ព្រះសង្ឃ​​​ចំណាស់​មួយ​​​អង្គ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​រំលោភ​​​ក្មេង​​​ស្រី​​​ពីរ​​​នាក់

យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​​ថា ព្រះ សង្ឃ​​​​ចំណាស់​​​មួយ​អង្គ​ដែល​ទើប​​​តែ​​​បួស​​​ក្នុង​​​ពេល​​​​​​ថ្មី​​​ៗ​បាន​​​សារភាព​​​កាល​​​ពី​​​ម្សិលមិញ​​​ថា បាន​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ​​​៩​​​ឆ្នាំ​​​ពីរ​​​នាក់​​​ជា​​​ច្រើន​​​លើក​នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​ បន្ទាប់​​​ពី​ត្រូវ​​​បាន​​​​​​ចាប់ខ្លួន​​​​​​និង​ផ្សឹក​​​​កាល​​​ពី​​​ព្រឹក​​​​​​ថ្ងៃ​​​ពុធ​​​។

ឈ្មោះ​ ឪ ថន អាយុ​​​៦៨​​​ឆ្នាំ​​​ ដែល​​​​​​​បួស​​​ជា​​​សង្ឃ​​​​បាន​ត្រឹម​​​តែ​​​មួយ​​​ខែ​​ បាន​​​មក​​​គង់​​​នៅ​​​វត្ត​​​មួយ​​​ក្នុង​​​ស្រុក​​​សំពៅ​​​លូន​​​កាល​ពី​​​ពីរ​​សប្តាហ៍​​​មុន​ ហើយ​ត្រូវគេសង្ស័យថា​បាន​​​​រំលោភ​​​ក្មេង​​​ស្រី​​​ពីរ​​​នាក់​​​ដែល​​​​មក​​​រៀន​​​នៅ​​​សាលា​​​មួយ​​​ក្នុង​​​វត្ត​​​នេះ​​ នេះ​​​បើ​​​យោង​​​តាម​​​លោក ​​​លី រម្យ អធិការ​​​រង​ស្រុក​​​នេះ​​​​។

លោក​​​បាន​​​មានប្រសាសន៍​​​ថា “សង្ឃ​​​អង្គ​​​នេះ​​​បាន​​​ល្បួង​​​ក្មេង​​​ស្រី​​​​​​ទាំង​ពីរ​​​នាក់​​​នេះ​​​ឲ្យ​​​មក​​​​​​កុដិ​​​របស់​​​ខ្លួន​​​ដោយ​​​ឲ្យ​​​នំនិង​លុយ​​​មួយ​​​ចំនួន​ទៅ​ពួក​នាង​​​​”។ លោក​​​បាន​​​បន្ថែម​ថា ​​​ឈ្មោះ​ ​​​ឪ ថន នេះ​បាន​​​រំលោភ​​​ក្មេង​​​ស្រី​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ជា​​​ច្រើន​​​លើក​​​នៅ​ថ្ងៃ​​​ទី​​​៦​​​ទី​​​៨ ​​និង​ទី​​​៩ ​​​នៅ​​​ក្នុង​​​ខែ​​​មករា​​​នេះ​​​ដោយ​​​​​​ឲ្យ​​​លុយ​​​ប៉ុន្មាន​​​ពាន់​​​រៀល​​​ទៅ​ពួក​នាង​​រាល់​​​​​​មុន​​​ពេល​​​ធ្វើសកម្មភាព​​រំលោភ​​​​។​

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់ពី​​​ឪពុក​​​ម្តាយ​​​ជន​​​រង​​​គ្រោះ​​​ទទួល​​​បាន​​​ដំណឹង​​​អំពី​​​ការ​​​ចាប់​​​រំលោភ​​​នេះ​​​ពី​​​ក្មេង​​​ៗ​​​ដទៃ​​​ទៀត​​​ ពួក​​​​​​គាត់​​​ បាន​​​សួរ​​​បញ្ជាក់​កូន​​​ៗ​​​របស់​​​ខ្លួន​​​ថា តើ​​​ពិត​​​ជា​​​មាន​​​រឿង​​​ចាប់​​​​​​រំលោភ​​​​មែន​​​ឬ​​​អត់​​​។ពេល​​​ក្មេង​​​ស្រី​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​បញ្ជាក់រួច​​​​ ឪពុក​​​ម្តាយ​​​របស់​​​ពួក​​​នាង​បាន​​​ទៅ​​​ប្តឹង​​​នគរ​​​​​​បាល​​​​​​ឃុំ​​​”។

