បូកផ្សំ​ទាំង​ការខកចិត្ត​ដែរ ។ ហេតុនេះហើយ​ទើប​គូស្នេហ៍​ថ្មីថ្មោង​ច្រើន​បម្រុង​ចិត្ត និង មានការ​សង្ស័យ​ច្រើន ព្រោះ​ដៃគូ​ទាំងសងខាង​ដឹង​ច្បាស់​ថា​ស្រឡាញ់​ខ្លាំង​ប៉ុនណា ឈឺចាប់​វិញ​ក៏​ខ្លាំង​ដូចគ្នា​ដែរ ។​

​២)​ស្នាម​ស្នេហ៍​ចាស់​តាម​លងបន្លាច​ស្នេហ៍​ថ្មី​
​បទពិសោធន៍​ចាស់​ជា​មេរៀន​ដែល​ដក់​ជាប់​ក្នុង​ចិត្ត​មិន​ងាយ​ភ្លេច ដូចនេះ​នៅពេល​ទំនាក់ទំនង​ស្នេហា​កាន់តែ​ជិតស្និទ្ធ រឿងរ៉ាវ​ចាស់ៗ​ដែល​ធ្វើឱ្យ​ខូចចិត្ត​ក៏​លេច​ជា រូបភាព​ក្នុង​ចិត្ត​ភ្លាមៗ ។ អារម្មណ៍​អវិជ្ជមាន​ទាំងនេះ​ធ្វើឱ្យ​គូស្នេហ៍​ហាក់​ស្ទាក់ស្ទើរ​មិន​ហ៊ាន​បើក​ចិត្ត​មិនសូវ​សម្តែង​ភាពស្និទ្ធស្នាល​ប៉ុន្មាន​នោះទេ ព្រោះ​ខ្លាច​ឈឺចាប់ បាត់បង់ ខឹង ឬ ជួបនឹង​ការបែកបាក់ ជាថ្មី​ម្តងទៀត ។

៧ ហេតុផល​រាងចាល​ស្នេហា​

៣)​ស្នេហា និង កុមារភាព​ជូរចត់​
​គូស្នេហ៍​ច្រើនតែ​គិតគូរ​ខ្លាំង​ពី​អារម្មណ៍​របស់​ដៃគូ​ម្ខាង​ទៀត​ខ្លាច​គេ​មិន​ស្រឡាញ់​ខ្លួន ដូចនេះហើយ​មានចិត្ត​សង្ស័យថា​គេ​មិន​យល់​ពី​តម្លៃ និង មិន​យកចិត្តទុកដាក់​ចំពោះ​ខ្លួន ។ ជាទូទៅ​មនុស្ស​ម្នាក់ៗ​តែងមាន​«​កូន​ចិត្ត​»​មួយ​ដែល​បណ្តាលឱ្យ​ចិត្ត​យើង​ចេះតែ​គិត​រឿង​អំពល់​ចិត្ត​ខ្លួនឯង ។ «​កូន​ចិត្ត​»​នេះ​ចាក់ឫស​ក្នុង​គំនិត​របស់​យើង វា​កើតឡើង​ដោយសារ​កុមារភាព​ឈឺចាប់ និង រឿងរ៉ាវ​មិនល្អ​កាលពី​ក្មេង​ដែល​បន្សល់ទុក​ពី​ឪពុកម្តាយ ។

ដូចនេះ​នៅពេល​ធំ​ឡើង ចំណុច​ទាំងនេះ​ប្រែក្លាយជា​គំនិត​អវិជ្ជមាន​តាម​រំអុក​រំ​ខាន​ចិត្ត​ជាប់​ជានិច្ច​រហូត​ធ្វើឱ្យ​យើង​ស៊ាំ​ទៅនឹង​គំនិត​បែបនេះ​រួចទៅហើយ ។ ឧទាហរណ៍​ពេល​មាន​នរណាម្នាក់​មក​ស្រឡាញ់​យើង​ហើយ​ឱ្យ​តម្លៃ​យើង ប៉ុន្តែ​គ្រាន់តែ​គេ​មានគំនិត​ផ្ទុយ​ពី​យើង​ក៏​យើង​មាន​អារម្មណ៍​មិន​ជិតស្និទ្ធ និង ហាម​ចិត្ត​ខ្លួនឯង​ដោយសារតែ​«​កូន​ចិត្ត​»​មួយ​នោះ ។​

