ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសធ្ងន់ ​ដោយ​សារ​តែ​រថយន្ត​កុងតឺន័រ​​​បុក​​ម៉ូតូ​​ហើយ​រថយន្ត​បង្ក​បើក​រត់​បាត់​ដោយ​សុវត្ថិភាព កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៨ ខែមករា តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

តាម​ប្រភព​ព័​ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ​1BD-4483 បើក​ពី​​លិចទៅ​កើត​​វ៉ា​រ៉ឺ​ម៉ក​ម៉ូតូ ដែល​បើក​ស្របគ្នា​បណ្តាល​ឲ្យ​ដួល​ម៉ូតូ​ខ្ទាត​ទៅ​កណ្តាលផ្លូវ​ត្រូវ​រថយន្ត​កិន​ម៉ូតូ​ខ្ទេច​មួយ​កំណាត់​ខាង​មុខ ចំណែក​អ្នក​បើក​ម៉ូតូ​បោក​នឹង​ថ្នល់​រង​របួសធ្ងន់ ។
ប្រភព​ខ្លះ​​​និយាយ​​ថា ម៉ូតូ​រង​គ្រោះ​និង​រថយន្ត​កុងតឺន័រ​បើកបរ​បញ្ច្រាស​ទិស​គ្នា ​លុះ​មក​ដល់​ចំណុច​​កើតហេតុ​ខាងលើ​រថយន្ត​​​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ខ្ទេច​មួយ​កំណាត់ ចំណែក​អ្នក​បើក​ម៉ូតូ​ដួល​បោក​នឹង​ថ្នល់​រង​របួសធ្ងន់ ។

ក្រោយ​ពេល​កើតហេតុ​ រថយន្ត​កុងតឺន័រ​ និង​រ៉ឺ​ម៉ក​ម៉ូតូ​បើក​រត់​បាត់​ស្រមោល​នៅ​សល់​តែ​ជនរង​គ្រោះ​របួសធ្ងន់​នៅ​កន្លែង​កើតហេតុ​ ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិកឯកជន រីឯ​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ចោម​ចៅ ៕