ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្ត​ប៉ៃលិន ៖ អាជ្ញាធរ​​ខេត្ត​សន្យា​​ទប់​ស្កាត់ និង​បង្ក្រាប​ឱ្យ​ខាង​តែ​បាននូវរាល់​​បទល្មើស​ព្រៃឈើ បទល្មើស​គ្រឿងញៀន ល្បែង​ស៊ី​សង​​គ្រប់​​ប្រភេទ និង​បទល្មើស​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដើម្បី​អនុវត្ត​នយោបាយ  «​ភូមិ-ឃុំ​មាន​​សុវត្ថិភាព​» ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ហើយនឹង​​លើកកម្ពស់​បច្ចេកទេស​​កសិកម្ម​ដល់​ប្រជា​កសិករ ឱ្យធ្វើ​ការ​ដាំ​ដុះ​តាម​បច្ចេកទេស​​ក​សិ​កម្ម​ទំនើប ។

ស្វែងរ​ក​ទីផ្សារ​លក់ដូរ​​ផលិតផល​កសិកម្ម​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ថែម​ទាំង​​សម្របសម្រួល​ដល់​មីក្រូហិរញ្ញវត្ថុ​​ទាំង​អស់ ដែល​ធ្វើ​សកម្ម​ភាព​នៅ​ក្នុង​​ខេត្ត ឱ្យ​មានការ​យោគយល់​​អធ្យាស្រ័យ​ខ្ពស់​ដល់​ប្រជា​កសិករ ក្នុង​ការ​សងបំណុល​គេ​ផង​ដែរ ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​ក្នុង​ពិធី​ស​ន្និបាត​បូក​​សរុប​លទ្ធផល​​ការងារ​ប្រចាំ​ឆ្នាំ​​២០១៥ និង​​លើក​ទិស​ដៅ​ការងារ​​ឆ្នាំ​២០១៦ នៅ​ក្នុង​សាល​ប្រជុំ​សាលាខេត្ត កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ​មករា ​២០១៦ ដោយ​មាន​ការ​អញ្ជើញ​ចូ​ល​រួម​ពី​កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការ​មក​ពី​មន្ទីរ​ជុំវិញ​ខេត្ត​យ៉ាង​ច្រើន​កុះករ ។