Van Gaal បន្ត​ដឹក​នាំ​ហ្វឹកហាត់ ខណៈ​ក្លិប​បដិសេធ​ព័ត៌មាន​សុំ​លាលែង

ក្លិប​បិសាច​ក្រហម Manchester United បាន​ធ្វើ​ការ​បដិសេធ​ព័ត៌មាន ដែល​ថា​គ្រូ​បង្វឹក លោក Louis van Gaal បាន​ដាក់​ពាក្យ​ស្នើ​សុំលាលែងតំណែង ខណៈគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះ បាន​វិល​ត្រលប់​ទៅ​ធ្វើ​ការ​បង្វឹក​កីឡាករ​របស់​ក្រុម​នេះ​វិញ កាល​ពី​ម្សិល​មិញ។

rooney-vangaal​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួនបាន​រាយ​ការណ៍ លោក Van Gaal បាន​ប្រឈម​មុខ​នឹង​ការ​ជួប​ប្រជុំ​ដែល​ទំនង​ជា​មាន​ស្ថាន​ភាព​​មិនល្អ​មួយ​ជា​មួយនឹង​ អនុប្រធាន​ប្រតិបត្តិ​របស់​ក្លិប Manchester United គឺ​ លោក Ed Woodward កាល​ពី​ថ្ងៃអង្គារ ស្រប​ពេល​ដែល​​ក្រុម​អ្នក​គាំទ្រ​ មាន​ការ​ខកចិត្ត​​ជា​ខ្លាំង​ចំពោះ​បរាជ័យ​របស់​ក្លិប​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​នឹង​ក្លិប Southampton ដែល​បញ្ចប់​ទៅ​ដោយ​លទ្ធផល​ ១-០។

លោក Van Gaal ត្រូវ​បាន​គេ​ឃើញ​ត្រលប់​មក​មជ្ឈមណ្ឌល​កីឡា Carrington ដើម្បី​បន្ត​ការងារ​បង្វឹក​របស់​លោក​វិញ​កាល​ពី​​ម្សិលមិញ។ ទោះបីជា​យ៉ាងណា ប្រព័ន្ធ​ផ្សព្វផ្សាយ​ក៏​បាន​រាយការណ៍​​ដែរ​ថា​លោក Van Gaal នឹង​ត្រូវ​ជួប​ប្រជុំ​ជាមួយ​នឹង​គណៈគ្រប់គ្រង់​កំពូល​របស់​ក្លិប​នៅ​ថ្ងៃ​នោះ​ផងដែរ។
បន្ទាប់​បាន​ទទួល​បរាជ័យ​លើកទី​ ៦ ​នៅ​ក្នុង​ក្របខណ្ឌ​នៃរ​ដូវកាល​នេះ លោក Van Gaal ក៏​ត្រូវ​តែ​ដឹកនាំ​ក្រុម​របស់​លោក​ប្រកួត​ពាន FA Cup ជុំទី ៤ នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ជួប Derby Country។ គួរ​កត់​សម្គាល់​ថា ​ក្រុម​បិសាច​ក្រហម​បាន​ទទួល​ពី​ការ​ចំអក​ឡកឡើយ​ជាខ្លាំង​ បន្ទាប់​ពី​បរាជ័យ​ កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ដែល​អាច​នឹង​​បង្កើន​សម្ពាធ​ដែល​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ក្លិប។

ស្ថិត​នៅ​ក្រោម​ក្រុម​កំពូល​តារាង​ទាំង​បួន​ចំនួន ៥ ពិន្ទុ ក្រុម Manchester United បានឈ្នះ​ត្រឹម​តែ​ ៣ ​ប្រកួត​តែ​ប៉ុណ្ណោះ នៅ​ក្នុង ​១៣ ​ប្រកួត​ចុង​ក្រោយ​នៅ​គ្រប់​ក្របខណ្ឌ​ទាំង​អស់​ដែល​ខ្លួន​បាន​ចូល​លេង។ លោក Van Gaal បាន​ឲ្យ​ដឹង​នៅ​ពេល​ក្រោយ​មកថា លោក​ពិត​ជា​អាចយល់​ពី​ការ​ខកចិត្ត​របស់​អ្នក​គាំទ្រ​របស់​ក្លិប។ លោក​​និយាយ​ថា៖ «ខ្ញុំ​ពិត​ជា​អស់​សង្ឃឹម​ណាស់​ដែល​ខ្ញុំ​ពុំ​អាច​បំពេញ​តាម​ការ​រំពឹង​ទុក​របស់​អ្នក​គាំទ្រ​របស់​យើង​បាន។ ពួកគេ​ធ្លាប់​មាន​ការ​រំពឹង​ទុក​ខ្ពស់​ចំពោះ​រូបខ្ញុំ តែ​ខ្ញុំ​បែរ​ជា​ពុំ​អាច​បំពេញ​វាបាន​ទៅវិញ»៕