៤)​ស្រឡាញ់​ប៉ុនណា​ឈឺផ្សា​ប៉ុន​ហ្នឹង​
​នៅពេល​យើង​មាន​ភាព​រីករាយ ឬ ចាប់ផ្តើម​គិតថា​ជីវិត​ប្រែក្លាយជា​មានន័យ​គំនិត​ពី​ជ្រុង​ម្ខាង​ទៀត​ក៏​ផុស​ឡើង​ដែរ គឺ​លទ្ធផល​ដែល​ប្រឈម​នឹង​ទុក្ខសោក​ស្នេហា ។ អ្នកមាន​ស្នេហា​ច្រើនតែ​គេចវេះ​ពី​អារម្មណ៍​រីករាយ​ដោយសារ​ខ្លាច​វា​ប្រែជា​ការឈឺចាប់​វិញ ។ ទោះជា​យ៉ាងណា យើង​មិនអាច​ត្រាំត្រែង​នឹង​អារម្មណ៍​ខូចចិត្ត​ទុក​មុន​បែបនេះ​ទេ យក​ល្អ​ឆក់យក​ឱកាស​ដែល​ធ្វើឱ្យ​យើង​សប្បាយចិត្ត​វិញ ។ និយាយ​ជារួម​នៅពេល​ធ្លាក់ចូល​រណ្តៅ ស្នេហ៍​ហើយ គូស្នេហ៍​តែងតែ​មិន​ហ៊ាន​ដាក់ចិត្ត​ទាំងស្រុង​ទេ ព្រោះ​ខ្លា​ចរង​ទុក្ខសោក​នៅពេល​ក្រោយ​ទៀត ។

៥)​ជញ្ជីង​ស្នេហា​មិន​ស្មើគ្នា​ទេ​
​នៅពេល​អ្នក​សម្តែង​អាការ​ចូលចិត្ត​នរណាម្នាក់​ខ្លាំង ទង្វើ​បែបនេះ​ប្រាកដជា​ធ្វើ​ឱ្យគេ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ចូល​ជិត​អ្នក​ភ្លាមៗ​ទេ ព្រោះ​គេ​ខ្លាច​ថា​បើសិនជា​ទៅ​ថ្ងៃមុខ អ្នក​អាច​នឹងមិន​ដូច​ការគិត ហើយ​ធ្វើ​ឱ្យគេ​ឈឺចាប់ និង មាន​អារម្មណ៍​ថា​ត្រូវបាន​បដិសេធ ។ តាមពិត​ចិត្ត​ស្រឡាញ់​របស់​គូស្នេហ៍​មិន​ស្មើគ្នា​ទេ ច្រើនតែ​ម្ខាង​ស្រឡាញ់​ច្រើនជាង​ម្ខាង​ទៅតាម​ពេលវេលា ។

អារម្មណ៍​ស្រឡាញ់​មនុស្ស​ម្នាក់​ច្រើនតែ​ផ្លាស់ប្តូរ​មិន​ទៀងទាត់ ពេលខ្លះ​ខឹងច្រឡោត ឬ ស្អប់​ក៏មាន ។ ការបារម្ភ​ពី​ការផ្លាស់ប្តូរ​អារម្មណ៍រ​បស់​យើង​ធ្វើឱ្យ​យើង​មិនអាច​យល់​ពី​ចិត្ត​ខ្លួនឯង​ច្បាស់ ។ ដូចនេះ​យក​ល្អ គួរតែ​បើកចំហ​ចិត្ត​ឱ្យ​ដៃគូ​បានដឹងថា​យើង​គិត​បែបណា ហើយ​បំភ្លេច​ចិត្ត​បារម្ភ ឬ ប្រកាន់ ដើម្បី​ឈ្វេង​យល់ចិត្ត​គ្នា និង ឈានដល់​ទំនាក់ទំនង​ស្នេហា​រីករាយ​ទាំងសងខាង ។

៧ ហេតុផល​រាងចាល​ស្នេហា​

៦)​ស្នេហា​អាច​ប៉ះពាល់​ទំនាក់ទំនង​គ្រួសារ​
​នៅពេល​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​រីកចម្រើន មានន័យថា​អ្នក​ចាប់ផ្តើម​មានជីវិត​ឯករាជ្យ ដូច្នេះ​ទំនាក់ទំនង​ជាមួយ​គ្រួសារ​ក៏​រយាល​ទៅៗ​ដែរ រហូត​អាច​បែក​ចេញពី​គ្រួសារ​ក៏មាន ។ មួយវិញទៀត «​កូន​ចិត្ត​»​របស់​អ្នក​ក៏​អាច​លែងមាន​ឥទ្ធិពល​មកលើ​អ្នក​ទៀត​ដែរ ។ នេះ​មិនមែន​មានន័យថា អ្នករស់នៅ​បែក​ពី​ក្រុមគ្រួសារ​នោះទេ គឺ​សំដៅទៅ​លើផ្លូវ​ចិត្ត​ដែល​លែង​សូវ​ខ្វល់ខ្វាយ​ដូច​មុន ព្រោះ​អ្នក​មិនមែនជា​កូនក្មេង​ដូច​មុន​ទៀត​ទេ ផ្ទុយទៅវិញ អ្នក​ចាប់ផ្តើម​ប្តូរ​គំនិត​ចាស់ទុំ និង មានគំនិត​ផ្ទាល់ខ្លួន​ច្រើនជាង​មុន ។

