បាញ់​រះ​ដូច​ព្យុះ​ចោរហារយ​ប្លន់​ផ្ទះ​លក់​គ្រឿងទេស​យក​បាន​ប្លា​ទី​ន​1,3​តម្លឹង បាញ់​ស្លាប់​1​របួស​3

បាញ់​រះ​ដូច​ព្យុះ​ចោរហារយ​ប្លន់​ផ្ទះ​លក់​គ្រឿងទេស​យក​បាន​ប្លា​ទី​ន​1,3​តម្លឹង បាញ់​ស្លាប់​1​របួស​3

ខេត្តបាត់ដំបង ៖ ក្រុម​ចោរប្លន់​មិន​ស្គាល់​មុខ​ចំនួន​៥​នាក់​ប្រដាប់​ដោយ​កាំភ្លើង​វែង​-​ខ្លី​ចំនួន​៣​ដើម មាន​ទាំង​ដែក​ស្បែង​ផង បាន​សម្រុកចូល​ទៅ​បាញ់​រះ​ដល់​ក្នុងផ្ទះ​លក់​គ្រឿងទេស​មួយ​កន្លែង បណ្ដាល​ឱ្យ​ម្ចាស់ផ្ទះ​ម្នាក់​ស្លាប់​និង​៣​នាក់​ទៀត​រង​របួសធ្ងន់​និង​ស្រាល ហើយ​ធ្វើ​សកម្មភាព​ប្លន់​យក​គ្រឿងអលង្ការ​អស់​ជាង​១​តម្លឹង​ប្លា​ទី​ន រួច​នាំ​គ្នា​រត់គេច​ខ្លួន​ចូល​ក្នុង​ចម្ការ​ដំឡូង​មី​នៅ​ក្បែរ​នោះ បាត់​ដោយ​សុវត្ថិភាព​កាលពី​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​២៧ មក​រា នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ។ 

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​ដែល​រង​នូវ​អំពើ​ប្លន់​យ៉ាង​សាហាវ​នោះ​ឈ្មោះ កូយ សេង​លី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​អ្នកលក់​គ្រឿងទេស រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ តាម​សេចក្ដីរាយការណ៍​បន្ត​ថា ក្រុម​ចោរ​មាន​គ្នា​៥​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាការ​១​ដើម កាំភ្លើងខ្លី​២​ដើម និង​ខ្លះ​មាន​កាន់​ដែក​ស្បែង​ផង បាន​សម្រុកចូល​តាម​ទ្វាររបង​មុខ​ផ្ទះ ហើយ​ធ្វើការ​បាញ់​ទៅ​លើ​ម្ចាស់ផ្ទះ​ដោយ​គ្មាន​ប្រណី​ដៃ ខណៈ​ម្ចាស់ផ្ទះ​កូន ក្មួយ និង​ដន្លង​កំពុង​អង្គុយ​ផឹកស៊ី​នៅ​ខាង​មុខ​ផ្ទះ បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​និង​រង​របួស រួច​ធ្វើ​សកម្មភាព​ប្លន់​តែ​ម្ដង ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រោយ​ពេល​បាញ់​រះ​បណ្ដាល​ឱ្យ​ម្ចាស់ផ្ទះ​ស្លាប់​និង​របួស  ក្រុម​ចោរប្លន់​យក​បាន​តែ​ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ និង​ចិញ្ចៀន​ប្លា​ទី​ន​១​វង់ ពី​ជន​រង​គ្រោះ​ប៉ុណ្ណោះ រួច​នាំ​គ្នា​រត់គេច​ខ្លួន​ចូល​ក្នុង​ចម្ការ​ដំ​ឡូ​មី​នៅ​ក្បែរ​នោះ​បាត់​ទៅ ។

