ទៀ​ បាញ់​ បញ្ជា​ឲ្យ​ទា​ហាន​លេង​​ហ្វេ​ស​ប៊ុ​ក!


កងទ័ពនៅកម្ពុជា មានតួនាទីធ្វើអ្វី? បើតាមលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ប្រទេស​មួយ​នេះ បាន​ដាក់​បទ​បញ្ជាមួយថា ទាហានត្រូវ«លេងហ្វេសប៊ុក» ជាពិសេសត្រូវតាមដាន ព័ត៌មាន​ប្រចាំថ្ងៃ​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន។
ទៀ​ បាញ់​ បញ្ជា​ឲ្យ​ទា​ហាន​លេង​​ហ្វេ​ស​ប៊ុ​ក!

ទាហានកម្ពុជាមួយកងនេះ បានកាន់បដា ដែលមានសរសេរប្រឆាំង នឹងមេដឹកនាំគណបក្សប្រឆាំង មុននឹងថតរូបផ្សាយ នៅតាមបណ្ដាញសង្គម។

នៅវេលានេះ «ហ្វេសប៊ុក» មិនមែនគ្រាន់ជា​បណ្ដាញសង្គម ដែលមានលក្ខណៈឯកជន ឬត្រូវបាន​បណ្ដា​ជន​ទាំង​ឡាយ ចូលទៅលេង ដើម្បីជាការកំសាន្ដ ជួបជាមួយមិត្តភ័ក្ត សមាជិកគ្រួសារ និងទទួលបាន​ព័ត៌មាន​ផ្សេងៗ ដែល​ជា​រឿង​ធម្មតា​ក្នុងជីវិតនោះទេ។ ប៉ុន្តែសម្រាប់អតីតបក្ខជនមួយចំនួន ដែលធ្វើជាមន្ត្រីគ្រាក់ៗ តាំង​ពី​ជំនាន់​​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា បានចាត់ទុកបណ្ដាញសង្គមមួយនេះ ថាជាប្រព័ន្ធបច្ចេកវិទ្យា «យ៉ាង​ទំនើប​គ្មាន​ពីរ» ដើម្បីយកមកបម្រើ ក្នុងវិស័យការពារជាតិ និងជាពិសេស សម្រាប់យកមកប្រើប្រាស់ ក្នុង​ការ​បញ្ជា ទៅ​កាន់​ពល​ទាហាន​ទាំងអស់ ពីសំណាក់បុរសខ្លាំងម្នាក់ មានងារជាសម្ដេច«តេជោ»។

ដូចនៅក្នុងករណី របស់លោក​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងការពារជាតិ របស់​ប្រទេស​កម្ពុជា ដែលបានដាក់បទបញ្ជាមួយ​យ៉ាងពិសេស ទៅកាន់នាយទាហាន​​​តាម​ផ្នែក​ទាំងអស់ ថាត្រូវតែខិតខំ​បង្កើន​​សមត្ថភាព​ បច្ចេកវិទ្យា​ព័ត៌មាន​ ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​តាមដាន​ព័ត៌មាន​ បណ្តាញ​សង្គម Facebook និង​ព័ត៌មាន​​ប្រចាំថ្ងៃ​ របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ដើម្បី​ទទួលបាន​​បទបញ្ជា​ផ្សេងៗ ពីបុរសខ្លាំង​កម្ពុជា​រូប​នេះ​។

