អង្គការ​សុខភាព​ពិភពលោក៖ មេរោគ Zika កំពុង​តែ​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង​​នៅ​ទ្វីប​អាមេរិក

អង្គការ​សុខភាព​ពិភពលោក៖ មេរោគ Zika កំពុង​តែ​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង​​នៅ​ទ្វីប​អាមេរិក

បុគ្គលិក​ម្នាក់​នៅ​មន្ទីរ​ពិសោធ​របស់​វិទ្យាស្ថាន Fiocruz ចាប់​សត្វ​មូស​ប្រភេទ Aedes ទុក​ប្រើប្រាស់​ក្នុង​ការ​ស្រាវជ្រាវ​នៅ​ក្នុង​ក្រុង Recife រដ្ឋ Pernambuco ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦។

អង្គការ​សុខភាព​ពិភពលោក​ (WHO) បាន​ព្រមាន​អំពី​មេរោគ Zika ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ អាច​បណ្តាល​ឲ្យប៉ះពាល់​ដល់​សុខភាព​ពី​កំណើត​នោះ កំពុង​តែ​ឆ្លង​រាលដាល​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​ទ្វីប​អាមេរិក ​និង​អាច​ប៉ះពាល់​ដល់​មនុស្ស​រហូត​ដល់​ចំនួន​៤​លាន​នាក់។

អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា មេរោគ​ដែល​ឆ្លង​តាមរយៈ​មូស​មួយ​នេះ ដំបូង​ឡើយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​មនុស្ស​នោះ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​មេរោគ​នេះ​រាលដាល​យ៉ាង​ឆាប់​រហ័ស វា​បាន​គំរាមកំហែង​ដល់​សុខភាព​សាធារណៈ​ និង​ធ្វើ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់។ ​

លោកស្រី Margaret Chan អគ្គ​នាយក​ទីភ្នាក់ងារ​សុខភាព​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ បាន​មាន​ប្រសាសន៍​ថា មេរោគ Zika ត្រូវ​បាន​រក​ឃើញ​ដំបូង​បំផុត​នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់ដា (Uganda) កាល​ពី​ឆ្នាំ​១៩៤៧ ហើយ​ចាប់តាំង​ពី​ពេល​នោះ​មក វា​បាន​ឆ្លង​រាលដាល​ទូទាំង​ពិភពលោក ហើយ​ក្នុង​ពេលប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មេរោគ​នេះ​បានប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទរបស់​មនុស្ស។

ស្ត្រី​មាន​គភ៌​រាប់​ពាន់​នាក់​ដែល​បាន​ឆ្លង​មេរោគ​នេះ​បាន​ផ្តល់​កំណើត​ដល់​ទារក​ដែល​ពិការ​យ៉ាង​ធ្ងន់ធ្ងរ។​

លោកស្រី Chan បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​នៅ​ទីក្រុង​ហ្សឺណែវ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា មេរោគ Zika កំពុង​តែ​ឆ្លង​រាលដាល​យ៉ាង​ខ្លាំង​នៅ​ទ្វីប​អាមេរិក។ លោកស្រី​បាន​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​ជា​បន្ទាន់​មួយ​ជាមួយ​នឹង​ក្រុម​អ្នក​ជំនាញការ​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ។

នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​តេស្ត​ជា​បន្ទាន់​ដើម្បី​បង្កើត​ថ្នាំ​បង្ការ​ និង​ថ្នាំ​ព្យាបាល​មេរោគ Zika ដែល​មក​ទល់​នឹង​ពេល​នេះ​មេរោគ​នេះ​នៅ​តែ​មិន​ទាន់​អាច​ព្យាបាល​បាន​នៅ​ឡើយ​ទេ៕