ប្រភព​ពី​សាក្សី ដែល​បាន​ស្រង់​សម្ដី​ជន​រង​គ្រោះ​បាន​និយាយ​ថា ពេល​ដែល​ក្រុម​ចោរ​សម្រុកចូល​ទៅ​បាញ់​រះ​ប្លន់​យក​ទ្រព្យសម្បត្តិ​នោះ គឺ​ពួក​គាត់​កំពុង​ផឹកស៊ី​តិចតួច​នៅ​ខាង​មុខ​ផ្ទះ​ជុំ​បងប្អូន ។ ប្រភព​ដដែល​បន្ត​ថា ពេល​ដែល​ក្រុម​ចោរ​បាញ់​រះ​គ្មាន​ប្រណី​ដៃ គឺ​ពួក​គាត់​ខ្លះ ទោះបី​បាន​ត្រូវ​រង​របួស​ក្ដី ក៏​ពួក​ចោរ​បាន​បង្ខំ​ឱ្យ​ពួក​គាត់​ចូល​ទៅ​ក្នុងផ្ទះ​ទាំងអស់ ។ ប៉ុន្តែ​ជាមួយនឹង​ការ​បាញ់ ពួក​ចោរ ក៏​បាន​ភ្ជង់​គំរាម​ឱ្យ​ប្រគល់​មាសប្រាក់ និង​បើក​ទូដែក​យក​ទ្រព្យសម្បត្តិ​ឱ្យ​វា​ដែរ តែ​ដោយសារ​មានការ​យឺតយ៉ាវ ទើប​ពួក​ចោរ​ឈាន​ដល់​ការ​បាញ់​សម្លាប់ និង​ប្រើ​ដែក​ស្បែង​វាយដំ​លើ​ពួក​គាត់​រហូត​របួស​ធ្ងន់ធ្ងរ ។ ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ដោយសារ​ទូដែក​មិន​អាច​បើក​បាន ម្យ៉ាង​ស្ថិត​ក្នុង​ស្ថានភាព​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង​ផង  ទើប​ក្រុម​ចោរ​ស្ទុះ​ទៅ​ដោះ​យក​ខ្សែ​.​ក​ប្លា​ទី​ន​១​ខ្សែ ទម្ងន់​១​តម្លឹង​ប្លា​ទី​ន និង​ចិញ្ចៀន​ប្លា​ទី​ន​១​វង់ ទម្ងន់​៣​ជី ពី​ពួក​គាត់ រួច​នាំ​គ្នា​រត់គេច​ខ្លួន​ចូល​ព្រៃ​ដំឡូង​មី​នៅ​ខាងក្រោយ​ភូមិ បាត់​ស្រមោល​ទាំង​យប់​ទៅ ។

នៅ​ជុំវិញ​ទីតាំង​កើតហេតុ បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រុម​ចោរ​បាន​ប្រើប្រាស់​អាវុធ​វែង​-​ខ្លី​បាញ់​រះ​ចំនួន​៩​គ្រាប់​ចាប់តាំងពី​សម្រុកចូល​ដល់​ខាង​មុខ​ផ្ទះ​ភ្លាម រហូត​ពេល​កំពុង​ធ្វើ​សកម្មភាព ។ នៅ​កន្លែង​កើតហេតុ​គេ​បាន​រក​ឃើញ​សំបក​គ្រាប់​កាំភ្លើងខ្លី​ចំនួន​៤​គ្រាប់ និង​កាំភ្លើង​អាកា​ចំនួន​៥​គ្រាប់​ជា​វត្ថុ​តាង ។ ដោយឡែក​ជន​រង​គ្រោះ​ទាំង​៤​នាក់ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា ១-​ឈ្មោះ កូយ សេង​លី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​ម្ចាស់ផ្ទះ ២-​ឈ្មោះ អឿ​ង ម៉េ​ង​ជុង ភេទ​ប្រុស ទាំង​២​នាក់​នេះ​រង​របួសធ្ងន់ ដោយសារ​ចោរ​វាយ​នឹង​ដែក​ស្បែង ៣-​ឈ្មោះ​ផុ​ន ឡៃ​ម៉េ​ង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ របួសស្រាល ដោយសារ​ចោរ​បាញ់​ត្រូវ​ជើង និង​៤-​ឈ្មោះ ស៊ា​ង ភុ​ន ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ ជា​ដន្លង​ម្ចាស់ផ្ទះ ត្រូវ​ចោរ​បាញ់​ចំ​ដើមទ្រូង​របួសធ្ងន់ ហើយ​បាន​ស្លាប់​តាម​ផ្លូវ​ពេល​សាច់ញាតិ​ព្យាយាម​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ ។

