សហភាព​អន្តរ​សភានឹង​ស៊ើបអង្កេត​ករណី​វាយ​ដំ​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង

សហភាព​អន្តរ​សភានឹង​ស៊ើបអង្កេត​ករណី​វាយ​ដំ​អ្នក​តំណាងរាស្ត្រ​បក្ស​ប្រឆាំង

រូបឯកសារ៖ លោក ​​គង់ សភា ​និង​លោក​ ញ៉យ​ ចំរើន​ ទទួល​ការ​ព្យាបាល​នៅ​បាងកក។ (ហ៊ុល រស្មី/VOA)គណៈកម្មការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អ្នក​តំណាងរាស្ត្រ​នៃ​សហភាព​អន្តរ​សភាក៏​នឹង​ពិនិត្យ​ទៅ​លើ​ភាព​ស្រប​ច្បាប់​នៃ​ចំណាត់​ការ​ថ្មីៗ ដែល​ត្រូវ​ធ្វើ​ឡើង​ប្រឆាំង​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី​ ផង​ដែរ។ វ៉ាស៊ីនតោន—

គណៈកម្មការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អ្នក​តំណាងរាស្ត្រ​នៃ​សហភាព​អន្តរ​សភា នឹង​បំពេញ​បេសកកម្ម​ទៅកាន់​ប្រទេស​កម្ពុជា នៅ​ពាក់កណ្ដាល​ខែ​កុម្ភៈ​នេះ ដើម្បី​ស៊ើប​អង្កេត​សំណុំរឿង​មួយ​ចំនួន រួម​ទាំង​សំណុំ​រឿង​វាយ​ប្រហារ​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​គឺ​លោក គង់ សភា និង​ ញ៉យ​ ចំរើន​ កាល​ពី​ឆ្នាំ​មុន​ផង។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​របស់​គណៈកម្មការ​នេះ ដែល ​VOA ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៨ ​ខែ​មករា។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​នេះ​ក៏​នឹង​ពិនិត្យ​ទៅ​លើ​ភាព​ស្រប​ច្បាប់​នៃ​ចំណាត់​ការ​ថ្មីៗ ដែល​ត្រូវ​ធ្វើ​ឡើង​ប្រឆាំង​នឹង​មេដឹកនាំ​បក្ស​ប្រឆាំង គឺ​លោក សម រង្ស៊ី​ ផង​ដែរ។

ក្រៅ​ពី​ប្រទេស​កម្ពុជា គណៈកម្មការ​នេះ​ក៏​នឹង​បំពេញ​បេសកកម្ម​ទៅ​កាន់​ប្រទេស​ម៉ាល់ឌីវ និង​វេណេហ្ស៊ុយអេឡា ​ផង​ដែរ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​វិវត្ត​ទៅមុខ​ទាក់ទង​នឹង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​អ្នក​តំណាងរាស្ត្រ​នានា។

​នៅ​ក្នុង​សេចក្ដី​សម្រេចចិត្ត​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មការ​នៃ​សហភាព​អន្តរ​សភា​ នៅ​ក្នុង​អំឡុង​កិច្ច​ប្រជុំ​រយៈពេល​បី​ថ្ងៃ​របស់​ខ្លួន​ស្ដី​ពី​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​អ្នក​តំណាងរាស្ត្រ​ចំនួន​៤០​នាក់ គណៈកម្មការ​នេះ បាន​ផ្ដល់​អាទិភាព​ទៅលើ​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អ្នក​តំណាងរាស្ត្រ​នៅ​ក្នុង​ប្រទេស​ទាំង​បី​ខាង​លើ​មុន​គេ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​នេះ៕