លោក Van Gaal ត្រៀម​សម្រាប់​ការ​ជួប​ជា​មួយ Derby ក្នុង FA Cup

លោក Louis van Gaal អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Manchester United បាន​វិល​ទៅ​កាន់​ការ​​ងារ​របស់​លោក​ម្តង​ទៀត នៅ​មុន​ពេល​ការ​ប្រកួត FA Cup ជុំ​ទី​បួន​របស់​ក្រុម​លោក​នៅ​លើ​ទឹក​ដី​ក្រុម​ស្ថិ​តក្នុង​ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​២ Derby County នៅ​រាត្រី​នេះ​។

van-gaalការ​រង​បរា​​ជ័យ​យ៉ាង​ខក​ចិត្ត​​កាល​ពី​ថ្ងៃ​សៅរ៍ ក្នុង​ផ្ទះ​​ខ្លួន​ឯង​​ក្រោម​ស្នា​ដៃ​ក្រុម Southampton បាន​ឲ្យ​មាន​ការ​ចេញ​ផ្សាយ​ព័ត៌​មាន​ថា លោក Van Gaal បាន​ស្នើ​លា​លែង​ពី​តំណែង ហើយ​បើ​ទោះ​បី​ព័ត៌​មាន​ចេញ​ផ្សាយ​ទាំង​នោះ​ត្រូវ​បាន​​ចាត់​ទុក​ថា មិន​មាន​ភាព​ត្រឹម​ត្រូវ​ដោយ​​មន្ត្រី​ក្នុង​ក្លិប​នេះ​ក៏​ដោយ ប៉ុន្តែ ការ​រង​បរា​ជ័យ​នៅ​ឯ​ក្លិប Derby នឹង​ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​​នេះ​កើត​ឡើង​ម្តង​ទៀត​។ Man United បាន​ត្រូវ​ការ​​គ្រាប់​បាល់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Wayne Rooney ដើម្បី​យក​ឈ្នះ​លើ​ក្រុម​ស្ថិ​តក្នុង​ក្រប​ខ័ណ្ឌ​លំ​ដាប់​ទី​៣ Sheffield United ក្នុង​ការ​ប្រកួត​ជុំ​ទី​៣ ហើយ​ប្រធាន​ក្រុម​របស់ Man United រូប​នេះ កំពុង​តែ​គិត​ពី​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​មួយ​ផ្សេង​ទៀត​នៅ​ឯ​​កីឡ​ដ្ឋាន iPro ដែល​ជា​កន្លែង​ក្រុម Man United ធ្លាប់​ទទួល​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ៤-១ ក្នុង​ការ​ប្រកួត​ជុំ​ទី​៥​កាល​ពី​ឆ្នាំ​២០០៩​។ Rooney បាន​ប្រាប់​ទូរ​ទស្សន៍ MUTV ថា៖ «ដូច​ដែល​យើង​បាន​លេង​នៅ​ទី​នោះ​កាល​ពី​មុន​អ៊ី​ចឹង យើង​ដឹង​ថា វា​នឹង​​ក្លាយ​ជា​ការ​ប្រកួត​ដ៏​​លំ​បាក​មួយ​ជា​មួយ​នឹង​បរិ​យា​កាស​ដ៏​ល្អ​នៅ​រាត្រី​ថ្ងៃ​សុក្រ​»​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់​គ្លេស​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​ប្រាកដ​ចិត្ត​ថា ពួគ​គេ​នឹង​​ត្រៀម​រួច​រាល់​សម្រាប់​​ការ​ប្រកួត​នេះ​រួម​ជា​មួយ​នឹង​អ្នក​គាំ​ទ្រ​ដ៏ច្រើន​របស់​ពួក​គេ ហើយ​​យើង​នឹង​​ត្រៀម​សម្រាប់​ការ​ប្រកួត​នេះ​ដែរ​ ខណៈ​ដែល​យើង​មាន​​បទ​ពិសោធ​​លើ​ការ​ប្រកួត​បែប​នេះ​។ កីឡាករ​ដែល​បាន​ចូល​រួម​ជា​មួយ​នឹង​យើង​កាល​ពី​ឆ្នាំ​មុន និង​លេង​ជា​មួយ​នឹង​ក្រុម Cambridge និង Yeovil នឹង​បាន​​ឃើញ​ថា ការ​ប្រកួត FA Cup បែប​នេះ ដែល​ជា​ការ​ប្រកួត​​ដ៏​ស្វិត​ស្វាញ​មួយ​ជាង​ការ​ប្រកួត​បាល់​ទាត់​ធម្មតា​»​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​២:៥៥​ទៀប​​ភ្លឺ​៕

ការ​ជួប​គ្នា​៣​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ

15.02.09 Derby 1-4 Manchester United
21.01.09 Manchester United 4-2 Derby
08.01.09 Derby 1-0 Manchester United