ជុំវិញ​អំពើ​ប្លន់​បាញ់​សម្លាប់​យ៉ាង​សាហាវ​ខាងលើ​នេះ ស្នងការ​រង​ខេត្ត​លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ដែល​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ទាំង​យប់ បាន​មាន​ប្រសា​ស​ដោយ​ទ​ទូល​ស្គាល់​ថា «​អំពើ​ប្លន់​នេះ​ពិតជា​សាហាវ​មែន​» ។ លោក​ថា បើ​តាម​ការ​បំភ្លឺ​ពី​ជន​រង​គ្រោះ គឺ​ក្រុម​ចោរ​បាន​សម្រុកចូល​ដល់​ខាង​មុខ​ផ្ទះ​ចាប់ផ្ដើម​បាញ់​រះ​គ្មាន​ប្រណី​ដៃ​តែ​ម្ដង​។ ជាមួយនឹង​ការ​បាញ់​យ៉ាង​ឃោ​ឃៅ​នេះ ក្រុម​ចោរ​ក៏​បាន​រុញច្រាន​បង្ខំ​ឱ្យ​ជន​រង​គ្រោះ​ទាំងអស់ ដែល​កំពុង​អង្គុយ​ផឹកស៊ី​នៅ​ខាងក្រៅ ឱ្យ​ចូល​ទៅ​ក្នុងផ្ទះ​រួច​បាញ់​គំរាម​បន្ថែម បង្ខំ​ឱ្យ​ជន​រង​គ្រោះ​ប្រគល់​ទ្រព្យសម្បត្តិ ខណៈ​ជន​រង​គ្រោះ​ខ្លះ​ក៏​ត្រូវ​របួស​ទៅ​ហើយ ។

លោក ជេ​ត វណ្ណ​នី បាន​បញ្ជាក់​ដែរ​ថា ក្រុម​ចោរ​បាន​បង្ខំ​ឱ្យ​ជន​រង​គ្រោះ​បើក​ទូដែក​ដើម្បី​ប្រមូល​ទ្រព្យសម្បត្តិ​ឱ្យ​ពួក​វា តែ​អ្នក​កាន់​ទូដែក​រង​របួស​មិន​អាច​បើក​បាន ហើយ​សភាព​ការ​ណ៏​ក៏​កាន់តែ​ភ្ញាក់ផ្អើល​ខ្លាំង ទើប​ពួក​វា​បង្ខំចិត្ត​ដោះ​យក​គ្រឿងអលង្ការ​ពី​ជន​រង​គ្រោះ​បាន​បន្តិចបន្តួច រួច​គេចខ្លួន​ភ្លាម​ៗ​ចូល​ក្នុង​ចម្ការ​ដំឡូង​នៅ​ក្បែរ​នោះ​តែ​ម្ដង ។ លោកស្នងការ​រង​បាន​បញ្ជាក់​បន្ថែម​ថា ពេល​នេះ​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន បាន​និង​កំពុង​តាម​រក​តម្រុយ​មួយ​ចំនួន​នៅ​តំបន់​នោះ​យ៉ាង​ដុត​ដៃ ដុត​ជើង​បំផុត ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត តែ​មិន​ទាន់​ប្រាកដប្រជា​រក​ឃើញ​នៅឡើយ​ទេ ។ លោក​ថា ក្រុម​ចោរ​ហារ​រយ​បាន​ប្លន់​យក​គ្រឿងអលង្ការ​ជាង​១​តម្លឹង​ប្លា​ទី​ន​ប៉ុណ្ណោះ តែ​ធ្វើ​សកម្មភាព​ហាក់ដូចជា​សាហាវ​បំផុត ។