លោក លី រម្យ បាន​​​ពន្យល់​​​ថា ដើម្បី​​​ចាប់​​​ព្រះ​​​សង្ឃ​​​អង្គ​​​នេះ​​​ឲ្យ​​​បាន ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ត្រូវ​​​តែ​​​ទៅ​​​ឃាត់​​​ខ្លួន​​ឈ្មោះ​ ឪ ថន ដល់​​​កុដិ​​​​​​​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អង្គារ មុន​​​ពេល​​​បញ្ជូន​​​គាត់​​​ទៅ​​​វត្ត​​​មួយ​​​ផ្សេង​​​ទៀត​​​នៅ​​​ព្រឹក​​​ឡើង​​​ដើម្បីផ្សឹក​​​ដោយ​​​មាន​​​ការ​​​អនុញ្ញាត​​​ពី​​​មន្ត្រី​​​​​​នៅ​​​មន្ទីរ​​​ធម្មការ​​​ និង​សាសនា​​​ខេត្ត​​​​​​។

លោក ប៊ន វណ្ណារ៉ា ស្នង​​​ការ​​​រង​​​ខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ដំបូង​​​ឡើយ​​ជន​​​សង្ស័យ​​​បាន​​​បដិសេធ​​​មិន​​​ព្រម​ទទួល​​​កំហុស​​​ទេ ​​​ប៉ុន្តែ ​​​ទី​​​បំផុត​​​បាន​​​សារភាព​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​ជជីក​​​សួរ​​​​​។ លោក​​​បាន​​​ថ្លែង​​​ថា “ជន​​​សង្ស័យ​​​បាន​​​សារភាព​​​​​​​​​ថា ខ្លួន​​​បាន​​​រំលោភ​​​​​​ក្មេង​​​ស្រី​​​ទាំង​​​ពីរ​​​នាក់​​​នេះ ហើយ​​​យើង​​​នឹង​​​បញ្ជូន​​​​​​គាត់​​​ទៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​ស្អែក​​​”។

លោក នីវ អង អនុប្រធាន​​​ភូមិ​​​ចម្ការ​​​តាប៊ុន ​​​ជា​​​កន្លែង​​​ដែល​​​វត្ត​​​នេះ​​​ស្ថិត​​​នៅ​​​បាន​​​លើក​​​ឡើង​​​​​​​​​ថា ​​​ដោយ​​​សារ​​​ឈ្មោះ​​​​ ឪ ថន ទើប​​​តែ​​​មក​​​​​​ដល់​​​ទី​​​ នេះ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​ លោក​​​ជឿ​​​ជាក់​ថា សកម្ម​​​ភាព​​​​​​ របស់​​​សង្ឃ​​​អង្គ​​​នេះ​​​មិន​​ប៉ះពាល់ដល់​ភាព​ត្រឹម ត្រូវ​របស់​ព្រះ​​​សង្ឃ​​​ផ្សេង​​​ទៀត​​​នោះ​​​ឡើយ​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​ស្គាល់​​​សង្ឃ​​​អង្គ​​​នេះ​​​ទេ​​​​​​ មុន​​​ពេល​​​ករណី​​​រំលោភ​​​សេព​​​សន្ថវៈ​​​កើត​​​ឡើង”។ លោក​​​បាន​​​បន្ថែម​ថា ឪពុក​​​ម្តាយ​​​របស់​ក្មេង​​​ស្រី​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ជា​​​កសិករ​​​ដែល​​​ធ្វើ​​​ការ​​​ស្ទើរ​​​ពេញ​​​មួយ​​​ថ្ងៃ​​​។ “ខ្ញុំ​​​លែង​​​ព្រួយ​​​បារម្ភ​​​អំពី​​​ក្មេង​​​ៗ​​ដទៃ​ទៀត​​​​នៅ​​​ក្នុង​​​ភូមិ​​​ហើយ​​​​​​ ព្រោះ​​​គាត់​​​លែង​​​នៅ​​​ក្នុង​​​វត្ត​​​នេះ​​​ទៀត​​​ហើយ​​​”។

ករណី​​​រំលោភ​​​បំពាន​​​ដែល​​​ប្រព្រឹត្ត​​​ឡើង​​​ដោយ​​​ព្រះសង្ឃ​​​​​​ត្រូវ​​​​​​បាន​ចាត់​​​ទុក​​​ជា​​​យូរ​​​មក​​​ថា​ជា​​​ករណី​​​មិន​​​ប្រក្រតី​​នៅ​ក្នុង​ជួរ​ព្រះ​សង្ឃ​ ជា​​​បញ្ហា​​​ដែល​​​​​​លេច​​​ឡើង​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ក្រោយ​​​​​​ពេល​​​ព្រះ​​​សង្ឃ​​​ជា​​​រឿយ​​​ៗ​​​បដិសេធ​ថា​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​អាស្រូវ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​ ដែល​​​កើត​​​ឡើង​​​នៅ​​​តាម​​​​​​វត្ត​​​​នានា​​​ទូទាំង​​​ប្រទេស​​​។