៧)​ស្នេហា​ធ្វើឱ្យ​កាន់តែ​ភ័យខ្លាច​
«​កាន់តែ​ស្រឡាញ់ កាន់តែ​ខ្លាច​បាត់បង់​» មានន័យថា​ចិត្ត​ស្រឡាញ់​កាន់តែខ្លាំង កាន់តែ​ខ្លាច​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ។ នៅពេល​ចាប់ចិត្ត​ស្រឡាញ់​នរណាម្នាក់ អ្នក​ប្រាកដជា​ចង់ឱ្យ​ស្នេហា​ស្ថិតស្ថេរ​យូរអង្វែង ទើប​ជីវិត​ស្នេហា​មានន័យ និង មានតម្លៃ ។ ហេតុនេះហើយ​គ្រាន់តែ​គិតដល់​ការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​វា​នឹង​ធ្វើឱ្យ​អ្នក​ភ័យខ្លាច​មិន​ចង់​គិតដល់​ឡើយ ។ ដើម្បី​ទប់ស្កាត់​អារម្មណ៍​ភ័យខ្លាច​បែបនេះ អ្នក​ច្រើនតែ​រករឿង​ឈ្លោះ​ជាមួយ​គូស្នេហ៍​ទាំង​គ្មាន​ហេតុផល ឬ កាន់តែ​ធ្ងន់ធ្ងរ​អាចឈាន​ដល់​ការបែកបាក់​គ្នា​ទៀតផង ។

វា​ជាការ​ពិបាក​ណាស់ ព្រោះ​គ្មាន​វិធី​ជាក់​លាក់ណា​ដែល​អាច​កម្ចាត់​អារម្មណ៍​ភ័យខ្លាច​បែបនេះ​បាន​ទាំងស្រុង​ទេ ។ ហេតុនេះ​គូស្នេហ៍​ចេះតែ​គិត​ឃើញ​ហេតុផល​រាប់លាន​ដែល​ធ្វើឱ្យ​ខ្លួន​គិតថា​បែក​គ្នា​គឺជា​ការល្អ​ជាង ។ សរុបសេចក្តី​ទៅ​ហេតុផល​ខុសឆ្គង​ទាំងនោះ​បានត្រឹមតែ​បង្ករឿង​ភ័យខ្លាច​កាន់តែខ្លាំង​ឡើងៗ​ប៉ុណ្ណោះ ។

៧ ហេតុផល​រាងចាល​ស្នេហា​

​ជាទូទៅ​ទំនាក់ទំនង​ស្នេហា​ណា​ក៏​ប្រឈម​នឹង​ឧបសគ្គ​ច្រើន​ដែរ ដូចនេះ​គូស្នេហ៍​គួរ​ឈ្វេងយល់​ពី​ការភ័យខ្លាច​ដែល​បង្កឡើង​ពី​ចិត្ត​ស្រឡាញ់​របស់ខ្លួន និង វិធី​គ្រប់គ្រង​អារម្មណ៍ ដើម្បី​រក្សា​ទំនាក់ទំនង​ឱ្យបាន​យូរអង្វែង ។ ការភ័យខ្លាច​បែបនេះ​អាច​បិទបាំង​ហេតុផល​ពិតប្រាកដ​នៃ​ការបែកបាក់​ស្នេហា​របស់​អ្នក ប៉ុន្តែ​អ្នកនឹង​ភ្ញាក់ខ្លួន​ដឹង​ច្បាស់​ដោយ​ខ្លួនឯង​នៅពេល​មាន​ស្នេហា​ថ្មី​ទៀត ។ អ្នក​គួរ​ឈ្វេងយល់​ពី​ខ្លួនឯង ដូចគ្នា​នឹង​ការផ្តល់​ឱកាស​ឱ្យ​ដៃគូ​បាន​ឈ្វេងយល់​ពី​អ្នកនោះ​ទើប​អាច​រក្សា​ចំណង​ស្នេហ៍​បានយូរ​អង្វែង ៕​លក្ខិណា​