សូម​បញ្ជាក់​ថា អំពើ​ប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើតឡើង​ផ្ទូ​ន​ៗ​ចំនួន​៣​លើក​ហើយ គ្រាន់តែ​ក្នុង​រយះ​ពេល​១​ខែ ដើមឆ្នាំ​២០១៦​នេះ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៤​មក​រា ដល់​ថ្ងៃ​ទី​២៧ មក​រា ខណៈ​ការ​បង្ក្រាប​របស់​កម្លាំង​សមត្ថកិច្ច​ហាក់​មិន​ទាន់​ទ​ទូល​បាន​លទ្ធផល​អ្វី​ធំដុំ​សោះ ។ ករណី​ប្លន់​ប្រដាប់​អាវុធ​លើក​ទី​១ បាន​កើតឡើង​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៤​មក​រា នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល បង្ក​ឡើង​ដោយ​ជន​បិត​មុខ​ចំនួន​៣​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា​១​ដើម និង​កាំភ្លើងខ្លី​២​ដើម​។ ជន​រង​គ្រោះ​ឈ្មោះ សិលា សៅ​កង ហៅ​តា​កង អាយុ​៦០​ឆ្នាំ គឺជា​គ្រូទាយ​ដ៏​ល្បីឈ្មោះ ដោយ​ក្រុម​ចោរ​ចាប់ចង​២​នាក់​ប្ដី​ប្រពន្ធ និង​វាយដំ​គ្មាន​ប្រណី​ដៃ រួច​ប្លន់​យក​លុយកាក់ និង​គ្រឿងអលង្ការ​គ្រប់​ប្រភេទ គិត​ជា​ទឹកប្រាក់​អស់​រាប់​ម៉ឺន​ដុល្លារ ។ ក្រុម​ចោរ​បាន​គេចខ្លួន​ដោយ​សុវត្ថិភាព​រហូត​ថ្ងៃ​រះ ទើប​ដឹង​ដល់​សមត្ថកិច្ច ។ មិន​ទាន់​បាត់​ធំក្លិន​ក្រុម​ចោរ​ដែល​ប្លន់​ផ្ទះ​គ្រួ​ទាយ​ដ៏​ល្បីឈ្មោះ​ផង ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​១៣ មក​រា ក្រុម​ចោរ​ចំនួន​៣​នាក់ ដែល​មាន​ភិនភាគ​ដដែល​ៗ​បាន​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​ជា​លើក​ទី​២ នៅផ្ទះ​កសិករ​ក្រីក្រ​មួយ​កន្លែង​នៅ​ភូមិ​ស្លា​ស្លាក់ ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ។ ម្ចាស់ផ្ទះ​ឈ្មោះ អោម ពត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទើប​លក់​ស្រូវ​បាន​ប្រាក់​ក្ដៅ​ហុយ​ៗ​ជាង​១០​ម៉ឺន​បាត និង​បាន​សងបំណុល​គេ​អស់​មួយ​ចំនួន​ធំ​សល់​តែ​ជាង​៣​ម៉ឺន​បាត​ប៉ុណ្ណោះ​។ លុះ​យប់​ឡើង​ក៏​ត្រូវ​ក្រុម​ចោរ​ខាងលើ​ចូល​ទៅ​ភ្ជង់​ប្លន់​យក​លុយ​បង្ហើយ​ល្មម ហើយ​ក្រុម​ចោរ​គេចខ្លួន​តាម​សម្រួល​ដោយ​សុ​ត្ថិ​ភាព​ទៀត ។

ស្ថានភាព​ប្លន់​នេះ ចោរហារយ​ហាក់​ផ្អាក​ធ្វើ​សកម្មភាព​មួយ​រយៈ ចាប់តាំងពី​ករណី​ប្លន់​លើក​ទី​២​នៅ​ស្រុក​ថ្មគោល រីឯ​កម្លាំង​សមត្ថកិច្ច​ក៏​ហាក់​បាន​ធូរស្រាល​អារម្មណ៍​បន្តិច​ដែរ ។ ប៉ុន្តែ​ភ្លេចខ្លួន​ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​២៧​មក​រា​នេះ ក្រុម​ចោរ​ហារ​រយ​មួយ​សម្បុក​ថ្មី​ទៀត ប្រដាប់​ដោយ​កាំភ្លើង​វែង​ខ្លី​បាន​សម្រុកចូល​ទៅ​បាញ់​រះ​គ្មាន​ប្រណី​ដៃ ដល់​ក្នុងផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង​នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​រង​របួស និង​ប្លន់​យក​គ្រឿង​ប្លា​ទី​ន​ជាង​១​តម្លឹង ហើយ​គេ​ខ្លួន​ដោយ​សុវត្ថិភាព​ដដែល ។ 

