ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ រថយន្ត​​​ដឹក​​​ទំនិញ​​ធុន​​ធំ​​២​គ្រឿង​ បាន​​បុក​គ្នា​​យ៉ាង​ពេញ​ទំហឹង​​បណ្តាល​ឱ្យ​ធ្លាក់​ចូល​ប្រឡាយ​​​ទាំង​២​គ្រឿង និង​អ្នក​បើកបរ​​ម្នាក់​​ស្លាប់​កៀប​ជាប់​ក្នុងកាប៊ីនយ៉ាងអាណោចអាធ័ម​ ដែល​ហេតុការណ៍​នេះ​កើតឡើង​ កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​​ថ្ងៃ​ទី​២៩ មក​រា ២០១៦ ស្ថិតនៅ​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ។

ប្រភព​ឱ្យ​ដឹង​ថា អ្នកបើកបរ​ដែល​ស្លាប់​ឈ្មោះ​គង់ ផល អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្រែ​ននោង ឃុំ​ស្រែ​ននោង ខេត្តតាកែវ បើក​រថយន្ត​ម៉ាក​ហ៊ី​ណូ​ ដឹក​ទំនិញ​របស់​ក្រុមហ៊ុន LM ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-0093 ។ ចំណែក​អ្នក​បើករថយន្ត​បង្ក​ មិន​ត្រូវ​ស្គាល់​ឈ្មោះបាន​គេចខ្លួន​បាត់ ទុក​តែ​រថយន្ត​ម៉ាក​ហ្វ៊ុ​យ​ហ្ស៊ូ ពណ៌​លឿង ពាក់​ស្លាក​លេខ​3C-2236 ដែល​ជា​របស់​ក្រុម ​ផាត់ ប៊ុ​ន ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ទាំង​២​ មាន​ដឹក​ទំនិញ​ដូច​គ្នា​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិលេខ៤ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា លុះ​មក​ចំណុច​កើតហេតុ រថយន្ត​បង្ក​បាន​បើក​វ៉ាតែ​មិន​ប្រយ័ត្ន ទើប​បណ្តាល​ឱ្យ​បុក​គ្នា​ពេញទំហឹង​តែ​ម្តង ។