សម្តេច​ហ៊ុនសែន​៖ បញ្ហា​គ្រឿងញៀន កំពុង​វាយលុក​បំផ្លាញ​អនាគត​របស់​យុវជន​

ភ្នំពេញ: ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែមករា ឆ្នាំ​២០១៦ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បានប្រកាសថា បញ្ហា​គ្រឿងញៀន កំពុង​វាយលុក​បំផ្លាញ​អនាគត​របស់​យុវជន​ខ្មែរ​។ សម្តេច​បាន​អំពាវនាវ​ដល់​យុវជន​ឲ្យ​គិត​ខ្លួនឯង គេច​ពី​គ្រឿងញៀន ព្រោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច បាន​ខិតខំ​យ៉ាងខ្លាំង​ហើយ ដើម្បី​ទប់ស្កាត់​គ្រឿងញៀន និង​មាន​វិធានការ​អប់រំ​ផង និង​វិធានការ​ផ្លូវច្បាប់​ផង ដែលមាន​ការចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​សម្រាប់​អ្នកជួញដូរ និង​ចែកចាយ​គ្រៀង​ញៀន ព្រមទាំង​រៀបចំ​មណ្ឌល ដើម្បី​ធ្វើ​នីតិសម្បទារ​អ្នក​ដែល​ញៀន​គ្រឿងញៀន​។  

​សម្តេច​ហ៊ុនសែន បាន​លើកឡើងថា "​បញ្ហា​គ្រឿងញៀន បាន​ក្លាយជា​ប្រធានបទ​ដ៏​ធំ​របស់​ពិភពលោក របស់​តំបន់ និង​នៅតាម​ប្រទេស​នីមួយៗ​។ ដោយឡែក សម្រាប់​កម្ពុជា​យើង គ្រឿងញៀន បាន និង​កំពុង​វាយលុក​បំផ្លាញ​អនាគត របស់​យុវជន យុវនារី​មួយចំនួន ដែល​ធ្វើអោយ​ពួកគេ​ក្លាយជា​ជនរងគ្រោះ បណ្តាលមកពី​ពួកឧក្រិដ្ឋជន ដែល​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​។ នៅក្នុង​ស្ថានភាព​បែបនេះ បាន​ដាក់អោយ​មាតាបិតា អាណាព្យាបាល​របស់​យុវជន យុវនារី ដែល​ញៀន​គ្រឿងញៀន ស្ថិតក្នុង​ស្ថាន​ភាពជា​ជនរងគ្រោះ​ធ្ងន់ធ្ងរ​ជាង​កូនចៅ ដែល​រងគ្រោះ​ដោយសារ​គ្រឿងញៀន​ទៅទៀត​"​។​

សម្តេច​ហ៊ុនសែន បាន​លើកឡើងថា "​ពួកគាត់​ត្រូវ​សម្រក់​ទឹកភ្នែក ដោយសារ​កូន គាត់​ត្រូវអស់​ប្រាក់កាស ដោយសារ​កូន​គាត់ បាត់​កិត្តិយស​ដោយសារ​កូន ហើយ​កាន់តែ​ធ្ងន់ធ្ងរ​នៅពេលដែល​កូន​ទៅ​គម្រាម​ឪពុកម្តាយ និង​បាន​វាយ​ធ្វើបាប​ទារលុយ​ទៅ​ទិញ​គ្រឿងញៀន​។​ល​។​"​។​

​សម្តេច​បន្តថា "​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ខិតខំ​យ៉ាងខ្លាំង ដើម្បី​ទប់ស្កាត់​គ្រឿង​ញៀន និង​មាន​វិធានការ​អប់រំ​ផង និង​វិធានការ​ផ្លូវច្បាប់​ផង ដែលមាន​ការចាប់ខ្លួន​បញ្ជូនទៅ​តុលាការ សម្រាប់​អ្នកជួញដូរ និង​ចែកចាយ​គ្រៀង​ញៀន និង​រៀបចំ​មណ្ឌល ដើម្បី​ធ្វើ​នីតិសម្បទារ​អ្នក​ដែល​ញៀន​គ្រឿងញៀន​។ ខ្ញុំ និង​ភរិយា បាន​ចូលរួម​ផ្គត់ផ្គង់​ថវិកា​ប្រចាំខែ សម្រាប់​មជ្ឈមណ្ឌល​៣ គឺ​២ នៅ​បាត់ដំបង និង ១ នៅ​បន្ទាយមានជ័យ ដើម្បី​បន្សាប​គ្រឿងញៀន​ដល់​អ្នកញៀន​គ្រឿងញៀន​"​។​