នៅ​ក្នុង​ករណី​ប្លន់​ប្រដាប់​អាវុធ​ទាំង​៣​លើក ក្នុង​ខែមករា បើ​គិត​ត្រិ​ម​ថ្ងៃ​ទី​២៨ មក​រា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​ហាក់​នូវ​មិន​ទាន់​បង្ក្រាប​បាន​មួយ​ករណី​ណា​នៅឡើយ​ទេ ខណៈ​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​ចោរ​បាញ់​សម្លាប់ និង​ជា​ច្រើន​នាក់​ទៀត ត្រូវ​ក្រុម​ចោរ​វាយដំ​ឱ្យ​មាន​របួសធ្ងន់​និង​ស្រាល ។ អំពើ​ប្លន់​ប្រដាប់​អាវុធ​ដែល​បាន​កើតឡើង​ផ្ទូ​ន​ៗ ហើយ​សមត្ថកិច្ច​មិន​អាច​ទប់ស្កាត់ និង​នៅ​តែ​មិន​ទាន់​អាច​បង្ក្រាប​បាន​ជន​ដៃដល់​ណា​ម្នាក់​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​អាជីវករ​លក់ដូរ ក៏​ដូច​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​នានា កំពុង​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​បញ្ហា​អសន្តិសុខ​នៅ​ក្នុង​មូលដ្ឋាន ។ ព្រោះ​ក្រុម​ចោរលួច ចោរប្លន់​ចោរហារយ​ហាក់​កំពុង​រីក​រាលដាល​បង្កើន​សកម្មភាព​កាន់តែ​ខ្លាំង​នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ។  ប្រជាពលរដ្ឋ​សង្ឃឹមថា ការ​ប្រឹងប្រែង​របស់​សមត្ថកិច្ច​នា​ពេល​នេះ នឹង​ទទួល​បាន​លទ្ធផល​ល្អជា​មិន​ខាន ។

ដក​អធិការ​ស្រុក​កំ​រៀង​គ្រវែង​ចោល

លោក​ឧត្តមសេនីយ៍ទោ ស ថេ​ត ស្នងការ​នគរបាល​ខេត្ត បាន​ប្រជុំ​សម្រេច​ប្រកាស​ដក​តំណែង​លោក ផា​ន់ ចាន់​ណា​រ៉ា អធិការ​នគរបាល​ស្រុក​កំ​រៀង នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា ដែល​ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ស្នងការដ្ឋាន​ខេត្ត​តែ​ម្ដង បន្ទាប់​ពី​លោក​អធិការ​រូប​នេះ អវត្តមាន​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ខណៈ​ពេល​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​បាន​កើតឡើង​ដើម្បី​ជា​គំរូ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​២៧ មក​រា ដែល​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​កើតឡើង គឺ​ស្រប​ពេល​ដែល​លោក ផា​ន់ ចាន់​ណា​រ៉ា អធិការ​ស្រុក​កំ​រៀង កំពុង​ដើរ​លេង​សប្បាយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយ​គ្មាន​ច្បាប់ទម្លាប់​ឡើយ ។ លុះ​ពេល​លោកស្នងការ​រង និង​លោកស្នងការ​ខេត្ត​ទូរស័ព្ទ​សួរនាំ​អំពី​ករណី​ចោរប្លន់​នេះ លោក​អធិកា​រូប​នេះ​ឆ្លើយ​ថា មិន​បានដឹង ។ ដូច្នេះ​ហើយ​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មក​រា លោកស្នងការ​បញ្ជា​ឲ្យ​ការិយាល័យ​បុគ្គលិក​ហៅ​លោក​អធិការ​រូប​នេះ​មក​សួរនាំ​អំពី​ច្បាប់ទម្លាប់​កងកម្លាំង និង​ការ​ប្រកាស​ដក​តំណែង​យ៉ាង​ទាន់ហន់​តែ​ម្តង ។

ជាមួយនឹង​ការ​ដក​តំណែង​លោក​អធិការ​ស្រុក​កំ​រៀង​នេះ លោកស្នងការ​ខេត្ត ក៏​បាន​ប្រមា​ន​ដល់​លោក​អធិការ​ក្រុង និង​ស្រុក​មួយ​ចំនួន ដែល​ធ្វេសប្រហែស​នឹង​ការងារ​ដែរ ៕