ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានីភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដឹកនាំ​លោក ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​​​ ដោយ​មានការ​ដឹកនាំ​កម្លាំង​ផ្ទាល់​ដោយ​លោក ឃឹម ស៊ុន​សូ​ដា អភិបាលរង​ខណ្ឌ​​ ចុះ​ទៅ​ប​ង្ក្រា​ប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​មួយ​កន្លែងដោយ​ឃាត់ខ្លួនអ្នក​ទៅ​លេង​ហ្គេ​ម​ចំនួន​១៧​នាក់​ និង​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​នៅ​តាម​ផ្លូវលំ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៨ ខែមករា ។

លោក ឃឹម ស៊ុន​សូ​ដា ​​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បន្ទាប់​ពីមាន​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​លោក​អភិបាល​ខណ្ឌ​​​ថា ​ទីតាំង​ខាងលើមាន​បើក​ហ្គេ​ម​បាញ់​ត្រី​២៤​ម៉ោង​​លើ​២៤​ម៉ោង​ ទើប​លោក​អភិបាល​ខណ្ឌ​ប្រាប់​ឲ្យ​ដឹកនាំ​កម្លាំង​ចុះ​ទៅបង្ក្រាប​ទាំង​យប់​តែ​ម្តង ។ ខណៈ​ពេល​អាជ្ញាធរ​ចុះ​ទៅ​​​ឆែកឆេរ​រក​ឃើញ​មានយុវជន​ដែល​ចូល​ទៅ​លេង​ហ្គេម​​ និង​ប្រមូលគ្នា​ជក់​គ្រឿងញៀន​បាន​ចំនួន​១៧​នាក់ (ស្រី​ម្នាក់) ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​​២ ម៉ូតូ​​​៤​គ្រឿង​​ ​​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច និង​ឧបករណ៍​ជក់​មួយ​ចំនួន​ទៀត ។

ក្រោយ​ពេល​កើតហេតុ​ជន​ពាក់ព័ន្ធ​ទាំង​ទាំង១៧​​នាក់​បាន​បញ្ជូន​ទៅ​ប៉ុស្តិ៍​​នគរបាលរដ្ឋ​បាល​​កា​កាប ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរ​បាល​​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ រីឯ​ទូ​ហ្គេ​ម​បាញ់​ត្រី និង​សម្ភារដែល​ដកហូត​បាន​រក្សា​ទុក​នៅ​សាលា​ខណ្ឌ ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ល្បែងស៊ីសង​គ្រប់​ប្រភេទ​បាន​រីក​ដុះដាល​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ព្រោងព្រាត សូ​ម្បី​តែ​សង្វៀន​​បញ្ជល់​មាន់​អាជ្ញាធរ​ចុះ​ទៅ​បង្ក្រា​ប​ពេល​​ព្រឹក ​​ថ្ងៃឡើង​រសៀល​បើក​ឡើង​វិញ​ដដែល ៕