ការថ្លែងរបស់លោក ទៀ បាញ់ ខាងលើនេះ បានធ្វើឡើង នៅក្នុងពិធី​ជួប​សំណេះសំណាល ជាមួយ​បណ្តា​កង​ទ័ព​​ជើង​ទឹក នៅ​បញ្ជាការដ្ឋាន​ទ័ពជើងទឹក កាលពីពេលថ្មីៗនេះ។ លោក ទៀ បាញ់ ដែលមានពាក់ផ្កាយ​មាស​ច្រើន​គ្រាប់ នៅលើស្មារ បាននិយាយពន្យល់ ឲ្យ​នាយទាហាន​​តាំងពី​អង្គភាព​តូចៗ រហូត​អង្គភាព​ធំៗ ត្រូវ​តាម​ដាន​​ព័ត៌មាន​ទាំងឡាយ នៅលើបណ្ដាញសង្គមហ្វេ​ស​ប៊ុ​ក។ តែមិនមែនតាមដានព័តមាន តែពាស​ណា​ផ្សេង​ទេ ព្រោះ​បទ​បញ្ជានោះ បានបង្គាប់ឲ្យទាហាន ត្រូវតាមដានតែទំព័រ របស់លោក ហ៊ុន សែន មួយតែ​ប៉ុណ្ណោះ។ លោក ទៀ បាញ់ បានបញ្ជាក់ទៀតថា ការតាមដានព័ត៌មាន ពីទំព័រផ្លូវការរបស់លោក ហ៊ុន សែន នោះ គឺដើម្បី​ប្រមូល​ផ្តុំ​​ចង​ក្រង​​ជា​ឯកសារ ដើម្បី​យកទៅ​ផ្សព្វផ្សាយ និង​អប់រំរៀនសូត្រ​បន្ត ​នៅក្នុង​អង្គភាព​ទ័ព។

បទបញ្ជាដ៏ពិសេសខាងលើ មិនបានលំអិតផងទេ ថាតើ«ស្មានហ្វូន» ដែលជាសម្ភារៈដ៏សំខាន់ ក្នុងការ​អនុវត្ត​បទ​បញ្ជា​នេះ នឹងត្រូវលោក ទៀ បាញ់ ឬក្រសួងការពារជាតិ បំពាក់ឲ្យក្រុមទាហានទាំងនោះ ឬយ៉ាងណា? នេះ គេនៅមិនទាន់និយាយដល់ ថាតើការភ្ជាប់ ទៅកាន់បណ្ដាញអ៊ីនធើណែតចល័ត (ដើម្បីលេងហ្វេសប៊ុក នៅក្នុង​ស្មានហ្វូន​បាន) ដែលនៅតែមានតម្លៃថ្លៃនៅឡើយ នៅក្នុងប្រទេសកម្ពុជា នឹងត្រូវជាបន្ទុករបស់ថវិកាជាតិ​ដែរ​នោះ​ឡើយ។

លោក ព្រហ្ម គិត អតីតមន្ត្រី​ច្បាប់ច្រើនជំនាន់ និងជាអ្នកវិភាគ ប្រចាំឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានថ្លែងថា បទបញ្ជាខាងលើនេះ បានអះអាងកាន់តែខ្លាំង ថាកងកម្លាំងជាតិកម្ពុជា មិនមានអព្យាក្រិត្យភាព នៅក្នុងតួនាទី និងតំណែងនោះទេ។ លោកបានអះអាងទៀតថា ជាពិសេសជាបទបញ្ជាមួយ ដែលបង្ហាញពី​កំសោយ​នៃ​ប្រព័ន្ធ​ការពារ​ជាតិ របស់ប្រទេសកម្ពុជា ដែលបែរជាទៅពឹងផ្អែក ទៅលើបណ្ដាញសង្គមមួយទៅវិញ។ លោកបាន​ចោទ​សួរថា តើក្រសួងការពារជាតិកម្ពុជា គ្មានសមត្ថភាព ក្នុងការផ្សព្វផ្សាយអប់រំជួរកងទ័ព ដោយមធ្យោបាយ​កងទ័ព​របស់​ខ្លួនទេ ឬយ៉ាងណា?

អតីតមន្ត្រីចាស់វស្សា មកពីប្រទេសកម្ពុជារូបនេះ បានថ្លែងទៀតថា៖ «ឲ្យទាហានលេងហ្វេសប៊ុក ដូច​បង្រៀន​ឲ្យ​ខ្លាដុះស្លាប។ ព្រោះនៅលើហ្វេសប៊ុក លោក ទៀ បាញ់ មិនអាចហាមឃាត់ មិនឲ្យទាហានទាំងនោះ មើល​ឃើញ ពីព្រឹត្តិការណ៍សង្គមផ្សេងៗ ដែលត្រូវបានបង្ហោះ នៅលើនោះឡើយ។ លោក ទៀ បាញ់ និងលោក ហ៊ុន សែន បែបប្រហែលជាភ្លេចហើយថា នៅក្នុងសង្គម ក៏មានឪពុកម្ដាយមីងមាបងប្អូន របស់ក្រុមទាហាន​ទាំង​​នោះ​ដែរ។»៕