ករណី​ប្លន់​ប្រដាប់អាវុធ និង​បាញ់ប្រហារ​កក្រើក​ឡើង នៅ​ខេត្ត​រាជធានី ចំនួន​៥

ភ្នំពេញ: អំពើ​ប្លន់​ប្រដាប់អាវុធ និង​ករណី​បាញ់ប្រហារ បាន​កក្រើក​ឡើង​ផ្ទួនៗ​គ្នា ចំនួន ៥​ករណី​ធំៗ កាលពី​យប់​ថ្ងៃទី​២៧ និង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ ដោយ​ក្នុងនោះ មានដូចជា នៅ​ខេត្តកំពង់ស្ពឺ មាន​ករណី​បាញ់រះ​ចូល​ក្រុមហ៊ុន​របស់​ឧកញ៉ា អ៊ុក ឃុន បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​មួយចំនួន​បាន​រងរបួស​។ ចំណែក​នៅ​ខេត្តបន្ទាយមានជ័យ កើតមាន​ករណី​ក្រុមចោរ​ប្រដាប់អាវុធ​បាញ់​ប្លន់​យក​ម៉ូតូ នៅ​ខាងជើង​ផ្សារ​អគ្គ​ថ្មី មុខ​ផ្សារ​ត្រី កណ្តាល​ក្រុង​ប៉ោយប៉ែត​។

​រីឯ​នៅ​ខេត្តបាត់ដំបង ក្រុមចោរប្លន់​ប្រដាប់អាវុធ​បាន​បាញ់​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​ស្លាប់ និង​៣​នាក់​ទៀត​រងរបួស​ធ្ងន់​។

​ងាក​ទៅ​ខេត្តកំពត​ឯណោះ​វិញ ខ្មាន់កាំភ្លើង បាន​បាញ់រះ​ចូលទៅ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ កាលពី​យប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត បាន​បណ្តាល​ឲ្យ​បុរស​ម្នាក់​ដាច់​ម្រាមដៃ និង​ត្រូវ​ក្បាល​។

ចាប់​អារម្មណ៍​មក​រាជធានី​ភ្នំពេញ​វិញ អាជីវករ​លក់​ពូក រស់នៅ​ខណ្ឌឫស្សីកែវ ត្រូវបាន​ចោរ​ចូល​ផ្ទះ​ប្លន់ យកលុយ​អស់​ចំនួន ៦.០០០ ដុល្លារ និង​រួមទាំង​គ្រឿងអលង្ការ មាន​តម្លៃ​មួយចំនួន កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​៩៣២ ផ្លូវជាតិ​លេខ​៥ ក្រុម​២ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ​។ នៅក្នុង​ទឹកដី​ខណ្ឌឫស្សីកែវ ដដែល កាលពី​យប់​ថ្ងៃទី​២៧​មករា ខ្មាន់កាំភ្លើង​បាន​បាញ់ប្រហារ​ទៅលើ​យុវជន​ម្នាក់ បណ្តាល​ឲ្យ​រងរបួស ស្ថិតនៅ​តាមផ្លូវ​ទំនប់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​៕​