កាល​​​ពី​​​ដើម​​​ខែ​​​វិច្ឆិកា​​​ ឈ្មោះ​ វង្ស ចិត្រ​​​អាយុ​​​៤៦​​​ឆ្នាំ ដែលជា​​​អតីតចៅអធិការ​​​វត្ត​​​មួយនៅ​ទី​ជន​​​បទ​​​​​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​សារភាព​​​ថា បាន​​​រំលោភ​​​​​​សាមណេ​​​​​​ចំនួន​​​១០​​​អង្គ​​​ដែល​​​ស្ថិត​​​ក្រោម​​​ការ​​​មើល​​​ថែ​​​របស់​​​ខ្លួន​​​ហើយ​​​ការ​​​សើុប​​​អង្កេតមួយ​​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​ថា តើ​​​​ វង្ស ចិត្រ​ នេះ​​​មាន​​​បាន​​​ប្រព្រឹត្ត​​​ បទ​​​ល្មើស​​​ស្រដៀង​​​ៗគ្នា​​​នេះ​​​​​​​​​ដែរ​​​ ឬទេ​​​​​ពេល​​​គង់​​​នៅ​​​វត្ត​​​ផ្សេង​​​ៗ​​​ទៀត​​​នៅ​​​ទូទាំង​​​ប្រទេស​​​។

លោក​​​ អាឡាស្ទែ ហីុល​​​តុន (Alastair Hilton) ​​​​​​​​​ជា​​​​​​ទី​​​ប្រឹក្សា​​​ផ្នែក​​​បច្ចេក​​​ទេស​​​នៅ​​​អង្គការ​​​ NGO First-Step Cambodia ដែល​​​បាន​​​​​​ធ្វើ​​​ការ​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​លើ​​​ការ​​​រំលោភ​​​បំពាន​​​​​​​ជា​​​ប្រព័ន្ធ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា បាន​​​និយាយ​​​ថា ខណៈ​​​ព្រះ​​​សង្ឃ​​​ពុំ​​​​បាន​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ច្រើន​​​ជាង​ពល​​​រដ្ឋ​​​ទូទៅនោះ​​​​ ឋានៈ​​​ជា​​សង្ឃ​​​នៅក្នុង​សង្គម​​​​ បាន​​​ធ្វើ​​​ឲ្យករណី​​​របស់​​​ព្រះ​​​សង្ឃ​​​​​​ក្លាយ​​​ជា​​​ករណ​​​ី​​​ធ្ងន់​​​ធ្ងរ​​​។

លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​ដែល​​​​​​បាន​​​បួស​​​ជា​​​​សង្ឃ​​​គឺ​​​គ្រាន់​​តែ​​​ជាបុថុជ្ជន​​​​ប៉ុណ្ណោះ ​​​ហើយ​​​បុថុជ្ជន​រំលោភ​​​បំពាន​​​អ្នក​​​ដទៃ​​​អ៊ីចឹង​​​ហើយ​​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ព្រះស​​​ង្ឃ​​​ដែល​​​បាន​ប្រព្រឹត្ត​​​អំពើ​​​ខុស​​​ឆ្គង​​​ជា​​​រឿយ​​​ៗ​​​ត្រូវ​​​បាន​​​ចាត់​​​ទុ​​​កថា ជា​​”មនុស្ស​អាក្រក់​​​​”។

លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា “ពួក​​​​​​គាត់​​​ជា​​​រឿយៗ​​​តែ​​​ង​​​តែ​​​ត្រូវបាន​ចាត់​​​ទុក ឬ​​​​​​ត្រូវ​​​គេ​​​មើល​​​ឃើញ​​​ថា ជា​​​​​​មនុស្ស​​​ដែល​​​ធ្វើ​​​ឲ្យ​​​ខូច​​​សង្គម​​​ ឬ​​​ហៅ​​​ថា ជា​​​មនុស្ស​អាក្រក់​។នោះ​​​ប្រហែល​​​ជា​​​រឿង​​​ពិត​​​ ប៉ុន្តែ​​​ បញ្ហា​​​គឺ​​​នៅ​​​ត្រង់​​​ថា ​​​វា​​​ប្រហែល​​​ជា​​​កើត​​​ឡើង​​​​​​ជា​​​ប្រព័ន្ធ​​​។ ប្រសិន​​​បើ​​​យើង​​​មិន​​​បាន​​​ចាត់​​​វិធាន​​​ការ​ការ​​​ពារ​​​​​​ទេ​នោះ​ ​​គឺ​​​យើង​​​បណ្តោយ​​​ឲ្យ​​​ក្មេង​​​ៗ​​​ស្ថិត​​​ក្នុង​​​ស្ថាន​​​​​​ភាព​​​គ្រោះ​​​ថ្នាក់ហើយ​​​​”៕ ស៊ុយឈាង​​​ (រាយការណ៍​​​បន្ថែម​​​ដោយ Taylor O’Connell)

 

The post ព្រះសង្ឃ​​​ចំណាស់​មួយ​​​អង្គ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​រំលោភ​​​ក្មេង​​​ស្រី​​​ពីរ​​​នាក់ appeared first on ខេមបូឌា ដេលី.