ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបាត់ដំបង​ ៖ ប្រភព​ព័​ត៌​​មាន​ពី​មន្ត្រី​នគរបាលនៃ​ស្នងការ​ដ្ឋា​​ន​នគរបាល​ខេត្ត​ឱ្យ​​ដឹង​ថា លោក​ឧត្តមសេនីយទោ ស ថេ​ត ស្នងការ​នគរបាល​ខេត្ត បាន​​ប្រជុំ​សម្រេច​ប្រកាស​ដក​តំណែងលោក​ផា​ន់ ចាន់​ណា​រ៉ា អធិការ​នគរបាល​ស្រុក​កំ​រៀង កាលពី​​ព្រឹក​ថ្ងៃ​ទី​២៨​
មក​រា ដែល​ពិធី​នេះ​ ​​ធ្វើ​ឡើង​នៅ​ក្នុង​ស្នងការ​ខេត្ត​តែ​ម្ដង បន្ទាប់​ពី​លោក​អធិការ​រូប​នេះ គ្មាន​វត្ត​មាននៅ​ក្នុង​មូល​ដ្ឋាន​​​របស់​​ខ្លួន ខណៈ​ពេល​​​​អំពើ​ប្លន់​ប្រដាប់​អាវុធ​បាន​​កើតឡើ​ង​ ។

ប្រភព​​ដដែល​បាន​​បញ្ជាក់​​ថា  កាលពី​​យប់​​ថ្ងៃ​ទី​២៧ ​មក​រា ២០១៦ ដែល​​មាន​អំពើ​ប្លន់​ប្រដាប់​អាវុធ​កើតឡើង គឺ​ស្រប​ពេល​ដែល​លោក​​ផា​ន់ ចាន់​ណា​រ៉ា អធិការ​ស្រុក​កំ​រៀង កំពុង​ដើរ​លេង​​សប្បាយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដោយ​គ្មាន​ច្បាប់​ទម្លាប់​​ឡើយ លុះ​ពេល​លោកស្នងការ​រង និង​លោកស្នងការ​ខេត្ត​ទូរស័ព្ទ​សួរនាំ​អំពី​ករណី​ចោរប្លន់​នេះ បែ​រ​ជា​លោក​អធិកា​រូប​នេះ​ឆ្លើយ​​ថា មិន​បានដឹង​។

ដូច្នេះ​​​ហើយ ​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​មក​រា លោកស្នងការ​ខេត្ត​បញ្ជា​ឱ្យ​​ការិយាល័យ​បុគ្គលិក​ ហៅ​​​លោក​​អធិការ​រូប​​នេះ​ មក​សួរនាំ​អំពី​ច្បាប់​ទម្លាប់​នាំ​​កងកម្លាំង នឹង​ឈាន​ដល់​ការ​ប្រកាស​ដក​តំណែង​យ៉ាង​តន់​ហន់​​តែ​ម្ដង​។ បើ​មន្ត្រី​ដដែល​បាន​បញ្ជាក់​ដែរ​ថា ជាមួយ នឹង​​ការ​ដក​តំណែង​លោក​អធិការ​ស្រុក​កំ​រៀង​នេះ លោកស្នងការ​ខេត្តក៏​បាន​ប្រមា​ន​ដល់​លោក​អធិការ​ក្រុង និង​ស្រុក​មួយ​ចំនួន ដែល​​​ធ្វើ​ប្រ​ហេ​សនឹង​ការងារ​ដែរ​ ។