​សម្តេច​ហ៊ុនសែន បន្តថា "​ខ្ញុំ​យល់ថា វិធានការ ដែល​ចេញពី​រាជរដ្ឋាភិបាល កម្លាំង​មាន​សមត្ថកិច្ច និង​ពី​តុលាការ រហូត​ពន្ធនាគារ វា​មិន​គ្រប់គ្រាន់​ទេ​។ ដើម្បី​បំបាត់ចោល​នូវ​គ្រឿងញៀន​នេះ និង​ដើម្បី​ធានា​ប្រសិទ្ធិភាព​បំបាត់ចោល​គ្រឿងញៀន ដើម្បី​កម្ពុជា គ្មាន​គ្រឿងញៀន គឺ​មនុស្ស​ទាំងអស់ កុំ​សេព​គ្រឿងញៀន ហើយ​គ្រប់គ្នា​ត្រូវ​ឆ្លើយថា “​ទេ​”​។ បុគ្គល​ម្នាក់ៗ មិន​ថា ចាស់ ក្មេង ប្រុស ស្រី គឺ​ត្រូវខិតខំ​ដោយ​ខ្លួនឯង​។ រីឯ​គ្រួសារ​នីមួយៗ ត្រូវ​គ្រប់គ្រង​អប់រំ​កូនចៅ នៅក្រោម​អាណាព្យាបាល​អោយបាន​ល្អ។  សាលារៀន គ្រូ សាស្ត្រាចារ្យ​ត្រូវ​ផ្តល់​ការអប់រំ ចំពោះ​សិស្ស​និស្សិត​។ ចំពោះ​សិស្ស និស្សិត តាមរយៈ​សកម្មភាព​មិត្ត​អប់រំ​មិត្ត អោយ​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន ដើម្បី​រួមចំណែក​ទប់ស្កាត់​គ្រឿងញៀន​។ ព្រះសង្ឃ ក្នុង និកាយ​ព្រះពុទ្ធសាសនា ថ្នាក់ដឹកនាំ​សាសនា​អ៊ីស្លាម គ្រូ​ប្រដៅ​សាសនា​ក្នុង​គ្រឹះ​សាសនា ក៏​អាច​ចូលរួម​ក្នុង​ការងារ​នេះ ដោយ​ការអំពាវនាវ​ដល់​បរិ​ស័​ទ​របស់ខ្លួន កុំអោយ​ប្រព្រឹត្តិ​គ្រឿងញៀន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ សិល្បៈករ សិល្បៈការិនី ពិធីការ ពី​ធី​ការ​នី​នៃ​វិទ្យុ និង​ទូរទស្សន៍ សុទ្ធតែ​មានលទ្ធភាព​ធ្វើបាន កុំអោយ​យុវជន​យុវនារី​សេព​គ្រឿងញៀន​។ ក្នុងនោះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក ( Facebook fans ) ក៏​អាច​ចូលរួម​វិភាគទាន តាមរយៈ (Comments) លើ​បញ្ហា​គ្រឿងញៀន​ផងដែរ​"​។​

​សម្តេច​ហ៊ុនសែន បាន​លើកឡើងថា "​ខ្ញុំ​យល់ថា សំខាន់ ដើម្បី​បញ្ចប់​គ្រឿងញៀន គឺ​គ្រប់ៗ​គ្នា​ត្រូវតែ​និយាយថា “​ទេ​” បដិសេធន៍​គ្រឿងញៀន នោះ​ទើប​អ្នកជួញដូរ​គ្រឿងញៀន ក៏​គ្មាន​ទីផ្សារ​ដើម្បី​លក់​គ្រឿងញៀន​ទៀត​ដែរ​។ សូម​បងប្អូន កុំ​បារម្ភ​ថា ខ្លាច​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន គ្មាន​ការងារ​ធ្វើ ឬ​ខ្លាច​តុលាការ គ្មាន​សំណុំរឿង​គ្រឿងញៀន កាត់ក្តី និង​ខ្លាច​ពន្ធនាគារ គ្មាន​មនុស្ស​ជាប់គុក ដោយសារ​គ្រឿងញៀន​"៕​

សម្តេច​ហ៊ុនសែន​៖ បញ្ហា​គ្រឿងញៀន កំពុង​វាយលុក​បំផ្លាញ​អនាគត​របស់​យុវជន​